ខេត្តបាត់ដំបង ៖ យុវជន៣នាក់ស្លាប់ និង៣នាក់ ទៀតរងបួសធ្ងន់-ស្រាល ខណៈបើករថយន្តផឹក ទឹកត្នោតជូរចាក់ធុង បាស់រាំលេងយ៉ាងសប្បាយក្នុង ថ្ងៃបុណ្យចូលឆ្នាំ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យក្រឡាប់រថយន្ត កាលពីរសៀលថ្ងៃទី១៥ មេសា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ១-ឈ្មោះសំ ពេជ្រ អាយុ១៦ឆ្នាំ ២-ឈ្មោះប៉ែត ស្រូច អាយុ ២៤ឆ្នាំ និង៣-ឈ្មោះតឿ ខេង អាយុ ២២ឆ្នាំ ចំណែក៣នាក់ទៀត ដែលរបួសធ្ងន់-ស្រាល គេនៅមិនទាន់ស្គាល់ឈ្មោះទេ ដោយឡែកអ្នក បើកបរឈ្មោះភឿន ហ៊ាញ អាយុ២៣ឆ្នាំ បានរត់គេចខ្លួន នៅពេលជួបគ្រោះថ្នាក់ ភ្លាម ។

សាក្សីដែលឃើញ ហេតុការណ៍ បាននិយាយថា ដំបូងគេឃើញក្រុមជនរងគ្រោះ បានជិះរថយន្តមកពីទិសខាងលិច ស្រែកហ៊ោកញ្ជ្រៀវរាំយ៉ាងសប្បាយនៅ លើរថយន្តជាមួយនឹងសម្លេង ធុងបាស់លាន់កងរំពង ផង។ សាក្សីបន្តថា ពេលពួកអ្នកជិះកំពុងរាំ លេងនៅលើរថយន្តបណ្ដើរ គេឃើញអ្នកកាន់ចង្កូត ក៏ឆ្លៀតលើកដៃរាំម្ដងម្កាល ជាមួយគេដែរ លុះដល់ចំណុចខាងលើ ក៏ស្រាប់តែរថយន្ត ពួកគេរេចង្កូតចេញ ពីផ្លូវក្រឡាប់ច្រើន ត្រឡប់ចូលក្នុងស្រែ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរតែម្ដង ។ សាក្សីបញ្ជាក់ថា អ្នកភូមិបានរត់ទៅជួយអន្តរាគមន៍ ភ្លាមៗដែរ ហើយគេឃើញធុងបាស់ និងប៊ីដុងដាក់ទឹកត្នោតជូរ ធ្លាក់រប៉ាត់រប៉ាយពេញស្រែ ជាមួយជនរងគ្រោះ។

សមត្ថកិច្ច បាននិយាយដែរថា ក្រោយពេលកើតហេតុ កម្លាំងជំនាញក៏បាន ចុះទៅពិនិត្យនៅកន្លែងកើត ហេតុភ្លាមៗដែរ ហើយបាននាំយករថយន្ត បង្កគ្រោះថ្នាក់នេះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមោងប្ញស្សី ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]