អេក្វាទ័រ៖ រូបថតដ៏គួរឲ្យអាណិតមួយ បង្ហាញពីសត្វឆ្កែ មួយក្បាល ត្រូវអូស តាមបណ្តោយផ្លូវ ខណៈជើងម្ខាង របស់វា ត្រូវចងជាប់ ទៅនឹង ផ្នែកខាងក្រោយ នៃរថយន្ត។ ក្រុមមនុស្សដែល ស្រលាញ់សត្វចិញ្ចឹម មានការភ្ញាក់ផ្អើល និងផ្ទុះកំហឹង យ៉ាងខ្លាំង បន្ទាប់ពួកគេ បានឃើញ រូបថតនោះ នៅលើបណ្តាញសង្គម។


សកម្មភាពម្ចាស់រថយន្តកំពុងអូសសត្វឆ្កែតាមផ្លូវ

សកម្មភាពអូសឆ្កែខាងលើ ត្រូវគេថតបាន នៅក្នុងខេត្ត Guayas ស្ថិតនៅភាគខាងត្បូង ប្រទេសអេក្វាទ័រ ដែលនៅក្នុងរូបថត គេសង្កេត ឃើញ សត្វឆ្កែពូជ Alsatian មួយក្បាល បានងាប់ បាត់ទៅហើយ ដោយក្បាល និងខ្លួនវា ត្រូវអូសកាត់ផ្លូវ ក្រាលកៅស៊ូ រីឯជើងស្តាំវិញ ត្រូវចងជាមួយខ្សែ ដែលជាប់នឹង គូទរថយន្ត។ គេមិនច្បាស់ថា ឆ្កែនោះងាប់ នៅមុន ឬក៏ក្រោយពេល ដែលម្ចាស់របស់វា ចងនៅនឹងរថយន្ត នោះទេ។

យ៉ាងណាមិញ អ្នកដំណើរ ដែលបានឃើញ ហេតុការណ៍ បានព្យាយាម ប្តឹងប៉ូលិស ហើយតាមដាន ម្ចាស់រថយន្ត ដែលមាន ពាក់ស្លាកលេខ ML ៧៥៣ នោះ។

បុរសម្នាក់បានសរសេរសារ ទាំងកំហឹង នៅលើ បណ្តាញសង្គមថា៖ “សូមនាំគ្នា ចែករំលែក! មនុស្សចិត្តខ្មៅនេះ ត្រូវតែសង ចំពោះអំពើអាក្រក់ ដែលគេបានធ្វើ ហើយពិភពលោកនេះ នឹងដឹងគ្រប់យ៉ាងថា គេជានរណា ហើយធ្វើអ្វីខុស”

ទាក់ទងនឹងហេតុការណ៍ ខាងលើនេះ សូម្បីតែទូរទស្សន៍ របស់អេក្វាទ័រ និងសកម្មជន ដើម្បីសត្វ ឈ្មោះ Blanca Salame ក៏បានបង្ហាញ នៅលើគណនី រៀងៗខ្លួនដែរថា ម្ចាស់រថយន្ត ដែលចងឆ្កែនេះ ត្រូវតែចាប់ខ្លួន និងយកមក ផ្តន្ទាទោស។

ដោយឡែកប៉ូលិស បាននិយាយថា "ពួកយើងបានដឹងពីរូបថត និងហេតុការណ៍ នោះហើយ ក្នុងនោះដែរ យើងកំពុងតែ ស៊ើបរកម្ចាស់រថយន្ត ខណៈពេលដែលយើង មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ"៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]