ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដោយក្មេងស្រីឈ្មោះខុន ស៊ាងឡេង អាយុ២ឆ្នាំ ត្រូវបាន ក្រុមក្មេងទំនើង មួយក្រុម មានគ្នា៣នាក់ ចាក់លេច១ផ្លែដាវ ដោតជាប់ នឹងដើមទ្រូង ធ្លាយពី ម្ខាងទៅម្ខាង ដ៏ឃោរឃៅ ព្រៃផ្សៃបំផុត ស្លាប់ក្នុង ថ្លុកឈាម ។ ហេតុការណ៏នេះ កើតឡើងនៅ វេលាម៉ោង ៧យប់ថ្ងៃទី១៤ មេសា ២០១៥ ស្ថិតនៅភូមិ ត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយត្រូវ បានសមត្ថកិច្ច ស្រាវជ្រាវតាម ប្រមាញ់ ចាប់ជនសង្ស័យ បានចំនួន ២នាក់ ជាមនុស្ស ញៀនថ្នាំផងដែរ ។

អ្នកស្រីសុខ សារុំ អាយុ៣៦ឆ្នាំ នៅភូមិឃុំកើតហេតុប្រាប់ឲ្យដឹងថា ដោយសារតែបាត់ប្អូន ប្រុសឈ្មោះចាន់ យូរពេក មិនទាន់ឃើញ ត្រឡប់មក ផ្ទះវិញនោះ រូបគាត់ និងក្មួយៗប្រុស ស្រីមាន គ្នា៧នាក់ បានដើរចេញ ពីផ្ទះទៅ តាមរកប្អូន នៅផ្ទះ ផឹកស៊ី១ កន្លែងរបស់ឈ្មោះ ស្រឿន ដែលមានចំងាយ ជាង១គីឡូម៉ែត្រ តែមិនបានឃើញ នោះទេ នាព្រលប់ ថ្ងៃទី១៤ មេសា ។

អ្នកស្រីប្រាប់បន្តថា ស្របពេលដែលកំពុងតែដើរនៅ លើកំណាត់ផ្លូវលំ ក្រាលក្រួស ក្រហម ត្រង់ម្តុំលូ នៅសល់ ចំងាយ ប្រហែលជា១០០ម៉ែត្រ ដល់ភូមិនោះ     ស្រាប់តែ ឃើញម៉ូតូ ១គ្រឿង ជិះមក ពីក្រោយ ប្រើប្រាស់ ល្បឿនលឿន មានគ្នា ៣នាក់ ពេលមកដល់កៀក នឹងក្រុមគាត់ ក៏មានជន មិនស្គាល់ អត្តសញ្ញាណម្នាក់លើកដាវ ចាក់សំដៅ លើឈ្មោះ សច្ចារ តែមិន ត្រូវនោះទេ ដោយបានគេច ទាន់ពេលវេលា ។ បែរជាទៅ ត្រូវក្មួយស្រីតូច អាយុ២ឆ្នាំ កំពុង តែពរនៅ នឹងចង្កេះបងស្រីរបស់ គេឈ្មោះ ស៊ាង ហាក់ អាយុ១១ឆ្នាំ ដោយបាន ផ្លោងខ្ទាតទៅទើរ នឹងគម្ពោធព្រៃ ស្លាប់យ៉ាង ខ្លោចផ្សារ ដាវដោតជាប់ នៅក្រោម ឃ្លៀកឆ្វេង ធ្លុះពីម្ខាងទៅម្ខាង ។ ចំណែកម៉ូតូ របស់ក្រុម ឃាតករនោះ បានដួល បណ្តាលឲ្យ រងការខូចខាត បន្តិចក្រោយមក ម្នាក់បានលើក ម៉ូតូបញ្ឈរ ឡើងជិះបន្ដ ដំណើរ ទៅមុខ ចំណែកបក្ស ពួក២នាក់ទៀត បានរត់គេច ខ្លួនតាម វាលស្រែ ទៅទិសខាងកើត ចូលក្នុងព្រៃ គេចខ្លួនបាត់ ។ 

