ពិធីពូនភ្នំខ្សាច់
ពិធី «ពូនភ្នំខ្សាច់» គឺគេយកខ្សាច់សុទ្ធមកចាក់ នៅកណ្ដាលទីធ្លា ដែលគេបានកំណត់ រួចពូនឱ្យចេញជា រាងចេតិយបែរមុខ ទៅទិសខាង កើត ហើយគេសន្មត ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យ ព្រះចូឡាមនីចេតិយ ដែលសាងសម្រាប់ បញ្ចុះព្រះកេសា និងព្រះចង្កូមកែវ នៃព្រះពុទ្ធបរមគ្រូ ។

ការពូនភ្នំខ្សាច់ បច្ចុប្បន្នតំបន់ខ្លះគេ និយមពូនភ្នំអង្ករ នៅសាលាឆាន់ ឬក្នុងព្រះវិហារ ។ ភ្នំខ្សាច់ដែលគេ ពូនមិនកំណត់ថា ត្រូវមានខ្នាតតូច ខ្ពស់ ទាបប៉ុនណាទេ គឺប្រព្រឹត្តទៅតាម ការពេញចិត្ត របស់អ្នកស្អាង ប៉ុន្តែចាំបាច់ត្រូវ មានភ្នំមួយ នៅកណ្ដាល ហើយត្រូវមានភ្នំ តូចៗ ៤ព័ទ្ធជុំវិញ គ្រប់ទិសទាំង៤ ។ នៅជុំវិញភ្នំគេ មានធ្វើរាជវ័តិ តុបតែងលំអ ស្លឹកដូង ស្លឹកទន្សែ ជាបួនជ្រុងមានទ្វារ ចេញចូល តាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តិ គេមានរៀបរាន ទេវតាគ្រប់ទិសទាំង៨។ នៅលើរានទេវតា នីមួយៗគេរៀប ស្លាធម៌មួយគូ បាយសីមួយ ថ្នាក់មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀន ធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ ក្រៅពីរាជវ័តិ គេរៀបរាន ធំៗបីទៀត សម្រាប់ថ្វាយ ព្រះយមរាជ ស្ថិតនៅ កណ្ដាលខាងឆ្វេង រានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការ ។ រានធំទាំងបីនេះ គឺគេរៀបគ្រឿង សក្ការបូជាដូចរាន ទេវតាដែរ តែបាយសីខ្ពស់ រហូតដល់៩ថ្នាក់ និងមានដាក់ សម្លៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ ក្រយាថ្វាយសោយ ទៀតផង ។ ការសាង វាលុកចេតិយនេះ ដោយគេសម្គាល់ថា នឹងបានជាផលា និសង្សវិសេសវិសាល ណាស់។

អានិសង្សវាលុកចេតិយ
«អានិសង្ស វាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរហើយចំនួន១ខ្សែ សម្តែងអំពីការ សាងវាលុកចេតិយថា មានផលា និសង្ស ជាអនេកប្បការ ។ វេលាឆ្លង វាលុកចេតិយ គេច្រើនយក រឿងនេះទេសន៍ ។

ក្នុងរឿងអានិសង្ស វាលុកចេតិយមានរឿងនិទាន៣ ៖

និទានទី១ តំណាលពីព្រះពោធិសត្វ នាមបារិកៈជាឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈបើកសំពៅ ទៅជួញបាន ប្រទះឃើញផ្នូក ខ្សាច់ស ល្អនៅ តាមឆ្នេរសមុទ្រ ក៏បបួលពួក ពាណិជដែលទៅ ជួញជាមួយគ្នាបើកសំពៅ ឆៀងចូលចតនៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នា កសាង ជាវាលុកចេតិយ ឧទ្ទិសជាតំណាង ឡាមណីចេតិយដែល បញ្ចុះព្រះចង្កូមកែវ របស់ព្រះពុទ្ធ នៅឋានត្រៃត្រឹង្ស ។  ស្រេចហើយពួក ពាណិជ្ជ ករ ទាំងនោះក៏ បេះយកផ្កាឈើ មកបូជា ដើរប្រទក្សិណ៣ជុំ ហើយនាំគ្នាចុះសំពៅ បើកចេញទៅជួញ តទៅទៀត ។

បារិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធ ទៅហើយបានទៅកើត ជាទេវបុត្រនៅ ឋានសួគ៌ជាច្រើនជាតិ លុះច្យុត ពីឋានសួគ៌ កកើតក្នុង ឋានមនុស្សលោក បានជាស្តេចឯករាជ្យជា ច្រើនជាតិរាប់ពុំបានឡើយ ។ ក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ ជា ព្រះពុទ្ធដោយ អំណាចផលានិសង្ស ដែលបានសាង វាលុកចេតិយ ។

