រាជធានីភ្នំពេញ ៖ បុរសដឹកសង្សារ ចេញពីញ៉ាំបាយ ក៏ត្រូវក្រុមចោរដេញ តាមធាក់ផ្តួលភ្ជង់ប្លន់យកម៉ូតូ ទៅ បាត់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ មេសា ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះសីហនុ ជាប់របងស្តាត អូឡាំពិកជ្រុងខាងត្បូង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ម៉ូតូឈ្មោះហោ ហុកហៀង អាយុ២៩ឆ្នាំ ជាមន្ត្រី ឥណទានរបស់ អង្គរឡូតេត្រេតឌីង មានទីលំនៅផ្ទះ ជួលម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិជាសូដា ឃុំជាសូដា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជិះម៉ូតូ ម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក់លេខភ្នំពេញ 1CE-8786 ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូដឹកសង្សារម្នាក់ ជាអាជីវករលក់ដូរ នៅផ្សារ អូឡាំពិក និងមិត្តស្រី របស់សង្សារ ម្នាក់ទៀត រួមដំណើរជាមួយ ទើបមកពីដើរលេង ហើយបានទៅញ៉ាំបាយ នៅម្តុំរោងកុន គិរីរម្យ រួចដឹកនាងត្រឡប់ ទៅផ្ទះវិញ នៅម្តុំអូឡាំពិក ដោយជិះយឺតៗ កំពុងតែសាសងគ្នា តាមបណ្តោយផ្លូវព្រះស៊ីហនុ ក្នុងទិសដៅ ពីកើតទៅលិច ហួសស្តុបវត្តមហាមន្ត្រី ប្រហែល៥ម៉ែត្រ ដែល ជាកន្លែងស្ងាត់ ស្រាប់តែមាន ជនសង្ស័យ៥នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក ក្នុងនោះមានម៉ូតូ ជនសង្ស័យមួយគ្រឿង បានជិះកៀរម៉ូតូ ជនរងគ្រោះ ហើយធាក់ផ្តួល ស្រាប់តែជនសង្ស័យ ម្នាក់បានដកកាំភ្លើងភ្ជង់ ធ្វើឱ្យមិត្តស្រី ដែលរួមដំណើរ ជាមួយបាននាំគ្នា រត់គេចខ្លួនអស់ នៅសល់តែម្ចាស់ម៉ូតូ ត្រូវជនសង្ស័យប្លន់ យកម៉ូតូទៅបាត់ ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីឱ្យ ជួយអន្តរាគមន៍ផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]