ថៃ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី ជនជាតិថៃ អាយុ២ឆ្នាំម្នាក់ មានឈ្មោះថា Matheryn Naovaratpong បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត ដោយសារតែ មានជំងឺដុះដុំសាច់ ក្នុងខួរក្បាល ហើយឪពុកម្តាយរបស់នាង បានយកនាង ទៅក្លាស្សេ ដោយសង្ឃឹមថា ថ្ងៃណាមួយ នឹងអាចជួយនាង ឲ្យរស់ឡើងវិញបាន តាមបែបវេជ្ជសាស្ត្រជាន់ខ្ពស់។

នាង Matheryn Naovaratpong គឺជាមនុស្ស វ័យក្មេងបំផុត ដែលត្រូវបានគេ យកសាកសព ទៅក្លាស្សេបែបនេះ។


ក្មេងស្រីឈ្មោះ Naovaratpong

ប្រភពដដែល បានបន្តទៀតថា នាង Naovaratpong បានកើតជំងឺមហារីក កាលពីខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីនាង បានសន្លប់បាត់បង់ស្មារតី នៅព្រឹកមួយ។ បន្ទាប់ពីបានបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ នៅឯទីក្រុង បាងកក រួចមក លទ្ធផលបានបង្ហាញថា នាង Naovaratpong មានដុំសាច់ ទំហំ ១១សង់ទីម៉ែត្រ ដុះនៅផ្នែកខាងឆ្វេង នៃខួរក្បាលរបស់នាង។

គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ឃើញថា នាង Naovaratpong ដែលមានអាយុ ទើបតែ២ឆ្នាំនោះ បានកើតជំងឺម្យ៉ាង ដែលមានឈ្មោះថា “Ependymoblastoma” ដែលវាជាជំងឺ ដុះដុំសាច់ក្នុងខួរក្បាល ដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុត ដែលតែងកើតមាន តែលើ ក្មេងតូចៗ ឬទារកប៉ុណ្ណោះ។ គ្រូពេទ្យបានឲ្យដឹងថា ជំងឺនេះ អាចមានអត្រា រស់រានមានជីវិត រយៈពេល៥ឆ្នាំ ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។

បន្ទាប់ពីទទួលការព្យាបាល យ៉ាងល្អិតល្អន់ អស់រយៈពេល១ខែ រួមមានដូចជា ការវះកាត់ខួរក្បាល ចំនួន១២ដង, ការប្រើប្រាស់ សារធាតុគីមីព្យាបាល ចំនួន២០ដង និងការព្យាបាល ដោយវិទ្យុសកម្ម ចំនួន ២០ដង ក៏សបង្ហាញឲ្យឃើញថា នាង Naovaratpong មានសង្ឃឹមតិចណាស់។

រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នាង Naovaratpong បានស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ផងដែរថា នៅពេលដែលនាងបានស្លាប់ នាងបានបាត់បង់ ខួរក្បាលផ្នែកខាងឆ្វេង ចំនួន៨០ភាគរយ និងរាងកាយសំខាន់ៗ ផ្នែកខាងស្តាំ របស់នាងផងដែរ។ ប៉ុន្តែដោយសារតែ ទឹកចិត្តស្រលាញ់ ចំពោះកូនខ្លាំងពេក ក្រុមគ្រួសាររបស់ Naovaratpong បានយករាងកាយនាង ទៅក្លាស្សេតែម្តង ដោយសង្ឃឹមថា នៅថ្ងៃណាមួយ នឹងអាចជួយសង្គ្រោះនាង ឲ្យរស់ឡើងវិញបាន តាមបែបវេជ្ជសាស្រ្តជាន់ខ្ពស់ ណាមួយ។

យ៉ាងណាមិញ នាង Naovaratpong កំពុងតែត្រូវបាន ក្រុមគ្រួសារ ដាក់ក្លាសេសាកសព ដោយដាក់ ខួរក្បាល និងខ្លួនប្រាណនាង នៅដាច់ដោយឡែកពីគ្នា ក្នុងសីតុណ្ហភាព ដក១៩៦អង្សាសេ នៅឯអង្គការមួយ ដែលមានឈ្មោះថា Alcor Life Extension Foundation ឬហៅកាត់ថា Alcor ដែលមានទីតាំង ស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ម្តាយឪពុកនាង Naovaratpong បានគិតថា ទោះបីជា មានមនុស្សប៉ុន្មាននាក់ ខឹងសម្បារ ឬជជែកតវ៉ា យ៉ាងណាក៏ដោយ ប៉ុន្តែពួកគាត់ សង្ឃឹមថា ថ្ងៃណាមួយ  វិទ្យាសាស្រ្ត នឹងរីកចម្រើនគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ ជីវិតរបស់នាង Naovaratpong ឡើងវិញ។ ជាមួយគ្នានេះដែរ ពួកគាត់ចង់ឲ្យ កោសិកាខួរក្បាល និងផ្នែកផ្សេងៗ នៃរាងកាយរបស់នាង ត្រូវបានរក្សាទុក ដូច្នេះហើយ ជំងឺដ៏កាចសាហាវ ដែលបានសម្លាប់នាង Naovaratpong នឹងអាចយកទៅសិក្សា នៅពេលអនាគត។

ទោះបីជាយ៉ាងណា ឪពុកម្តាយនាង Naovaratpong ត្រូវចំណាយប្រាក់យ៉ាងច្រើន ចំពោះការធ្វើបែបនេះ ដោយត្រូវបង់ថ្លៃ ចូលជាសមាជិក Alcor តម្លៃ៧៧០ដុល្លារ ក្នុងមួយឆ្នាំ បូកជាមួយនឹង ការដាក់ក្លាស្សេ ខួរក្បាល ចំនួន ៨០,០០០ដុល្លារ ឬ ៣០០,០០០ដុល្លារ សម្រាប់ការដាក់ ក្លាស្សេខ្លួនប្រាណទាំងមូល។

គួររំលឹកផងដែរថា Alcor គឺជាទីកន្លែង ដែលសាកសព កីឡាករវាយកូនបាល់ ដ៏ល្បីឈ្មោះ Ted Williams និងកូនប្រុសរបស់គាត់ John Henry Williams បានដាក់ក្លាស្សេតម្កល់ នៅទីនោះ៕

ប្រភព ៖ ដេលីម៉ែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]