ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វស្វា ប្រភេទថ្មីបំផុតមួយ ត្រូវបានអ្នកវិទ្យាសាស្ត្រ រកឃើញ នៅក្នុងព្រៃមួយកន្លែង នៅភាគអាគ្នេយ៍ ក្នុងតំបន់ទីបេ នៃប្រទេសចិន។


សត្វស្វាប្រភេទថ្មី ដែលរកឃើញ

ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា សត្វស្វាប្រភេទថ្មី ដែលរកឃើញនេះ មានភាពខុសប្លែកពី អំបូរសត្វស្វា ប្រភេទ Macaque ទាំងបួនប្រភេទ ផ្សេងទៀត ដោយសារ សត្វស្វាប្រភេទថ្មីនេះ មានរោមពុកចង្កា ពណ៌ស ហើយមានលិង្គមូល និងមានដុះរោម ពណ៌ខ្មៅក្រាស់ នៅត្រង់ពងស្វាស  ខណៈសត្វស្វា ដែលយើងធ្លាប់ស្គាល់ពីមុន លិង្គរបស់ពួកវា មានរាងស្រួច ហើយត្រង់ពងស្វាស របស់ពួកវា មានពណ៌ស។ លើសពីនេះ ស្វាប្រភេទថ្មីនេះ មានរោមក្រាស់ និងវែង នៅត្រង់ក របស់ពួកវា ខុសពីសត្វស្វា ប្រភេទដទៃទៀត។

យ៉ាងណាមិញ សត្វស្វាប្រភេទថ្មីនេះ ត្រូវបានដឹងថា រកឃើញដោយ លោក Chao Zhao ដែលជាអ្នកស្រាវជ្រាវ ក្នុងសាកលវិទ្យាល័យ ដាលី និង ក្រុមការងារ របស់គាត់ ដែលបានសិក្សា តាមដានសត្វស្វា ប្រភេទថ្មី នៅក្នុងព្រៃ Modog ដែលស្ថិតក្នុង តំបន់ព្រៃភ្នំ សំបូរដោយ ជីវចម្រុះប្លែកៗ ជាច្រើនប្រភេទរស់នៅ។

លោក Chao Zhao បានប្រាប់ថា ក្រុមការងារ របស់គាត់ បានថតរូប សត្វសា្វ ប្រភេទ Macaque បានរហូតដល់ ៧៣៨សន្លឹក ដោយតាមរយៈ ការបំពាក់កាមេរ៉ា នៅតំបន់ចំនួន៤ ផ្សេងៗគ្នា ហើយក៏យករូបថតទាំងនោះ មកធ្វើការប្រៀបធៀប ជាមួយសត្វស្វា ប្រភេទផ្សេងទៀត ដោយរកឃើញថា សត្វស្វាប្រភេទថ្មីនេះ ខុសប្លែកពី សត្វស្វា ប្រភេទដទៃៗទៀត។


ក្រុមអ្នកស្រាវជ្រាវបាន ដាក់កាមេរ៉ាថតសកម្មភាពសត្វស្វាប្រភេទថ្មី

គួរបញ្ជាក់ដែរថា ការសិក្សាអំពី ការរកឃើញ សត្វប្រភេទថ្មីនេះ ក៏ត្រូវបានបោះពុម្ព ក្នុងទស្សនាវដ្តី របស់អាមេរិក American Journal of Primatology ផងដែរ។ ក្នុងនោះ លោក Paul Garber ជាក្រុមអ្នក កែសម្រួល ទស្សនាវដ្តីនេះ បាននិយាយថា គាត់សង្ឃឹមថា សត្វប្រភេទថ្មីៗទៀត នឹងអាចរកឃើញ នៅក្នុងតំបន់ ព្រៃ Modog ដើម្បីជាប្រយោជន៍ ដល់បរិស្ថាន និង សង្គម។ ប៉ុន្តែសត្វស្វាប្រភេទថ្មីនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ កំនត់ថា កំពុងតែមាន ការគំរាមគំហែង ដោយសារ ការបរបាញ់ របស់ជនជាតិភាគតិច ក្នុងតំបន់ និង គម្រោងអភិវឌ្ឍន៍ ក្នុងតំបន់ព្រៃធម្មជាតិ នេះផងដែរ ៕


រូបភាព សត្វស្វាប្រភេទថ្មី ថតពីក្នុងព្រៃ Modog




ប្រភព BBC | newscientist

ដោយ៖ ទីន
 
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]