អង់គ្លេស៖ ប្តីប្រពន្ធសញ្ជាតិអង់គ្លេស វ័យក្មេងមួយគូ បានជួបសំណាងធំ ដោយសារតែ ទិញចំតុក្តតា ប្រភេទ Limited Edition (ចំនួនមានកំណត់) ក្នុងតម្លៃត្រឹមតែ ១០ផោន ប៉ុណ្ណោះ ពីអ្នកលក់របស់មួយតឹកតាមគូទឡាន។

លោក រ៉ាយអ៊ិន ហ្វឡេណាហ្គេន វ័យ២២ឆ្នាំ គាត់បានប្រទះឃើញ និងកត់សម្គាល់ ទៅលើតុក្តតា ពណ៌ស្វាយមួយ មានឈ្មោះ "Beanie Baby" ថាជារបស់មិនធម្មតាឡើយ ដែលត្រូវបានផលិតឡើង ក្នុងកំឡុងទស្សវត្ស ឆ្នាំ៩០ ហើយត្រូវបានគេយកមកដាក់លក់។ នៅថ្ងៃបន្ទាប់ ក្រោយពីច្បាស់ ក្នុងចិត្តហើយ ថាវាពិតជារបស់មានតម្លៃ ដែលត្រូវបានផលិតឡើង សំរាប់ព្រះនាង ដាយអាណា នៃចក្រភពអង់គ្លេស តែចំនួន ១០០តុក្តតាប៉ុណ្ណោះ ទើបគាត់សំរេចចិត្ត ត្រឡប់ទៅកាន់ កន្លែងលក់របស់មួយតឹក តាមគូទឡាន នោះវិញ ដើម្បីទិញយកតែម្តង ក្នុងតម្លៃតែ ១០ផោន (ជិត ១៥ដុល្លារ) ប៉ុណ្ណោះ។

ពិតជាដូចការគិតរបស់គាត់មែន វាជាតុក្តតាពិតប្រាកដ ដែលកម្ររកបានបំផុត ហើយក្នុងចំណោម ១០០ មានតែមួយប៉ុណ្ណោះ ដែលកំពុង ត្រូវបានគេដាក់លក់ នៅលើគេហទំព័រ eBay ក្នុងតម្លៃ ដល់ទៅ ៦២,៥០០ ផោន (ជាង ៩ម៉ឺនដុល្លារ) ឯណោះ។ នៅពេលនេះដែរ លោក រ៉ាយអ៊ិន និងភរិយាគាត់ បានសំរេចចិត្ត ដាក់លក់ ដេញថ្លៃ លើគេហទំព័រដដែលនោះ ក្នុងតម្លៃផ្តើម ចាប់ពី ២០,០០០ផោន (ជិត៣ម៉ឺនដុល្លារ) ឡើងទៅ។ សំរាប់ប្រាក់ ដែលបានមកពីការលក់នេះ ពួកគេ មានគំរោងនឹងយកធ្វើជាដើមទុន កសាងជីវិតគ្រួសារមួយ ឲ្យកាន់តែជោគជ័យ ទៅថ្ងៃអនាគត៕


រូបថត លោក រ៉ាយអ៊ិន និងប្រពន្ធ និងរូបភាព តុក្តតា Beanie Baby

ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]