ភ្នំពេញ៖ ជាការពិតណាស់ ក្នុងមួយឆ្នាំៗ មានសិស្សនិស្សិត ជាច្រើនពាន់នាក់ បានចាកចេញ ពីមាតុប្រទេស ធ្វើដំណើរទៅ បន្តការសិក្សា ទៅឯក្រៅប្រទេស បន្ទាប់ពីប្រលងជាប់ ថ្នាក់អាហារូបករណ៍។

ជាក់ស្តែង សម្រាប់ឆ្នាំ ២០១៥ នេះ ប្រទេសជប៉ុន បានផ្តល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត សិក្សានៅ ប្រទេសជប៉ុន ដល់ប្រទេស កម្ពុជា ចំនួន ២៤ កន្លែង ខណៈសាកលវិទ្យាល័យ Oxford ដែលមានឈ្មោះ ល្បីល្បាញ នៅប្រទេសអង់គ្លេស ក៏បានផ្តល់ អាហារូបករណ៍ រហូតដល់ទៅ ១៤០ កន្លែងផងដែរ។ មិនតែប៉ុណ្ណោះទេ មានអាហារូបករណ៍ ជាច្រើនកន្លែង ពីបណ្តាប្រទេស ជាច្រើនទៀត ដែលបានផ្តល់ ដល់សិស្សនិស្សិត មន្ត្រីរាជការ ក្នុងប្រទេសកម្ពុជា ដែលរួមមាន ប្រទេសសិង្ហបូរី កូរ៉េខាងត្បូង អូស្រ្តាលី និងអង់គ្លេស ជាដើម។

យ៉ាងណាមិញ បើយើងងាកមកស្តាប់មតិ នៃវិស័យអប់រំ រវាងប្រទេសកម្ពុជា និង ម្ចាស់ជំនួយ អាហា រូបករណ៍ គឺគេតែង លើកតំកើន ដល់គ្រូ ដែលមានសញ្ញាប័ត្រ ជាន់ខ្ពស់ មកពីប្រទេសក្រៅ និងមិន សូវ ឲ្យតំលៃ ដល់គ្រូ ដែលមានសញ្ញាប័ត្រ អនុបណ្ឌិត នៅក្នុងស្រុក យើងឡើយ។

តោះ! ទៅស្តាប់មតិ របស់សិស្សនិស្សិត នៅតាមបណ្តា សាកលវិទ្យាល័យ មួយចំនួន ក្នុងប្រទេស កម្ពុជា មើល៏ ថាតើពួកគេ យល់យ៉ាងណាដែរ?


សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលមានឈ្មោះល្បីល្បាញ ស្ថិតក្នុងទីក្រុងភ្នំពេញ

ជួយជាមួយ យុវជន រតនៈ ដែលជានិស្សិត ឆ្នាំទី៤ ផ្នែកភាសាអង់គ្លេស នៃវិទ្យាស្ថានជាតិ ភាសាបរទេស (IFL) បានប្រាប់ សារព័ត៌មាន ខ្មែរឡូត ថា “តាំងពីរៀន ថ្នាក់សាកលវិទ្យាល័យមក ខ្ញុំបាន រៀនជាមួយ លោកគ្រូ អ្នកគ្រូ ដែលមានសញ្ញាប័ត្រ អនុបណ្ឌិត ក្នុងស្រុកផង និង លោកគ្រូ អ្នកគ្រូ ដែលមានសញ្ញាប័ត្រ អនុបណ្ឌិត ឬ បណ្ឌិត មកពីក្រៅប្រទេសផង។ បើតាមគំនិតរបស់ខ្ញុំ ការបង្រៀនរបស់ពួកគាត់ មានលក្ខណៈប្លែកៗ ពីគ្នា ពីព្រោះ គ្រូមួយចំនួន បានជ្រើសរើស យកវិធីសាស្រ្ត មកបង្រៀន ខុសៗគ្នា ទៅតាមការយល់ឃើញ ដ៏ត្រឹមត្រូវ របស់ពួកគាត់។ ប៉ុន្តែសំរាប់ខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តគ្រូ ដែលមានសញ្ញាប័ត្រ ក្នុងស្រុក ជាជាង រៀនជាមួយគ្រូ ដែលមានសញ្ញាប័ត្រ ពីក្រៅប្រទេស ព្រោះអី គ្រូដែលមាន សញ្ញាប័ត្រ នៅក្នុងស្រុក យល់ពីអារម្មណ៍ សិស្សស្រុកខ្មែរ និង ពន្យល់ឆាប់យល់ ហើយថែមទាំង ពូកែលើកយក ឧទាហរណ៏មកពន្យល់ ទៀតផង”។

