ឥណ្ឌា៖ ឪពុកម្តាយរបស់ ក្មេងប្រុសម្នាក់ ដែលកើតជំងឺចម្លែក វៀចក្បាល ទៅមួយចំហៀង បានសារភាពថា ពួកគេចង់ឲ្យ កូនប្រុសខ្លួនស្លាប់ ប្រសើរជាង បន្តឃើញ កូនប្រុស រស់នៅដោយវេទនា បែបនេះទៀត។


ក្មេងប្រុស Madhya

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស អាយុ១២ឆ្នាំ ឈ្មោះ Madhya រស់នៅភូមិភាគ កណ្តាល នៃប្រទេសឥណ្ឌា បានកើតជំងឺ ដ៏ចម្លែក និងកម្រម្យ៉ាង ដែលឆ្អឹងត្រង់-ក របស់ Madhya មិនត្រង់ស្មើ ហើយក្បាល របស់ក្មេងប្រុសនោះ បានវៀច ទៅមួយចំហៀង ខាងស្តាំ។ លើសពីនេះ ក្មេងប្រុសនេះ មានឆ្អឹងខ្សោយ ដែលមិនអាចឈរ និង ដើរ ហើយបានត្រឹមតែ អង្គុយមួយកន្លែង ប៉ុណ្ណោះ។ Madhya អាចត្រឹមតែ លូនវារប៉ុណ្ណោះ ហើយត្រូវការ អ្នកជួយបញ្ចុកចំនី និងជួយគេ ធ្វើអ្វីៗគ្រប់បែបយ៉ាង។


អ្នកស្រី Sumitra វ័យ៣៥ឆ្នាំ ជាម្តាយរបស់ ក្មេងប្រុស Madhya

លោក Mukesh  វ័យ ៤០ឆ្នាំ និង អ្នកស្រី Sumitra វ័យ៣៥ឆ្នាំ  ជាឪពុក និងម្តាយរបស់ ក្មេងប្រុសនេះ ដែលធ្វើការងារជា កម្មករសំណង់ បាន និយាយ ថា សភាពជំងឺ កូនប្រុសពួកគាត់ បានកើតឡើងតាំងពី គេមានអាយុ ១៨ខែ ប៉ុន្តែពួកគាត់ គិតថា គ្រាន់តែជា ជំងឺធម្មតា ហើយនឹងអាច ជាសះស្បើយវិញ។ ប៉ុន្តែនៅពេល Madhya មានអាយុ ៣ឆ្នាំ ក្បាលរបស់គេ ក៏វៀចទៅម្ខាង លែងត្រង់ ដូចដើមវិញ ។ ពួកគាត់ទាំងពីរ ដែលមានជីវភាព ខ្សត់ខ្សោយ បានខ្ចីលុយ មិត្តភក្តិ និងសាច់ញាតិ ដើម្បីបានទៅពិគ្រោះ ជាមួយគ្រូពេទ្យ ជាង ៥០នាក់ ជុំវិញ ប្រទេសឥណ្ឌា អំពីជំងឺ របស់ Madhya ប៉ុន្តែគ្មានគ្រូពេទ្យណា អាចព្យាបាល ជំងឺកូនប្រុសគាត់ បានឡើយ។ ក្រោយមក នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ពួកគាត់ ក៏ឈប់ទៅរក គ្រូពេទ្យ និង បន្តចិញ្ចឹមបីបាច់ មើលថែរក្សា កូនរបស់គាត់ ទៅតាមលទ្ធផល ដែលអាចធ្វើទៅបាន ។

ប៉ុន្តែ សម្រាប់អ្នកស្រី Sumitra បាននិយាយថា គាត់មិនចង់ឃើញ Madhya រស់នៅ វេទនាទៀតឡើយ ពីព្រោះគេ មិនអាចធ្វើអ្វី បានទាំងអស់ ក្រៅពីអង្គុយមួយកន្លែង ហើយគាត់ត្រូវ លើកពរ Madhya ជានិច្ច ដែលពេលនេះគេ មានអាយុ ១២ឆ្នាំទៅហើយ ។ គាត់បន្ថែមថា ប្រសិនជា គ្រូពេទ្យនៅតែ មិនអាចព្យាបាល កូនគាត់បាន វាជារឿងប្រសើរបើព្រះ មកយកជីវិត កូនរបស់គាត់ទៅ


ក្រុមគ្រួសាររបស់ ក្មេងប្រុស Madhya

គួរបញ្ជាក់ផងដែរថា លោក Mukesh និង អ្នកស្រី Sumitra ក៏មានកូន បីនាក់ ផ្សេងទៀតដែរ ប៉ុន្តែពួកគេ មានសុខភាពល្អ និង មិនកើតជំងឺ អ្វីនោះទេ ហើយពួកគេ ទាំងបួន កើតនៅផ្ទះដូចគ្នា និង មិនដែលបានទៅ ពិនិត្យផ្ទៃពោះ នៅពេលមានទម្ងន់ ដូចគ្នាផងដែរ ប៉ុន្តែ ចម្លែកតែ កូនប្រុសអាយុ ១២ឆ្នាំម្នាក់នេះ ដែលកើតមាន ជំងឺដ៏ចម្លែក និងកម្រនេះ។  

លោក Mukesh បានប្រាប់ថា អ្នកភូមិ និង ប្រជាជន នៅជិតខាង បាននិយាយមើលងាយ និង សើចដាក់ចំអក ឲ្យកូនរបស់គាត់ និង ថាជាអំពើ បាប ដែលបានសាង ពីជាតិមុន ទើបកូនគាត់ កើតជំងឺបែបនេះ ដែលធ្វើឲ្យពួកគាត់ ឈឺចាប់ជាខ្លាំង ។

តែទោះបីជាយ៉ាងណា សម្រាប់ លោក Mukesh ដែលទោះបីជា មិនចង់ឃើញ កូនប្រុសបន្តរស់ ដោយវេទនា  ប៉ុន្តែគាត់ថា គាត់នៅតែមានក្តី សង្ឃឹម ថានឹងមានអព្ភូតហេតុុ កើតឡើង ហើយគាត់ក៏ចង់ឃើញ កូនរបស់គាត់ បានទៅសាលារៀន មានមិត្តភក្តិ និង រស់នៅ ក្នុងជីវិតដូចមនុស្សធម្មតា នៅថ្ងៃណាមួយដែរ៕


លោក Mukesh វ័យ ៤០ឆ្នាំ ជាឪពុក របស់ Madhya

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]