យុវជនឈ្មោះ មឿន សច្ចារ អាយុ១៨ឆ្នាំ ស្រុកកំណើតភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម រស់នៅ ភូមិភូមិ រំចេក ប្រាប់ឲ្យដឹងថា ក្នុងពេលដែល ដើរត្រឡប់មកពីរកបង ឈ្មោះចាន់ វិញ មេឃ រាងងងឹត ផងនោះ បានឃើញម៉ូតូ ១គ្រឿង ជិះគ្នា៣នាក់ មកពីក្រោយ ដោយបាន យារដៃលើក ដាវប្រុង ចាក់រូបគេ តែសំណាង បានប្រាស ខ្លួនចូលទៅ អែបចញ្ចើមថ្នល់ ក៏ផ្លែដាវ នោះបានចាក់ ត្រូវក្មួយស្រី របស់គេ អាយុ២ឆ្នាំ ស្លាប់យ៉ាងសង្វេក ក្នុងចំណោម ជនបង្កទាំង ៣នាក់នោះ មិនស្គាល់ម្នាក់ ណានោះទេ មិនដឹងជា ហេតុអីបាន ជាក្រុមនោះ មកតាមចាក់ លើរូបគេ ទាំងមិនដឹង អ្វីសោះ ។

អ្នកស្រីស៊ាង ហ៊ត់ អាយុ៣០ឆ្នាំ ត្រូវជាម្តាយក្មេងស្រីដែលស្លាប់ខាងលើ ប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់ មានកូន ចំនួន ៤នាក់ក្នុងបន្ទុក ពេលមុនកើត ហេតុកូនស្រីឈ្មោះ ស៊ាង ហាក់ អាយុ១១ឆ្នាំ ដែលពរប្អូនស្រីពៅ ឈ្មោះ ស៊ាង ឡេង ត្រូវបាន ក្រុមក្មេងទំនើង មកចាក់ កូនស្រីគាត់ លេច១ផ្លែដាវ របូតចេញពី ដៃបងស្រីរបស់គេ ស្លាប់ភ្លាមៗ ។ ទង្វើដ៏ឃោរ ឃៅនេះ សូមឲ្យសមត្ថកិច្ច តាមស្រាវជ្រាវ ចាប់ក្រុម ឃាតករ មកផ្តន្ទាទោស ឲ្យបាន ធ្ងន់ធ្ងរបំផុត នឹងព្រមទាំងបាន ទាមទារ សំណងជំងឺចិត្ត ចំនួន ១ម៉ឺនដុល្លារផងដែរ ។ 

លោកវរសេនីយ៏ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ប្រាប់ឲ្យដឹងដែរថា នៅពេលដែល មានហេតុការណ៏ អំពើឃាតកម្ម ខាងលើ កម្លាំងប៉ុស្ត៏រដ្ឋបាល ឃុំអូរស្វាយ បានរាយការណ៏ មករូបលោក ក៏បានចុះ ទៅដល់ កន្លែងកើតហេតុ ទាំងយប់ ថ្ងៃទី១៤ មេសា ២០១៥ ។ ជាមួយគ្នានោះ លោកឧត្តម សេនីយត្រី បែន រ័ត្ន ស្នងការ នគរបាលខេត្ត ចាត់នគរបាល ការិយាល័យ បច្ចេកទេសខេត្ត ចុះមកពិនិត្យ សពក្មេងទាំង យប់ផងដែរ ។ រហូតមក ដល់ព្រឹកថ្ងៃទី១៥ មេសា បានឃាត់ជនសង្ស័យចំនួន ២នាក់ ក្នុងនោះមាន១ ឈ្មោះ ស៊ន់ ផល ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ទី២ ឈ្មោះ ស្រ៊ុន ពិសី ហៅប៉ោង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម បើតាមរយៈការ ធ្វើតេស្ត ទឹកនោមទាំង ២នាក់ ជាមនុស្សញៀនថ្នាំ ត្រូវបាននាំខ្លួន មកកាន់អធិការដ្ឋា នគរបាល ស្រុកកំពង់ សៀម សួរនាំ ។ 

សូមបញ្ជាក់ថា អង្គការ CPU របស់អូស្ត្រាលី នាព្រឹក ថ្ងៃទី១៥ មេសា បានចុះមកសហការជាមួយនឹងជំនាញបច្ចេកទេសខេត្ត ដោយបានប្រមូលស្បែកជើង១គូ ដែលជនសង្ស័យរបស់ក្រុមឃាតករ បន្សល់ទុកនៅកន្លែងកើតហេតុ ម្តុំលូទឹក ក្នុងភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីយកទៅពិនិត្យមើល
 DNA ដែលមានឧបករណ៏បច្ចេកទេសខ្ពស់ អាចដឹងពីអត្តសញ្ញាណពួកឃាតករបាន ដូច្នេះពួកនោះទំនងជាមិនអាចរត់គេចពីសំណាញ់ច្បាប់បាននោះទេ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]