ចំនែកឯយុវតី សុខ វល័ក្ខ ជានិស្សិតឆ្នាំទី៣ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្ត បានឲ្យដឹងថា៖ “តាមបទ ពិសោធន៍រៀនសូត្រ ជាច្រើនឆ្នាំរបស់ខ្ញុំ គឺខ្ញុំធ្លាប់ បានរៀន ជាមួយគ្រូ ដែលមាន សញ្ញាប័ត្រ ទាំងក្នុងស្រុកខ្មែរ និង បរទេស។ បើសួរថា រៀនជាមួយ គ្រូណាល្អជាង គឺពិបាក និយាយណាស់ ព្រោះគ្រូមួយចំនួន ដែលមានសញ្ញាប័ត្រស្រុកគេ ក៏មិនល្អ ជាងគ្រូ ដែលមានសញ្ញប័ត្រ ក្នុងស្រុកខ្មែរ យើងប៉ុន្មានដែរ។ ពេលខ្លះ វិធីបង្រៀន របស់គាត់ ជឿនលឿន តាមស្រុកគេ ដល់ពេលយកមកបង្រៀន សិស្សស្រុកខ្មែរ គឺមិនសូវ ជាត្រូវចិត្ត ប៉ុន្មានទេ។ ដូច្នេះហើយ បើតាមគំនិតរបស់ខ្ញុំ ខ្ញុំចង់រៀនជាមួយគ្រូ ដែលមានសញ្ញាប័ត្រ នៅស្រុកខ្មែរជាង ព្រោះគាត់យល់ ពីអារម្មណ៍ របស់សិស្ស”។


សកម្មភាពនិស្សិត នៅក្នុងបរិវេណសាលា

រីឯយុវតី ខាវី ដែលជានិស្សិតឆ្នាំទី៤ សិក្សាផ្នែកធនាគារ និង ហិរញ្ញវត្ថុ បានរៀបរាប់ថា៖ “ចំពោះខ្ញុំវិញ គឺបានរៀនជាមួយ គ្រូដែលមានសញ្ញាប័ត្រ ពីប្រទេសអាល្លឺម៉ង់ និង តាមបណ្តាប្រទេស ផ្សេងៗជាច្រើនទៀត ប៉ុន្តែ បើប្រៀបធៀប ចំពោះគ្រូដែលមាន សញ្ញាប័ត្រស្រុកខ្មែរ និង គ្រូដែលមានសញ្ញាប័ត្រ មកពីបរទេសវិញ គឺមិនចាញ់គ្នាទេ។ ខ្ញុំចាំបានថា លោកគ្រូដែលបង្រៀន មុខវិជ្ជាគណនេយ្យ ដល់ខ្ញុំ គាត់មានត្រឹមតែ សញ្ញាប័ត្រ បរិញ្ញាប័ត្រ ស្រុកខ្មែរទេ ប៉ុន្តែការពន្យល់សិស្ស របស់គាត់ បានច្បាស់ៗតែម្តង ដែលនេះបង្ហាញថា គាត់មិនចាញ់ គ្រូដែលមាន សញ្ញាប័ត្រ មកពីបរទេសឡើយ។ រីឯលោកគ្រូខ្ញុំម្នាក់ទៀត ដែលបង្រៀន មុខវិជ្ជា ស្ថិតិមូលដ្ឋាន កាលខ្ញុំ រៀនឆ្នាំទីមួយ ក៏គាត់មានសមត្ថភាព និង ចំណេះដឹង ពន្យល់សិស្សល្អ ដូចជាលោកគ្រូ គណនេយ្យ អីចឹងដែរ។ ដូច្នេះហើយ ខ្ញុំគិតថា ការរៀនជាមួយគ្រូ ដែលមានសញ្ញាប័ត្រ ក្នុងស្រុក ឬបរទេស មិនសំខាន់ទេ អ្វីដែលសំខាន់ គឺការប្តេជ្ញាចិត្ត ក្នុងការផ្ទេរចំណេះដឹង របស់លោកគ្រូ អ្នកគ្រូ និងការខិតខំ ប្រឹងប្រែង រៀនសូត្រ របស់សិស្ស ទៅវិញទេ”។

