នីហ្សេរីយ៉ា៖ យោងតាមប្រភពព័ត៌មាន BBC បានចុះផ្សាយថា មាន ជំងឺអាថ៌កំបាំង ថ្មីមួយទៀត បានសម្លាប់មនុស្សយ៉ាងតិច ១៨នាក់ កាលពី ប៉ុន្មានថ្ងៃ កន្លងទៅនេះ ដែល ជំងឺនេះ បានផ្ទុះឡើងនៅទីក្រុង Ode-Irele រដ្ឋ Ondo នាភាគអាគ្នេយ៍នៃ ប្រទេសនីហ្សេរីយ៉ា ក្នុងទ្វីបអាហ្វ្រិក។ 

ប្រភពដដែល បានលើកឡើងថា រោគសញ្ញា នៃជំងឺនេះ គឺមាន អាការៈ ស្រវាំងភ្នែក ឈឺក្បាល និងសន្លប់បាត់ស្មារតី បន្ទាប់មក អ្នកជំងឺ ក៏ស្លាប់ ក្រោយពី ធ្លាក់ខ្លួនឈឺ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ហើយជំងឺនេះ ក៏បានឆ្លង តគ្នាជាបន្តបន្ទាប់។

យ៉ាងណាមិញ ពេលនេះ មន្ត្រីផ្នែកសុខាភិបាលក្នុងតំបន់ និង អ្នកជំនាញពី អង្គការសុខភាពពិភពលោក បានទៅដល់ទីកន្លែង កើតជំងឺ ដើម្បី ធ្វើការ កំនត់ ប្រភេទជំងឺនោះ។ ប៉ុន្តែ ការធ្វើតេស្ត ក្នុងទីពិសោធន៍ បានឲ្យដឹងថា ជំងឺនេះ មិនដូចជា ប្រភេទជំងឺ Ebola និង វីរុសជំងឺផ្សេងទៀតឡើយ  នេះបើតាមប្រភពព័ត៌មាន AFP បានស្រង់សម្តី របស់ លោក Kayode Akinmade ជាអ្នកនាំពាក្យ អាជ្ញាធរ ក្នុងតំបន់ Ondo  ហើយ អ្នកនាំពាក្យ រូបនេះ បានកំណត់ ជំងឺនេះដូចជា ជំងឺ អាថ៌កំបាំង ។

ចំនែកឯ អ្នកនាំពាក្យ អង្គការសុខភាពពិភពលោក លោក Gregory Hartl បានប្រាប់សារព័ត៌មាន AFP ថា ជំងឺនេះ បានផ្ទុះឡើង រវាងថ្ងៃ ទី១៣ និង ១៥ មេសា នេះ ។ ដោយឡែក លោក Dayo Adeyanju ជាមន្ត្រីជាន់ខ្ពស់សុខាភិបាលមួយរូប ប្រាប់ព័ត៌មានក្នុងស្រុកមួយ ថា ជំងឺដែល មិនទាន់កំណត់បាននេះ ទំនងជា កើតឡើងដោយសារ  ការវាយប្រហារប្រព័ន្ធប្រសាទសំខាន់ របស់មនុស្ស ៕


ផែនទី បង្ហាញទីតាំង កើតមានជំងឺនេះ

រូបភាព ប្រជាជនរស់នៅ ទ្វីបអាហ្វ្រិក

ប្រភព BBC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]