កេនយ៉ា៖ រមាសឈ្មោលមួយក្បាល ត្រូវបានការពារ ២៤ម៉ោង ដើម្បីគេចផុតពី ការសំលាប់ ពីសំណាក់ ពួកអ្នកបរបាញ់។

រមាស.ស ឈ្មោលមួយក្បាល ចុងក្រោយនេះ មានឈ្មោះថា Sudan ត្រូវបានយាមទាំងថ្ងៃ ទាំងយប់ ដោយកងល្បាត នៅតំបន់ការពារ សត្វព្រៃ Ol Pejeta Conservancy ស្ថិតក្នុងប្រទេសកេនយ៉ា ហើយក្រៅពីនោះ វាក៏ត្រូវគេបំពាក់ ឧបករណ៍តាមដាន ដើម្បីឃ្លាំមើល ការផ្លាស់ទី របស់វា គ្រប់ពេល ផងដែរ។


កងការពារកំពុងឈរយាម រមាស.ស Sudan 

សត្វរមាស.ស ញីចំនួន២ក្បាល ត្រូវគេដាក់ឲ្យរស់នៅ ជាមួយរមាស.ស Sudan ដើម្បីបង្កាត់ពូជ នៅតំបន់ការពារ សត្វព្រៃ Ol Pejeta ប៉ុន្តែការព្យាយាមនេះ គឺមិនទាន់ទទួល ជោគជ័យនៅឡើយ។

យ៉ាងណាមិញ ស្នែងទាំងអស់ របស់ Sudan ត្រូវបានគេកាត់ចេញ ដើម្បីទប់ស្កាត់ ពីក្រុមអ្នកប្រម៉ាញ់ ដែលសំលាប់សត្វរមាស ដើម្បីយកស្នែងទៅលក់ ក្នុងតំលៃដ៏ថ្លៃ នៅប្រទេស ក្នុងតំបន់អាស៊ី ដែលគេជឿជាក់ថា ស្នែងរមាស អាចព្យាបាលជំងឺ ជាច្រើនប្រភេទ។

ក្រុមអ្នកអភិរក្ស បានឲ្យដឹងថា មូលហេតុតែមួយគត់ ដែលពួកគាត់ កាត់ស្នែងរបស់ Sudan ចេញ គឺដើម្បី ការពារវា ពីក្រុមអ្នកបរបាញ់ បើសិនជារមាស មិនមានស្នែង គឺគេមិនចាប់អារម្មណ៍ វានោះទេ ហើយវាជាវិធី ដែលអាចការពារវា ឲ្យមានសុវត្ថិភាព។

កងការពារសត្វរមាសម្នាក់ បានប្រាប់ថា គាត់ហ៊ានលះបង់ជីវិត ដើម្បីការពារសត្វរមាស ឲ្យមានសុវត្ថិភាព។ “ជាមួយនឹងការកើនឡើង នូវតំរូវការ ស្នែងសត្វរមាស ពួកយើងប្រឈមមុខ នឹងការលួច បរបាញ់ ជាច្រើនដង។ ពួកយើងតែងតែ ប្រថុយជីវិត ក្នុងការបំពេញតួនាទី” កងការពាររូបនោះ បានប្រាប់ដូច្នេះ។

គួរបញ្ជាក់ថា Sudan និងរមាសបីក្បាល ផ្សេងទៀត បានយកចេញពីសួនសត្វ នៃប្រទេសឆេក មករស់នៅ តំបន់អភិរក្ស ក្នុងឆ្នាំ២០០៩ ដោយគេរំពឹងថា នឹងអាចឲ្យវា បង្កកំណើតបាន ជាមួយនឹងអាកាសធាតុ និងបរិស្ថានលក្ខណៈ ធម្មជាតិ។

គួររំលឹកដែរថា មិនមានកូនរមាសថ្មី ត្រូវបានកើតនោះទេ ហើយរមាសឈ្មោល មួយក្បាលទៀត នៅក្នុងក្រុម មានឈ្មោះ Suni បានងាប់កាលពី ខែតុលាឆ្នាំទៅ ដោយបច្ចុប្បន្ន នៅសល់ រមាស.ស ឈ្មោលចុងក្រោយ ឈ្មោះ Sudan នេះ និងរមាសញី តែពីរក្បាល ប៉ុណ្ណោះ៕


កងការពារទាំងនេះប្តេជ្ញា ប្តូរជីវិតដើម្បីការពារសត្វរមាស.ស ឈ្មោលចុងក្រោយពីការប្រម៉ាញ់


រមាសនេះ ត្រូវគេបំពាក់ ឧបករណ៍តាមដាន ដើម្បីឃ្លាំមើលការផ្លាស់ទីរបស់វា


ស្នែងរបស់សត្វរមាស ដែលជាឱសថដ៏មានតំលៃក្នុងបណ្តាប្រទេសនៅអាស៊ី

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]