បរទេស៖ យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិរុស្ស៊ី ម្នាក់ បានស្ម័គ្រចិត្ត ធ្វើជាមនុស្ស ដំបូងគេបង្អស់ លើពិភពលោក ដោយ ឲ្យវេជ្ជបណ្ឌិតជំនាញ ធ្វើការ វះកាត់ក្បាល របស់គាត់ តភ្ជាប់ជាមួយ រាងកាយថ្មីមួយទៀត ។


លោក Valery Spiridonov វ័យ ៣០ឆ្នាំ ជាជនជាតិរុស្ស៊ីមានបំណងធ្វើការវះកាត់ ត ក្បាល

បុរសម្នាក់នេះ មានឈ្មោះ Valery Spiridonov វ័យ ៣០ឆ្នាំ ជាអ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យាកុំព្យូទ័រម្នាក់ បានស្ម័គ្រចិត្តចង់ធ្វើ ជាមនុស្សដំបូងគេ បង្អស់ លើពិភពលោក ក្នុងការវះកាត់ក្បាល តភ្ជាប់ជាមួយ រាងកាយថ្មីមួយទៀត  ក្រោយពីពេល គាត់បានដឹងថាមាន វេជ្ជបណ្ឌិតមួយរូប ដែលបាន ប្រកាសថាអាច វះកាត់ ដោយកាត់ ក្បាល ពីខ្លួនរបស់មនុស្សម្នាក់ មក តភ្ជាប់នឹង ខ្លួនមនុស្សផ្សេងទៀតបាន ។

ប្រភពដដែលបានឲ្យដឹងថា លោកវេជ្ជបណ្ឌិតជនជាតិ អ៊ីតាលីឈ្មោះ Sergio Canavero ជាគ្រូពេទ្យវះកាត់ម្នាក់ ដែលបានប្រកាសថា គាត់ អាចនឹង ធ្វើ ឲ្យការវះកាត់ ដែលមិនកើតមាន ពីមុននេះ កើតមានឡើងបាន។ គ្រូពេទ្យរូបនេះ បាននិយាយថា  បច្ចេកវិទ្យាដ៏ទំនើបសម័យថ្មីនេះ  គឺគ្រប់គ្រាន់ អាចឲ្យគាត់ ធ្វើការ វះកាត់ តភ្ជាប់ ក្បាល ពីក្បាលមនុស្ស ម្នាក់ ទៅលើ រាងកាយមនុស្សម្នាក់ ផ្សេងទៀតបាន ។ គ្រូពេទ្យនេះ បានបន្ត ការវះកាត់នេះ បើអាចកើតឡើងមែន  នឹងត្រូវ ចំណាយពេល ៣៦ ម៉ោង ដែលត្រូវចំណាយប្រាក់ ប្រមាណ លើសពី ១០លានដុល្លារអាមេរិក ខណៈដែល រាងកាយមនុស្សដែល នឹងធ្វើការវះកាត់ ដាក់តភ្ជាប់ ជាមួយ ក្បាលអ្នកជំងឺ ត្រូវតែជា រាងកាយបានមកពី ការបរិច្ចាគមនុស្ស មានសុខភាពល្អ ដែលទើបនឹងស្លាប់ ដោយតភ្ជាប់ ឆ្អឹង និងសរសៃ ភ្ជាប់គ្នា ។ ប៉ុន្តែ គ្រូពេទ្យនេះ ក៏បាន បញ្ជាក់ថា គាត់ បរាជ័យក្នុង ការរក មូលនិធិធ្វើការ វះកាត់នេះ លើសពីនេះទៀត ការវះកាត់នេះ ត្រូវការ គ្រូពេទ្យនិង គិលានុបដ្ឋាយិកា ចំនួន ១៥០ នាក់ចូលរួមផងដែរ  ។


