ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែង ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនង ស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាល ពួកគេទាំងពីរ ហាក់បង្ហាញពីភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសងទៅ គ្រប់ទីកន្លែង បេះមិនចេញនោះទេ ។

ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា មួយរយៈពេលចុងក្រោយនេះ គេឃើញ នាងឧស្សាហ៍ ចេញទៅណាមកណា បណ្តើរគូស្នេហ៍ មិនដាច់នោះទេ ។ មិនតែប៉ុណ្ណោះ ជារឿយៗគូស្នេហ៍ វ័យជ្រេមួយនេះ តែងតែ បណ្តើរគ្នា ទៅដើរកម្សាន្តនៅក្រៅប្រទេស នៅតាមខេត្តដាច់ស្រយាល ដើម្បីបង្កើនអនុស្សាវរីយ៍ស្នេហ៍ ឲ្យបានច្រើនជាមួយគ្នា ។ ជាក់ស្តែងថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ អង្គរសង្គ្រាន្ត នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងទៅថ្មិៗនេះ នាងបានបណ្តើរសង្សារ ទៅចូលរួមចេញ និងបានមុខ ចេញមាត់ជាសាធារណៈ ដោយមិនខ្វល់ និងក្រសែភ្នែកសម្លឹងមើល នាងនិងសង្សារឡើយ ។

បើតាមប្រភពពី អ្នកជិតដិតគូស្នេហ៍មួយគូនេះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា អ្នកទាំងពីរ ស្រលាញ់គ្នាខ្លាំងណាស់ ប្រៀបដូចជាលលកញីឈ្មោល ទៅណាត្រសងមិនអាចខ្វះអ្នកណាបានទេ ។ លើសពីនេះ បុរសអ្នកជំនួញធម្មតាៗ លោក ហេង រដ្ឋ ហៅឡុង ដែលជាគូស្នេហ៍ តែងតែតាមហួង ហែងនាងគ្រប់ទីកន្លែង មិនថានាងទៅធ្វើការនៅកន្លែងណាទេ គឺលោកតែងទៅតាមនាង មិនដាច់ឡើយ ព្រោះថាបុរសម្នាក់នេះ ស្រឡាញ់នាងខ្លាំង មិនចង់ឲ្យនាងរស់នៅឃ្លាតឆ្ងាយ ពីដើមទ្រូងលោកឡើយ ។

ដោយសារតែការស្រឡាញ់ ធ្វើឲ្យលោកក្លាយទៅជាអ្នក ដែលពូកែប្រច័ណ្ឌ។ ដូច្នេះ បើអ្នកនាង ចនច័ន្ទ មិនចង់ធ្វើឲ្យស្នេហា ជួបភាពរកាំរកូស គឺទាល់តែបណ្តើរសង្សារទៅ តាមគ្រប់កន្លែង ទើបធ្វើឲ្យគូស្នេហ៍ មួយគូនេះ នៅផ្អែមល្ហែមជាមួយគ្នា ជារៀងរហូត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]