ងាកមកជួបជាមួយ យុវតី សុជាតា ដែលជានិស្សិតឆ្នាំទី៤ ផ្នែកភាសាអង់គ្លេស នៃវិទ្យាស្ថាន ភាសាបរទេស (IFL) វិញ ដែលនាងបាន និយាយប្រាប់ ឲ្យដឹងថា៖ “កន្លងមក ខ្ញុំបានរៀនជាមួយគ្រូ ដែលមានសញ្ញាប័ត្រ នៅស្រុកខ្មែរ និង បរទេស ចម្រុះគ្នាតែម្តង ព្រោះនៅសាលាខ្ញុំ ភាគច្រើន គ្រូដែលបានបង្រៀន ពីបី ទៅបួនឆ្នាំហើយ គាត់នឹងដាក់ពាក្យ ដើម្បីប្រលងយក អាហារូបករណ៏ ទៅរៀន នៅស្រុកក្រៅ។ នៅពេលដែលពួកគាត់ បានប្រលងជាប់ និងក្រេបចំណេះដឹង នៅឯបរទេសចប់ ពួកគាត់តែងតែ ត្រលប់មកបង្រៀន នៅឯសាលាដដែលវិញ។ ដូច្នេះហើយ ចំពោះខ្ញុំផ្ទាល់យល់ថា គ្រូដែលមានសញ្ញាប័ត្រ មកពីបរទេស ភាគច្រើន មានភាពជឿជាក់ និង មានចំណេះដឹងខ្ពស់ ព្រោះបើមិនអីចឹងទេ គាត់មិនអាច ប្រលងជាប់ អាហារូបករណ៍ឡើយ។ ដូច្នេះពេលដែលគាត់ បង្រៀន គឺខ្ញុំបាន ទទួលចំណេះដឹង ពីគាត់ច្រើន ហើយត ទៅមុខទៀត ខ្ញុំសង្ឃឹមថា នឹងបានជាប់ អាហារូបករណ៍ ទៅរៀននៅបរទេស ដើម្បីពង្រីក ចំណេះដឹង យកមកបណ្តុះបណ្តាល ផ្នែកភាសា អង់គ្លេស ដល់ប្អូនៗ ជំនាន់ក្រោយដែរ គឺធ្វើដូចជាពួកគាត់ អីចឹង”


សកម្មភាពនិស្សិត នៅក្នុងបរិវេណសាលា

យ៉ាងណាមិញ ខាងលើនេះ គ្រាន់តែជាមតិ របស់និស្សិតមួយចំនួន ដែល ខ្មែរឡូត បានធ្វើកិច្ចសម្ភាសន៍ ជាមួយប៉ុណ្ណោះ។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះគុណភាពអប់រំ រវាងគ្រូ ដែលមានសញ្ញាប័ត្រ ក្នុងស្រុក និង គ្រូ ដែលមានសញ្ញាប័ត្រ មកពីបរទេស?

រៀបចំដោយ ៖ លីណា & ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]