រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីវ័យក្មេងម្នាក់ បានឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា នៅតាមទីសារធារណៈ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មនុស្សម្នា មកចោមរោមមើល ដោយសារតែធានាគេ រឿងជំពាក់លុយ ចំនួន១ពាន់ដុល្លារ ហើយអ្នកខ្ចី ព្យាយាមគេចខ្លួនមិនព្រមសងនោះ ត្រូវវ័ណ្ឌ.ក ស្រ្តីអ្នកធានា។ ករណីប្រតាយប្រតប់គ្នានេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅចំណុចខាងមុខ ផ្ទះលេខ៧៩៧ ផ្លូវព្រះមុនីវង្ស កែងនឹង ផ្លូវលេខ៤៨៨ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
  
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា ការឈ្លោះប្រកែកគ្នា ដែលឈានទៅដល់ ការប្រតាយប្រតប់គ្នា បង្កអោយមានការភ្ញាក់ផ្អើល ដល់គេឯងនៅតាម ទីសារធារណៈនេះ គឺរវាងបុរសម្នាក់ឈ្មោះហ៊ុយ តារា ហៅស្រស់ អាយុ២៩ឆ្នាំ ជាអ្នកអោយលុយគេខ្ចី និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ យូគីម ធីតា អាយុ២៨ឆ្នាំ ជាអ្នកដែលធានាឱ្យគេមកខ្ចីលុយ ។ មុនពេលកើតហេតុស្ត្រី វ័យក្មេងខាងលើបានជិះរថយន្តបាឡែន ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ មួយគ្រឿងតែម្នាក់ឯង ក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយ ផ្លូវព្រះមុនីវង្ស លុះដល់ចំណុច កើតហេតុ ក៏បានបើកបត់ឆ្វេង ទៅទិសខាងលិច តាមបណ្តោយផ្លូវលេខ៤៨៨ បានតែបន្តិចក៏មានរថយន្តមួយ ម៉ាកវិស្តូ ព៌ណលឿង ពាក់ស្លាកលេខភ្នំពេញ ២X-២០៥៥ មួយគ្រឿងជិះគ្នា៤នាក់ (ប្រុស៣នាក់ ស្រីម្នាក់) បានបើកមកស្ទាក់មុខ ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលមានរថយន្ត មួយគ្រឿង បើកមកឈប់ពីមុខ រថយន្តរបស់ខ្លួនរួចហើយ ភ្លាមនោះស្ត្រីវ័យក្មេងរូបនោះ ក៏បានបើកកញ្ចក់ រថយន្តរបស់ខ្លួន ហើយក៏ត្រូវបុរសម្នាក់ឈ្មោះហ៊ុយ តារា ហៅស្រស់ និងបក្សពួកនោះ ស្ទុះចេញមកក្របួចសក់នាងជាប់ ដោយប្រតាយប្រតប់គ្នា និងយកទូរស័ព្ទដៃម៉ាក iPhon6 plus មួយគ្រឿង ពីនាងទៅបាត់ផងដែរ ។

ពេលដែលភាគីទាំងពីរកំពុងតែឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានចុះមកធ្វើអន្តរាគមន៍ នឹងនាំពួកគេទាំងពីនាក់ ទៅធ្វើការសម្របសម្រួលគ្នា នៅឯប៉ុស្តិ៍នគរបាល បឹងត្របែកផងដែរ ។

ក្រោយពីកម្លាំងនគរបាលនាំខ្លួនគូជម្លោះទាំងពីរនាក់ ទៅដល់ប៉ុស្តិ៍រួចហើយ ទើបបានដឹងថា ជម្លោះខាងលើនេះ គឺកើតឡើងដោយសារតែ កន្លងមកស្ត្រីវ័យក្មេងខាងលើ ធ្លាប់បានធ្វើជាអ្នកធានា អោយស្ត្រីម្នាក់ទៀត ទៅខ្ចីលុយគេ ចំនួន១ពាន់ដុល្លារ ដោយបុរសខាងលើជាអ្នកអោយខ្ចី ។ ក្រោយពីខ្ចីលុយបានហើយ សងមិនទាន់គ្រប់ផង ស្ត្រីរូបនោះក៏បានគេចវេស មិនសងបង្គ្រប់ ទើបពេលនេះ មានជម្លោះកើតឡើង រវាងអ្នកទាំងពីរនាក់ នៅតាមផ្លូវសាធារណៈ បែបនេះទៅ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]