អាល្លឺម៉ង់៖ ក្រុមហ៊ុនផលិតសំលៀកបំពាក់ និងស្បែកជើងកីឡា របស់អាល្លឺម៉ង់ ម៉ាក Adidas កំពុងសហការជាមួយ ក្រុមការងារមួយ ដើម្បី ព្យាយាម សំអាតកាកសំណល់បា្លស្ទិច នៅក្នុងមហាសមុទ្រ ដោយទាញយក បា្លស្ទិចទាំងនោះ មកផលិតជា វត្ថុធាតុដើមមួយចំនួន  របស់ ក្រុមហ៊ុននេះ ។


ហាងលក់ផលិតផល Adidas នៅប្រទេសចិន

យោង តាមប្រភពព័ត៌មាន រ៉យទ័រ ចុះផ្សាយថា ជាលទ្ធផល នៃភាពជាដៃគូ ដែលសហការជាមួយ ក្រុមការងារ ថែរក្សាបរិស្ថានមហាសមុទ្រ ក្រុមហ៊ុន Adidas ក៏បានថ្លែង កាលពីថ្ងៃច័ន្ទនេះថា នឹងឈប់ប្រើថង់ប្លាស្ទិច បន្តិចម្តងៗ នៅក្នុងហាងទំនិញ Adidas ទាំង ២,៩០០ កន្លែង ជុំវិញពិភពលោក ។ 

បន្ថែមពីលើនេះ ក្រុមហ៊ុន Adidas ប្រាប់ថានឹង ធ្វើការជាមួយ ក្រុមការងារខាងលើ ដើម្បីអភិវឌ្ឍន៍ ផលិតផល ធ្វើពីកាកសំណល់ ក្នុងមហា សមុទ្រ ដើម្បីកែច្នៃ យកមកប្រើប្រាស់ឡើងវិញ ធ្វើជាវត្ថុធាតុដើមខ្លះៗ ដើម្បីផលិត សំលៀកបំពាក់កីឡា និងស្បែកជើង ផងដែរ ពោលគឺចាប់ពីឆ្នាំក្រោយ នេះទៅ។ ក្នុងនោះដែរ ក្រុមហ៊ុនផលិត សំលៀកបំពាក់ ហូឡង់ G-Star Raw ក៏បានធ្វើការជាមួយ ក្រុមការងារដដែលនេះ ផលិតសរសៃក្រណាត់ ធ្វើពីកាកសំណល់ បា្លស្ទិច ក្នុងសមុទ្រ តាំងពីឆ្នាំមុនមក។ ចំណែកឯ ក្រុមហ៊ុនលក់ខោអាវ H&M របស់ប្រទេសស្វីស ក៏បេ្តជ្ញា ថានឹង កែច្នៃក្រណាត់ ដើម្បីយក ប្រើប្រាស់ ឡើងវិញ នៅចុងឆ្នាំ ២០១៥ ផងដែរ ។

គួរបញ្ជាក់ថា  ក្រុមហ៊ុនផលិតខោអាវទាន់សម័យ ធំៗ មានម៉ាកល្បីៗ ពេលនេះកំពុងតែ បង្ហាញពីក្រមសីលធម៌របស់ពួកគេ ក្រោយពីមាន ការប្រឆាំងពី ក្រុមអ្នកស្រលាញ់បរិស្ថាន ដូចជា ក្រុម Green Peace ដែលបានដាក់សំពាធ ទៅលើក្រុមហ៊ុនទាំងនោះ ឲ្យកាត់បន្ថយ ការធ្វើឲ្យ មានការ ប៉ះពាល់ ដល់បរិស្ថាន និង ជំរុញឲ្យមាន ការកែប្រែលក្ខខណ្ឌនានាក្នុងរោងចក្រ ។

បើយោងទៅតាមកម្មវិធី បរិស្ថានរបស់ អង្គការសហប្រជាជាតិ (UNEP) បានឲ្យដឹងថា បា្លស្ទិច ដែលបានប្រើប្រាស់ ក្នុងទំនិញឧស្សាហកម្ម បាន បំពុលជីវសមុទ្រ និង ធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន ក្នុងទំហំទឹកប្រាក់ យ៉ាងតិច ១៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។

ដោយឡែក ក្រុមហ៊ុន Adidas បានធ្វើសេចក្តីប្រកាសនេះ ស្របពេល ក្រុមហ៊ុនចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន  ដែលបង្ហាញ យ៉ាងលំអិតពី ជំហានផ្សេងៗទៀត របស់ ក្រុមហ៊ុន ក្នុងការជួយថែរក្សាបរិស្ថាន ដែលរួមមាន ការប្រើប្រាស់ឡើងវិញ នូវ ក្រណាត់ វាយនភណ្ឌ ឬ វត្ថុធាតុដើម ឲ្យអស់លទ្ធផល ជាដើម ៕






កាកសំណល់បាស្ទិច ដែលមានក្នុងមហាសមុទ្រ(រូបភាពពីFacebook: Parley for the Oceans )

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]