ឥណ្ឌា៖ ជាករណីគួរឲ្យ ភ្ញាក់ផ្អើលមួយ ដែលគ្រូពេទ្យបានពិនិត្យរកឃើញ ថាមាន ដែកគោល និងកាក់រាប់រយ ក្នុងក្រពះ របស់ បុរសជាកសិករ ម្នាក់ ។

ប្រភពព័ត៌មាន ឲ្យដឹងថា លោក Singh វ័យ៣៤ឆ្នាំ បានទៅកាន់មន្ទីរពេទ្យ ក្រោយពេលមានអាការៈ ចុកចាប់ នៅត្រង់ពោះរបស់គាត់ ហើយ បន្ទាប់ពីគ្រូពេទ្យ បានពិនិត្យ និងឆ្លុះអេកូ ក្នុងក្រពះ របស់លោក Singh ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ ពិនិត្យឃើញកាក់ ១៤០ ដែកគោល ១៥០ ថ្មពិល គ្រឿងដែកខ្ចៅខ្យង ជាច្រើនទៀត។


រូបភាពដែល ឆ្លុះឃើញ តាមម៉ាស៊ីនអេកូសាស្ត្រ

លោក Singh បានប្រាប់ឲ្យដឹងថា វិបត្តិក្នុងគ្រួសារ ធ្វើឲ្យគាត់ កើតជំងឺបាក់ទឹកចិត្ត និងមានទម្លាប់ចម្លែកៗ មានដូចជា ដាក់កាក់ និងដែកគោល លាយជាមួយ ទឹកផ្លែឈើ ឬ ទឹកដោះគោ ដើម្បីផឹក។ លោក Singh បន្តថា គាត់មានទម្លាប់ចម្លែកៗរបៀបនេះ អស់រយៈពេលជាង ៣ឆ្នាំមកហើយ តែគាត់ មិនបានកត់សម្គាល់ថា ខ្លួនឯងមានអាការ:ឈឺចុកចាប់ អ្វីឡើយ។ គាត់បន្ថែមទៀតថា ទើបតែនៅពេលថ្មីៗនេះប៉ុណ្ណោះ ដែលគាត់ ចាប់ផ្តើម មានការឈឺចុកចាប់ នៅត្រង់ពោះជាខ្លាំង។ គាត់ ក៏បានទៅពិនិត្យ នៅមណ្ឌលសុខភាព ជាច្រើនកន្លែងដែរ ប៉ុន្តែគ្មានគ្រូពេទ្យណា អាចរកឃើញ មូលហេតុ ថាកើតឡើង ដោយសារអ្វីឡើយ។ ទើបក្រោយមក គាត់បានទៅជួប លោកគ្រូពេទ្យម្នាក់ទៀត មានឈ្មោះ Gagandeep Goyal នៅឯមន្ទីរពេទ្យមួយកន្លែង ទើបមានការឆ្លុះអេកូមើល និងថតតាមកាំរស្មីអុិច (X-ray) ពិនិត្យក្រពះរបស់គាត់ ក៏រកឃើញ ដែក និងកាក់ រាប់រយ នៅក្នុងនោះ។

លោក គ្រូពេទ្យ Goyal រួមជាមួយ គ្រូពេទ្យ ប្រាំនាក់ទៀត បានធ្វើការវះកាត់ រយៈពេល ៩ម៉ោង ដើម្បីយកកាក់ និងដែកគោល ចេញពីក្នុង ក្រពះ របស់ លោក Singh បានសម្រេច។ ប៉ុន្តែគ្រូពេទ្យ Goya នឹងធ្វើការវះកាត់ នៅ៧ថ្ងៃក្រោយទៀត ដើម្បីធ្វើការសំអាត ក្រពះ របស់ លោក Singh ឲ្យអស់កំទេចដែក ដែលគាត់បានលេប។ ឥលូវនេះ លោក Singh បានធូរស្បើយខ្លះហើយ គាត់ថាគាត់ នឹងមិនធ្វើបែបនេះទៀត នោះឡើយ៕ 


លោក Singh កំពុងតែត្រូវគ្រូពេទ្យវះកាត់



កាក់ និង ដែកគោលដែលយកចេញពីក្នុងក្រពះរបស់កសិករនេះ



គ្រូពេទ្យ ឆ្លុះមើលក្នុងក្រពះរបស់ កសិករនេះ



ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]