បន្ទាយមានជ័យ ៖ ក្នុងចុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែពស ២៥៥៩ គស២០១៥ សម្រាប់ពលរដ្ឋឃុំទឹកជោរ ភ្នំលៀប និងប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  មានខ្យល់ព្យុះកន្ត្រាក់ ពេលមានភ្លៀងមួយមេធំ កាលពីម៉ោង៤ និង៤០នាទី ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ ចំពេលដែល អ្នកស្រុកនៅ បន្តលេងកំសាន្តយ៉ាងរីករាយបុណ្យផង មានភ្លៀងមួយមេធំ ហើយនាំមកជាមួយនូវ ខ្យល់ព្យុះកន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋចំនួន ៤៩ខ្នងនៅឃុំទាំងបី។

លោក លី សុវណ្ណរិទ្ធិ អភិបាល ស្រុកព្រះនេត្រព្រះ ស្រង់សេចក្តីរាយការណ៍ របស់មេភូមិ និងមេឃុំ ដែលនិយាយថា គ្រោះធម្មជាតិនោះ តួលេខបឋម គឺបំផ្លាញអោយខូចខាត រលំ ប៉ើងដំបូលចំនួន៤៩ខ្នង។ ក្នុងនោះនៅ ភូមិសំរោង ភូមិស្នាយល្អ ភូមិទឹកជោរ ភូមិតាសៀវ ភូមិកណ្តាល ក្នុងឃុំទឹកជោរ ២៧ខ្នង,នៅភូមិទ្រយោង ភូមិទ្រលោកត្បូវ ភូមិទ លោកជើងកងឃុំទឹកភ្នំលៀប១៧ខ្នង, និងភូមិចារក្នុងឃុំប្រាសាទ ១ខ្នង។

លោក មាស  រិទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ អោយដឹងតាមរយះទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥នេះថា ខ្យល់ព្យុះកន្ត្រាក់នោះ បានវាយប្រហារ យ៉ាងទាន់ហន់ ដោយពុំនឹកស្មានដល់ព្រោះភ្លៀងកក់ខែ វាចាប់ផ្តើមដោយស្លូតដែរ ពីដំបូង តែបានប្រែជាកាច នៅពេលបន្ទាប់មក។ ប៉ុន្តែគ្រោះធម្មជាតិនោះ ពុំបង្កស្លាប់ ឬរបួសមនុស្សណាម្នាក់ទេ ដោយសារពួលគេបានដឹងខ្លួន ហើយចាកចេញពីលំនៅដ្ឋានភ្លាមៗផងដែរ។

មកដល់ពេលនេះកងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ និងនគរបាលស្រុក កងកម្លាំង អ ហ ស្រុក ខេត្ត បានចុះគ្រប់គោលដៅ ក្នុងការសង្គ្រោះ ជួយប្រមូលទ្រព្យសម្បត្តិ និងជួយជួសជុលផ្ទះពលរដ្ឋផងដែរ ។ លោកឧត្តមសេនីយ៍ស្នងការ ខេត្តបន្ទាយមានជ័យ អាត់ ខែម បានបញ្ជាក់ថា ក្រោយទទួលបាន ព័ត៌មានខាងលើភ្លាម លោកបានចាត់ឲ្យ កម្លាំងនគរបាល របស់ស្រុក និងមូលដ្ឋាន ចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផងដែរ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]