លោកវេជ្ជបណ្ឌិតជនជាតិ អ៊ីតាលីឈ្មោះ Sergio Canavero

ដោយឡែក ប្រភពដដែល បានឲ្យដឹងថា មូលហេតុដែលនាំ ឲ្យលោក Spiridonov ចង់ក្លាយជាមនុស្សដំបូង ឲ្យគ្រូពេទ្យ កាត់ក្បាល ដើម្បីតភ្ជាប់ រាងកាយ ថ្មីមួយទៀតនោះ ដោយសារ លោក Spiridonov កើតជំងឺកម្រកើតមានបំផុត ម្យ៉ាងដែល សាច់ដុំរបស់គាត់ឈប់វិវត្តន៍ តាំងពីគាត់ នៅកុមារភាព។ លោក Spiridonov គាត់មិនអាចបញ្ជ ខ្លួនប្រាណរបស់គាត់ បានឡើយ ហើយ គាត់ត្រូវការជំនួយជារៀងរាល់ថ្ងៃ និង គ្រប់ពេល វេលា ហើយពេលនេះ គាត់មាន អាយុ ៣០ឆ្នាំ ទៅហើយ។ គាត់បន្តថា គាត់រងទុក្ខអស់៣០ឆ្នាំ ប៉ុន្តែឥលូវ គាត់ចង់មាន ឱកាសមួយ ជាមួយខ្លួនប្រាណ ថ្មី ។ គាត់ដឹងថានេះ ជាការសម្រេចចិត្ត ដ៏ប្រថុយបំផុត តែគាត់បានតាំងចិត្ត រួចហើយ ។ គាត់ បានឲ្យដឹងទៀតថា គាត់បាន ទាក់ទងជាមួយ គ្រូពេទ្យ Sergio Canavero អស់រយៈពេល ២ឆ្នាំ ដោយពិភាក្សាអំពីដំណើរការ វះកាត់ តាមរយៈ Skype និង អ៊ីម៉ែល ប៉ុន្តែ គាត់ មិនទាន់បានជួប មុខគ្នា ផ្ទាល់ និង ពិនិត្យសុខភាពជាមួយ គ្រូពេទ្យ Sergio នៅឡើយ ។


លោក Spiridonov កំពុង ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

ទោះបីជាយ៉ាង ណាក្តី ការអះអាង ចំពោះ ការវះកាត់ក្បាលរបស់ គ្រូពេទ្យ Sergio ត្រូវបាន ក្រុមជំនាញ ផ្នែកវេជ្ជសាស្ត្រមួយចំនួន និង លោកបណ្ឌិតវេជ្ជសាស្ត្រ Arthur Caplan នៅសហរដ្ឋអាមេរិក បានចាត់ទុក គ្រូពេទ្យ Sergio ថាជា មនុស្សចំកួត ។ ប៉ុន្តែ សំរាប់ គ្រូពេទ្យ Sergio បានថ្លែង ក្នុងបទបង្ហាញក្នុងកម្មវិធី TEDx talk កាលពីឆ្នាំមុនថា ការវះកាត់ អាចនឹង កើតឡើង ក្នុងឆ្នាំ ២០១៧ ហើយ គាត់នឹងបង្ហាញ ឲ្យ អ្នកជំនាញ ទាំងអស់នោះ ថាពួកគេ គិតខុសហើយ ។ 


លោក វេជ្ជបណ្ឌិត បានថ្លែង ក្នុងបទបង្ហាញក្នុងកម្មវិធី TEDx talk កាលពីឆ្នាំមុន

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ១៩៧០ វេជ្ជបណ្ឌិត Robert White បានធ្លាប់ធ្វើ ការវះកាត់ផ្ទេរ ក្បាលបែបនេះ ឲ្យសត្វស្វា មួយក្បាល ទៅដាក់ លើ ខ្លួនប្រាណ សត្វស្វា មួួយក្បាលទៀត ដោយធ្វើការ ពិសោធន៍ក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Case Western ។ ប៉ុន្តែការវះកាត់នោះ ត្រូវបរាជ័យ ដោយសារ សត្វស្វានោះ បានងាប់ ក្នុងរយៈពេល ៨ថ្ងៃក្រោយមក ដោយសារតែ ខ្លួនប្រាណស្វាមួយក្បាលទៀត មិនអាចទទួលយក ក្បាលថ្មី នោះបាន ហើយសត្វស្វា មិនអាចដកដង្ហើមបាន ក៏ដាច់ ខ្យល់ងាប់តែម្តង ៕


លោក  Valery Spiridonov


រូបភាព របៀបដែលបង្ហាញពីការវះកាត់ ត ក្បាល

វីដេអូព័ត៌មាន ដែលបង្ហាញពីការចង់វះកាត់ក្បាលរបស់បុរសនេះ

ប្រភព Dailymail|Oddity |businessinsider

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]