ចង្វាក់រាំ ម៉ាឌីហ្សូន ជាចង្វាក់រាំមួយបែប ដែលពេញនិយម នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនខ្មែរចូលចិត្ត រាំ មិនដែលចោលនោះទេ មិនថា ក្នុង ពិធីមង្គលការ ជប់លៀង ការជួបជុំផ្សេងៗ ក្នុងការរាំអបអរ ចូលឆ្នាំថ្មី ជាដើម។ លើសពីនេះ យុវជនកម្ពុជា ជាច្រើនពាន់នាក់ នឹងនាំគ្នារាំ ចង្វាក់ម៉ាឌីហ្សូន ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃចូលឆ្នាំ លើទឹកដីអង្គរ។ ប៉ុន្តែតើអ្នកធ្លាប់ ដឹងទេថា ចង្វាក់រាំ ម៉ាឌីហ្សូន នេះមកប្រភពមកពីណា?

បើយោងតាមវេបសាយ wikipedia បានសរសេរថា ចង្វាក់រាំម៉ាឌីហ្សូន (Madison dance ) ជាចង្វាក់រាំ មានប្រជាប្រិយភាព អស់រយៈពេល ជាយូរ ណាស់មកហើយ ដោយសារភាពរស់រវើក និងគួរឲ្យចាប់អារម្មណ៍ មិនតែប៉ុណ្ណោះ ចង្វាក់រាំនេះ មានភាពពេញនិយមបំផុត នៅកំឡុងចុង ទសវត្សឆ្នាំ១៩៥០ ដល់ពាក់កណ្តាល ទសវត្សឆ្នាំ ១៩៦០។ ចង្វាក់រាំម៉ាឌីហ្សូន ត្រូវបានបង្កើតឡើង ជាលើកដំបូង នៅក្នុងទីក្រុង Columbus ក្នុងរដ្ឋ អូហៃអូ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៥៧ ហើយក្រោយមក ចង្វាក់រំាំម៉ាឌីហ្សូន ដែលត្រូវរាំជាជួរ ដោយលោត បះជើង ព្រមទាំងទះដៃនេះ បានពេញនិយមជាខ្លាំង នៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវគេ លើកយកមករាំ នៅក្នុងភាពយន្តអាមេរិកដ៏ល្បី មួយចំណងជើងថា «Hairspray» ។ ក្រោយមក ចង្វាក់រាំ ម៉ាឌីហ្សូន បានពេញនិយម និងស្គាល់ជាលក្ខណៈអន្តរជាតិ នៅឆ្នាំ ១៩៥៩ រហូតមកទល់សព្វថ្ងៃនេះ។


រូបភាព ការរាំម៉ាឌីហ្សូននៅសួនវត្តបទុម បំបែកកំណត់ត្រាពិភពលោក (រូបភាពពី loy9)

លើសពីនេះ  តាមវេបសាយដដែលនេះ ក៏បានបញ្ជាក់ថា ចង្វាក់រាំម៉ាឌីហ្សូន ជាចង្វាក់រាំ មានប្រជាប្រិយភាពណាស់ នៅក្នុងប្រទេសកម្ពុជា ដែលគេនិយមរាំ នៅក្នុងពិធីមង្គលការ និងជប់លៀងផ្សេងៗ ជាដើម។

យ៉ាងណាមិញ នៅឆ្នាំ ២០១២ ដោយមានការរៀបចំ ពីក្រុមការងារ ឡូយ៩  យុវជនខ្មែរ ចំនួន ៩២៩នាក់ បានទៅចូលរួម រាំចង្វាក់ម៉ាឌីហ្សូន នៅលើ សួនវត្តបទុម ដែលធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានចុះក្នុង សៀវភៅកំណត់ត្រាពិភពលោក ជាលើកដំបូង ដែលមានមនុស្សចូលរួមរាំ ម៉ាឌីហ្សូនច្រើនជាងគេបំផុត ដែលកាលណោះ យកឈ្នះម្ចាស់ កំណត់ត្រាចាស់របស់ ប្រទេសបារាំង ដែលមានអ្នក ចូលរួមរាំ ត្រឹម ៤៥៩នាក់ ប៉ុណ្ណោះ។


ការទទួលបាន ឯតទគ្គកម្មពិភពលោក (រូបភាពពី ThePhnomPenh Post)

ប៉ុន្តែ បើយោងតាម វេបសាយ GuinnessWorldRecords បានបញ្ជាក់ថា ម្ចាស់ឯតទគ្គកម្ម ថ្មី ដែលមានមនុស្សចូលរួមរាំ ម៉ាឌីហ្សូនច្រើនជាងគេ បានទៅ ប្រទេស អូស្ត្រាលី ដែលមានមនុស្សរហូតដល់ ១,១៥៥ នាក់ ចូលរួម កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៤ ។

គួរបញ្ជាក់ដែរថា នៅក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ នៅក្នុងកម្មវិធី អង្គរសង្ក្រាន្តឆ្នាំ ២០១៥ នឹងមានកម្មវិធីរាំ ម៉ាឌីហ្សូន នៅទីលាន ជល់ដំរី ក្នុងទឹកដី ខេត្តសៀមរាប ទីក្រុងអង្គរ ដែលនឹងមានយុវជន យុវនារីខ្មែរ ប្រមាណ ២០១៥នាក់ ចូលរួមរាំម៉ាឌីហ្សូន ដើម្បីបំបែក ឯតទគ្គកម្មពិភពលោក ជាថ្មីម្តងទៀត ក្នុងកម្មវិធី អង្គរសង្ក្រាន្ត ដែលរៀប ចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា នេះបើតាមការបញ្ជាក់ របស់ កញ្ញា សុគន្ធ នីសា ដែល កញ្ញានឹងចូលរួម ក្នុងការរាំ បំបែកឯតទគ្គកម្មពិភលោក នៅថ្ងៃទី ១៥ ខែមេសា នេះផងដែរ ៕


រូបភាព សុគន្ធ នីសា និង តារា ដែលចូលរួមរាំបំបែកកំណត់ត្រាពិភពលោក នៅអង្គរសង្ក្រាន្ត

វីដេអូពី ហ្វេសប៊ុក

ប្រភព Wikipedia | GuinnessWorldRecords

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]