រាជធានីភ្នំពេញ ៖ បុរស២នាក់ត្រូវបាន សមត្ថកិច្ចនគរបាលកង រាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកង រាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបាន នៅចំណុចក្បែរ ភោជនីយដ្ឋានយីហោ លី សុជាតិ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាព ចែកចាយថ្នាំញៀន និងជាមុខសញ្ញាចោរកម្ម ហើយធ្លាប់ជាប់ ពន្ធនាគារផងដែរ ។

ជនទាំង២នាក់ខាងលើ ទី១ ឈ្មោះ សៅ សម្បត្តិ អាយុ២៥ឆ្នាំ មុខរបរ យោធា ស្នាក់នៅទីស្នាក់ការ ខណ្ឌទួលគោគ និងទី២ ឈ្មោះ សេង ភក្តី អាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ក្នុងប្រតិបត្តិការឃាត់ ខ្លួនជនទាំង២នេះ សមត្ថកិច្ចដកហូត បានថ្នាំញៀន៥កញ្ចប់ និងជញ្ជីងថ្លឹងថ្នាំ១ អាវុធខ្លីម៉ាកCF98-9 គ្រាប់កាំភ្លើង១៥គ្រាប់ ម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1H 0439 និងឯកសារផ្សេងៗទៀត ។
 
គួររំលឹកថា ជនទាំង២នាក់ខាងលើ ជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារពាក់ព័ន្ធ នឹងសកម្មភាពឆក់ប្លន់ និងគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិ សាស្ត្រ សង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ហើយនៅពេលដែលសមត្ថកិច្ច ចាប់ខ្លួនឆែកសួរនាំម្តងៗ ត្រូវមេបញ្ជាការម្នាក់ មានងារជាឧត្តមសេនីយ៍អង្គរក្ស និងម្នាក់ទៀត ជាមន្ត្រីក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ ចេញមុខអន្តរាគមន៍ ស្តីបន្ទោស ដល់សមត្ថកិច្ច ហាក់បីដូចជាបុគ្គល រូបនេះគ្មានបទ ល្មើសអ្វីសោះ ។ 

ចំពោះការឃាត់ខ្លួនលើកនេះ ប្រជាពលរដ្ឋសង្ឈឹមថា លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងមានប្រជាប្រិយភាព ក្នុងការដឹកនាំបញ្ជាកម្លាំង បង្ក្រាបបទល្មើសទូទៅ ក្នុងរាជធានីភ្នំពេញ នឹងចាត់ការកសាង សំណុំរឿងបញ្ចូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ ហើយក៏សង្ឈឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងចាត់ការដល់បុគ្គលជាមុខសញ្ញាចាស់នេះ ផ្តន្ទាទោសដាក់ពន្ធធនាគារ តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនចែកចាយ ថ្នាំញៀនខាងលើនេះ ដំបូងឡើយសមត្ថកិច្ច អាវុធហត្ថខណ្ឌមានជ័យ បានល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រខាងលើ ហើយប្រទះឃើញពួក គេជិះម៉ូតូក្នុងល្បឿនលឿន គេចពីសមត្ថកិច្ច ទើបសមត្ថកិច្ចសម្រុក ដេញចាប់ស្ទាក់ឆែកឆេរ ប្រទះឃើញថ្នាំញៀន និងវត្ថុតាងមួយចំនួនខាងលើ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]