ខេត្តបាត់ដំបង ៖ យុវជន៣នាក់ ទំនងទើបចេញ ពីកន្លែងផឹកស៊ី បានបើករថយន្ត ទៅបុកគូទរថយន្ត ដឹកទឹកកក ដែលឈប់ស្ងៀម នៅលើចិញ្ចើមថ្នល់ ជាតិលេខ៥ បណ្ដាលឲ្យ ស្លាប់ទាំង៣នាក់ កាលពីវេលា ម៉ោង៣ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ មេសា ត្រង់ចំនុច ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ។

សមត្ថកិច្ច បានប្រាប់ថា រថយន្តម៉ាកនីស្សាន់ ពណ៏ក្រហម ជិះគ្នា៣នាក់ ដែលទំនងទើបចេញ ពីកន្លែងផឹកស៊ី ឬចេញពីក្លិប ខារ៉ាអូខេណាមួយ នៅក្នុងក្រុងបាត់ដំបង ហើយបើកត្រឡប់ ទៅផ្ទះវិញ នៅឯស្រុកថ្មគោល ក៏ជួបគ្រោះថ្នាក់ តែម្ដង ។

សមត្ថកិច្ចបន្តថា ពេលបើកដល់ចំនុចខាងលើ រថយន្តនីស្សាន់នោះ ក៏បុកគូទរថយន្ត ដឹកទឹកកក ពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ ទាំង៣នាក់ កៀបជាប់ក្នុងរថយន្ត ។

សមត្ថកិច្ច បញ្ជាក់ថា រថយន្តដឹកទឹកកក របស់ក្រុមហ៊ុន «សេះហោះមានជ័យ» នោះខូច ហើយឈប់នៅលើ ចិញ្ចើមថ្នល់ ក្នុងទិសដៅ ពីកើតទៅលិច តែគ្មានស្លាកសញ្ញា ឬចំណាំងផ្លាត ឲ្យគេឃើញ ពេលយប់នោះទេ ។

អ្នកភូមិនៅក្បែរនោះ បានឲ្យដឹងដែរថា មិនមានអ្នកណា បានឃើញផ្ទាល់ភ្នែក នៅក្នុងហេតុការណ៏ នេះទេ តែគេបានឮសំឡេង បុកយ៉ាងខ្លាំង លុះអ្នកភូមិ នាំគ្នាទៅមើល ស្រាប់តែគេឃើញ រថយន្តតូចនោះ បានបុកចូលក្រោមគូទ រថយន្តដឹកទឹកកក ពីក្រោយ ។ គ្រានោះមានមនុស្ស៣នាក់ កៀបជាប់ នៅក្នុងរថយន្ត ស្ងាត់មាត់ឈឹង ពោរពេញទៅដោយ ឈាមជោកជាំ ក្នុងរថយន្ត ។ ប៉ុន្តែគេមិនអាច ជួយទាញមនុស្សចេញ ពីក្នុងរថយន្តបានទេ បានត្រឹមតែ រាយការណ៏ ប្រាប់សមត្ថកិច្ច តែប៉ុណ្ណោះ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]