ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើលើក្រោមថ្មមួយខ្នង ត្រូវអគ្គិភ័យឆេះខ្ទេចអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះកំពុង ដេកលង់លក់ រួចបានស្ទុះហក់ចុះ ទៅដីស្ទើរ មិនទាន់ ដែលហេតុការណ៍ នេះកើតឡើង កាលពីវេលា ម៉ោង០១ និង២០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៦ មេសា ២០១៥ ស្ថិតនៅ ភូមិព្រៃ តាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ។

ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះយឹម វណ្ណៈ អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ។  ចំណែកផ្ទះដែល ត្រូវភ្លើងឆេះធ្វើ អំពី ឈើ ប្រក់ ហ្វីប្រូស៊ីម៉ង់ ខាងក្រោម រាបបន្ទប់ថ្ម មានទំហំ៧គុណ និង៨ម៉ែត្រ ។ ចំពោះការខូចខាត គឺក្រៅពី ឆេះផ្ទះខ្ទេច ទាំងស្រុង ទ្រព្យ សម្បត្តិ ដែល ខូចខាត មានម៉ូតូចំនួន៤គ្រឿង សរុបទឹកប្រាក់ ៦៥០០ដុល្លារ, លុយខ្មែរអស់ ១លានរៀល, លុយដុល្លារ ៦៤០០ដុល្លារ, មាស៥ ជី២ហ៊ុន និងរបស់ របរ ប្រើប្រាស់មានតុ ទូ គ្រែ ទូរទូស្សន៍ ចានឆ្នាំង និងសម្លៀកបំពាក់ ជាច្រើនទៀត ។

តាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះឱ្យដឹងថា នៅផ្ទះមានតែគាត់ និងម្តាយចាស់ជរាឈ្មោះជា ផន អាយុ ៩៤ឆ្នាំ ។ ពីក្បាលល្ងាច គាត់បាន ដាំបាយ ពន្លត់ភ្លើង តាមទម្លាប់ជាធម្មតា ព្រោះគាត់ជាមនុស្ស ប្រយ័ត្នណាស់ រឿងភ្លើងចង្ក្រាន ។ យប់នោះម៉ោងជាង ១រំលងអធ្រាត្រ រូបគាត់ កំពុងដេក លង់ លក់ ស្រាប់តែមាន ភ្លើងឆេះផ្ទះយ៉ាង សន្ធោរសន្ធៅទៅហើយ ទើបគាត់ដឹងខ្លួន ហើយបានប្រញាប់យក ម្តាយចុះដី និង ស្រែក ឱ្យ គេជួយ ប៉ុន្តែ មិន អាចជួយ ពន្លត់បានទេ ព្រោះភ្លើងបានឆេះ ពេញបន្ទុកទៅហើយ គាត់បានព្យាយាម ចូលយករបស់របរ មួយចំនួន ក៏ត្រូវភ្លើងឆាប រលាកខ្លួនដែរ ។

ចំពោះមូលហេតុ គឺគាត់បានចោទថា មានគេលួចដុត ព្រោះភ្លើងផ្ទះ បាយគាត់ពន្លត់ យ៉ាងត្រឹមត្រូវ ហើយ ចង្ក្រានគាត់ បានចាក់ស៊ីម៉ង់ត៍ ពីក្រោម ទៀតផង មិនអាចឆេះ បានឡើយ ចំណែកភ្លើងអគ្គិសនីវិញ មានតែនៅ ខាងមុខផ្ទះប៉ុណ្ណោះ ដោយហេតុនេះ រូបគាត់សូមឱ្យ សមត្ថកិច្ច ជួយ ស្រាវជ្រាវ វែកមុខអ្នកលួច ដុតផ្ទះគាត់ផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]