រាជធានីភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ សាលាដំបូរាធានីភ្នំពេញ បានសម្រេច ចេញដីកាឃុំខ្លួន ខ្មាន់កាំភ្លើងម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ ឃាតកម្មដោយអចេតនា

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខ្មាន់កាំភ្លើងម្នាក់បានឈ្លោះគ្នា ជាមួយស្រីស្នេហ៍ ក្រោយពេល ផឹកស៊ីស្រឹងធ្លាក់ភ្នែក ហើយបាន ដកកាំភ្លើងខ្លី បាញ់គំរាម ចូលទៅក្នុងផ្ទះ បណ្ដាលឲ្យ គ្រាប់កាំភ្លើងនោះ ផ្លាតទៅត្រូវចំកណ្ដាលដើមទ្រូង ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ដែលជាកូនស្រី ម្ចាស់ផ្ទះ និងជាកូនភ្លោះ ក្នុងកម្មវិធី ផឹកស៊ីនោះ បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិត ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

ក្មេងស្រីរងគ្រោះ ឈ្មោះហ៊ឹម វណ្ណនីទៀង អាយុ៦ឆ្នាំជាកូនភ្លោះ មានទីលំនៅ ក្នុងផ្ទះកើតហេតុខាងលើ ត្រូវគ្រាប់កាំភ្លើង ទម្លុះដើមទ្រូងធ្លាយពីម្ខាងទៅម្ខាង និងបានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកខ្មាន់កាំភ្លើង ដែលបានបាញ់ គំរាមស្រីស្នេហ៍ ត្រូវក្មេងស្រីរងគ្រោះ រហូតដល់ស្លាប់នោះ ឈ្មោះលឹម ឡាយ ហៅលី អាយុប្រហែល ៣២ឆ្នាំ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាព បានប្រហែល ២ម៉ោង ប៉ុន្តែមិនបាន ឲ្យក្រុមអ្នកសារព័ត៌មាន ថតរូបនោះឡើយ ។

មន្ត្រីប៉ូលីស ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅរសៀល ថ្ងៃកើតហេតុខាងលើ ស្ត្រីឈ្មោះគង់ ដាណែត អាយុ៣៧ឆ្នាំ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានហៅមិត្តភក្កិស្រីម្នាក់ ឈ្មោះចិន ដា អាយុ៣១ឆ្នាំ ដែលជាស្ត្រីមេម៉ាយ កូន៣ ឲ្យទៅផឹកស៊ី នៅផ្ទះរបស់ខ្លួន ។ លុះមួយសន្ទុះក្រោយមក ស្ត្រីឈ្មោះចិន ដា ដែលជាមិត្តភក្កិនោះ ក៏បាននាំឈ្មោះលឹម ឡាយ ហៅលី ដែលជាប្រុសស្នេហ៍ របស់ខ្លួន ដែលទើបទំនាក់ទំនងស្នេហា ជាមួយគ្នាថ្មីៗផងទៅជាមួយ ដោយជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌សលាយទឹកសមុទ្រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CP-6341 ហើយក៏បាន យកកូនប្រុសតូចម្នាក់ ទៅជាមួយដែរ ។

ប្រភពដដែលបានបន្ត ឲ្យដឹងទៀតថា ការផឹកស៊ីនោះបានប្រព្រឹត្ត ទៅយ៉ាងសប្បាយរីករាយ ដែលមានគ្នាទាំងអស់ ចំនួន៩នាក់ លុះពេលផឹកស្រវឹង មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះលឹម ឡាយ ហៅលី ក៏បានសុំលាស្រីស្នេហ៍ និងមិត្តភក្ដិ ដែលផឹកជាមួយនោះ ត្រឡប់ទៅផ្ទះមុន ។ ខណៈនោះក្មេងប្រុសម្នាក់ ដែលជាកូនស្រីស្នេហ៍ បានយំតាម និងស្រែកហៅថាប៉ាៗ ប៉ុន្តែមិនត្រូវបាន ស្ត្រីជាម្តាយនោះ ឲ្យទៅជាមួយទេ និងរត់ទៅបាន ចាប់ទាញកូន ព្រមទាំងវាយដំ កូនថែមទៀត ដែលជាហេតុធ្វើឲ្យមន្ត្រី កងរាជអាវុធហត្ថនោះ មានការខឹងសម្បារ ក៏បានស្ដីបន្ទោស ហើយបានបង្កឲ្យមានទំនាស់ ពាក្យសំដីកើតឡើង។

ប្រភពខាងលើបានបន្តថា ភ្លាមៗនោះ ជនដៃដល់ បានដកកាំភ្លើងខ្លី ម៉ាកកា៥៤បាញ់១គ្រាប់ ចូលទៅក្នុងផ្ទះល្វែង គំរាមស្រីស្នេហ៍ ហើយគ្រាប់កាំភ្លើងនោះ បានប៉ះជញ្ជាំង ផ្លាតទៅក្រោយ ត្រូវធុងទឹកសុទ្ធ ធ្លាយទៅត្រូវកញ្ចក់ទ្វារ បន្ទាប់មកបានផ្លាតទៅត្រូវ ក្មេងស្រីដែលនៅចំងាយប្រមាណ ជាង១០ម៉ែត្រ ចំកណ្ដាលដើមទ្រូង ធ្លាយពីម្ខាងទៅម្ខាង ដេកដួលនៅនឹងកន្លែង ។

ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវក្រុមគ្រួសារដឹកតាមរថយន្ត នាំទៅកាន់គ្លីនិកឯកជន ដោយមន្ត្រីកងរាជអាវុធហត្ថ ដែលជាជនបង្កនោះ ទៅជាមួយដែរ លុះទៅដល់មុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ជននេះ ក៏បានលោតចុះ ពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែរយៈពេល ប្រមាណ២ម៉ោង ក្រោយមក ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់ខ្លួនបានវិញ និងនាំយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

មន្ត្រីប៉ូលីសដដែល បានបន្តថា ចំណែកក្មេងស្រីរងគ្រោះ ក្រោយពេល បញ្ជូនទៅដល់គ្លីនិកឯកជន បានដាច់ខ្យល់ស្លាប់ និងត្រូវបានក្រុមគ្រួសារដឹកត្រឡប់ ទៅផ្ទះវិញ ធ្វើបុណ្យតាមប្រពៃណី ដោយឡែកស្ត្រីឈ្មោះចិន ដា ដែលត្រូវជាស្រីស្នេហ៍ របស់មន្ត្រីប៉េអឹមនោះ ក៏ត្រូវបានកម្លាំងប៉ូលីស ខណ្ឌពោធិ៍សែនជ័យ ឃាត់សាកសួរផងដែរ ខណៈនោះស្ត្រីខាងលើ បានប្រាប់ឲ្យដឹងថា ខ្លួននឹងមន្ត្រី កងរាជអាវុធហត្ថនោះទើបតែទំនាក់ទំនងស្នេហាគ្នា បានរយៈពេលប្រមាណ ១អាទិត្យប៉ុណ្ណោះ ដោយមន្ត្រីប៉េអឹមនោះ សុំស្រលាញ់នាង ហើយនាងក៏បានស្រលាញ់វិញដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]