ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ លំនៅឋាន ប្រជាពលរដ្ធជាង ៤០ខ្នងបានរងការ ខូចខាត ខណៈ ម៉ូតូ ស៊េរីទំនើបៗជាង ៣០គ្រឿង ដែលលក់ក្នុង ហាងមួយកន្លែង ត្រូវបង្គោលអង់តែន ទូរស័ព្ទចល័តដួលរលំ សង្កត់លើដែរ បន្ទាប់ពីមានភ្លៀង ធ្លាក់លាយឡំនឹង ខ្យល់កន្ត្រាក់ ខ្លាំងរយៈពេល ជិត ១ម៉ោង បានបោកបក់ ទៅលើឃុំចំនួន៥ ក្នុងស្រុកមោងឬស្សី កាលពីវេលាម៉ោង ២ និង៣០នាទី រសៀល ថ្ងៃទី២២ មេសា ២០១៥នេះ ប៉ុន្តែគ្មានរបាយការណ៍ អំពីគ្រោះថ្នាក់ ដល់មនុស្សទេ។

អធិការនគរបាល ស្រុកមោងឬស្សី លោកគិត ហៀង បានឲ្យដឹងថា ភ្លៀង និងព្រិលបានបង្អុរធ្លាក់ មាន រយៈពេលជិត១ម៉ោង ថែមទាំងមាន ខ្យល់កន្ត្រាក់ យ៉ាងខ្លាំងផង បានប៉ះទង្កិច ទៅលើឃុំ ចំនួន៥ ក្នុងស្រុកមោងឬស្សី គឺឃុំមោង ឃុំគារ ឃុំព្រៃតូច ឃុំកកោះ និងឃុំរបស់បង្គល ដែលបណ្ដាលឲ្យ ខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ។

លោកថា តាមបាយការណ៍ បឋមពីតាមបណ្ដាឃុំ ដែលរង ផលប៉ះពាល់ទាំងនោះ គឺមានលំនៅឋាន ប្រជាពលរដ្ឋ ជាង៤០ខ្នង បានរងការ ខូចខាត ក្នុងនោះមាន មួយចំនួនរលំ ខូចខាតទាំងស្រុង។ ប៉ុន្តែធ្ងន់ធ្ងរជាងនេះ គឺបង្គោលអង់តែន ទូរស័ព្ទ ស្ថិតនៅភូមិពោរ១ ឃុំគារ ត្រូវខ្យល់បោក រលំសង្កត់លើ ហាងលក់ម៉ូតូ របស់ក្រុមហ៊ុនហុងដាមួយ កន្លែងយីហោ«ពិនទី១» បណ្ដាលឲ្យខូចខាត ម៉ូតូអស់ជាង ៣០គ្រឿង ប៉ុន្តែមិនមាន គ្រោះថ្នាក់ដល់មនុស្សទេ។

សូមបញ្ជាក់ថា ខ្យល់កន្ត្រាក់ដ៏ សាហាវនេះក៏បាន វាយលុកចូល ស្រុកកំរៀង យ៉ាងខ្លាំងក្លា ដែរ កាលពីរសៀលថ្ងៃទី២១ មេសា ២០១៥។ បើតាមសេចក្ដី រាយការណ៍ថា ខ្យល់កន្ត្រាក់ដែល វាយលុកលើស្រុកកំរៀងនេះ បានបំផ្លាញផ្ទះ ប្រជាពលរដ្ឋអស់ ជាង៧០ខ្នង ក្នុងនោះមាន មួយ ចំនួនខូចខាត ទាំងស្រុង ហើយបានបង្កឲ្យមនុស្ស ២នាក់របួស ដោយសារផ្ទះសង្កត់លើ។

ទោះជាយ៉ាងណាលោកកង ប៊ន ប្រធានសាខា កាកបាទក្រហមខេត្ត បានឲ្យដឹងដែរថា ភ្លៀងនិងខ្យល់កន្ត្រាក់ បានប៉ះទង្កិចខ្លាំង ទៅលើ ស្រុកមោងឬស្សី តែមួយប៉ុណ្ណោះ កាលពីរសៀល ថ្ងៃទី២២ មេសា ប៉ុន្តែហាក់បាន បង្កមហន្តរាយ ធ្ងន់ធ្ងរគួរសមដែរ។ លោកថា អាជ្ញាធរខេត្ត និងសាខាកាកបាទ ក្រហមខេត្ត កំពុងរៀបចំអំណោយ បឋម ដើម្បីចែកជួនប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនោះ ហើយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]