និទានទី២ តំណាលពីនាយនេសាទម្នាក់ ធ្វើតែបាប សម្លាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិន ដែលបានធ្វើបុណ្យ ដល់ម្តងសោះ។ នាថ្ងៃមួយមាន ភិក្ខុសង្ឃ១រូប នឹកអាណិតនាយនេសាទ ខ្លាំងណាស់ ក៏គិតរកឧបាយ អោយបានសាងបុណ្យកុសលខ្លះ ។ លុះគិតដូច្នេះ ហើយ លោកក៏ឃ្លុំ ចីវរកាន់បាត្រនិមន្ត ទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃនោះវេលាព្រឹក នាយនេសាទ លីលំពែង១ និងពុនបាយ១ កញ្ចប់ ចេញ ទៅព្រៃដើម្បី ស្វែងរកសត្វមក ចិញ្ចឹមជីវិតដូច កាលសព្វដង។ ដំបូងនាយនេសាទ ប្រកែកដាច់ណាត់ថា មិនព្រមប្រគេនចង្ហាន់ តែភិក្ខុ នោះចេះតែ ទទូចសុំ អត់មិនបានក៏ រំលែកបាយ១ ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទ រំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល ឬយមភូបាល នាំខ្លួនទៅសួរយក ចម្លើយអំពីរឿងកាល នៅជាមនុស្សលោក បាន ធ្វើបុណ្យខ្លះដែរ ឬទេ ? នាយនេសាទ តបថា មិនបានធ្វើ បុណ្យអ្វីទេ ធ្វើតែបាប តាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នា ចាប់បោះទៅក្នុង រណ្តៅភ្លើងនរក តែមិនឆេះត្រលប់ ជាខ្ទាតចេញមកវិញ ។ យមបាល នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយ នេសាទក្រឡេកទៅ ឃើញអណ្តាតភ្លើង មានសំម្បុរដូច ចីវរលោកសង្ឃ ក៏នឹក ឃើញ ដល់ទានដែល ខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅជាមនុស្ស លោកបានធ្វើទាន បាយមួយពំនូតដល់ ភិក្ខុ ១រូបដែរ ។ ពួកយម ភូបាល ប្រាប់ថា បើដូច្នេះ អ្នកឯងត្រូវទៅ កើតឯឋានសួគ៌មួយ អាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួន មកអោយទទួល ទោសនៅឋាននរក នេះ វិញ ។ ក្នុងមួយរំពេច នោះវិញ្ញាណរបស់ នាយនេសាទ ក៏បានទៅកើតឯ ឋានសួគ៌ឈ្មោះថា «អន្នំលោកង្សិន៍ទេវបុត្រ» មានទំហំ ១២ យោជន៍ បរិបូរណ៍ទៅ ដោយសម្បត្តិ និងស្រីទេពកញ្ញា បម្រើត្រៀបត្រា មាននាងសុវណ្ណ ឱរ៉ៃជាទេពី ។ អន្នំ លោកង្សិន៍ ទេវបុត្រសោយ សម្បត្តិមក បាន៦ថ្ងៃ នឹកឃើញដល់ បណ្តាំយមបាល ក៏កើតសេចក្តីទុក្ខ ទោមនស្សពន់ប្រមាណ ហើយចូលទៅដេក ។ នាងសុវណ្ណ ឱរ៉ៃ ឃើញ ដូច្នេះ ក៏ចូលទៅសួរ ហើយអន្នំ លោកង្សិន៍ទេវបុត្ររ៉ាយរ៉ាប់ ប្រាប់តាំងអំពីដើមរហូត ដល់ចប់ ។ នាងសុវណ្ណឱរ៉ៃ លួងលោមថា បើដូច្នោះសូមព្រះអង្គ កុំជាទុក្ខទោមនស្ស ឡើយ ដ្បិតព្រះពុទ្ធសម្តែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពី កម្មពៀរ ដែលខ្លួនធ្វើហើយ គប្បីសាងវាលុក ចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពី កម្មពៀរនោះហោង» ។ ហេតុនេះសូម ព្រះអង្គធ្វើតាម ព្រះពុទ្ធ បន្ទូលនេះចុះ ទៀងជាដោះរួច ចាកកម្មពៀរ ជាមិនខាន ។

អន្នំលោកង្សិន៍ទេវបុត្រលឺដូច្នោះ ក៏សោមនស្សទើប ចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយ ស្រេចក្នុងរវាង៧ថ្ងៃនោះឯង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាល ក៏ទៅដល់ស្រែកហៅ រកអន្នំលោកង្សិន៍ ទេវបុត្រ ឱ្យចេញមក ។ គ្រានោះអន្នំ លោកង្សិន៍ ទេវបុត្រ គេចមុខចេញ នាងសុវណ្ណឱរ៉ៃ ចេញមកទទួល ។ និយាយជាសំនួរ តបយមបាលថា «យើងមិនព្រមបើក ឱ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើង បានសាង វាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំងពួង ក៏ជ្រះអស់ អំពីខ្លួនហើយ តែបើនៅតែ ត្រូវការយកខ្លួន ទៅធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើប យកទៅបាន» ។ យមបាលតបថា មិនទាស់អ្វី ទេការរាប់ខ្សាច់១ ពែងប៉ុណ្ណោះ» ។ រួចហើយក៏នាំគ្នា រាប់តាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល យកចេញអំពីពែង រាប់ដាក់ទៅ ខាងក្រៅទៅជាគំនរយ៉ាង ធំកម្ពស់ស្មើ ចុងត្នោត តែគ្រាប់ខ្សាច់ ក្នុងពែងគង់នៅ ដដែលគ្មានស្រកស្រុត ទៅណាសោះ ។ ពួកយមបាលទាល់ ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ ទៅយមលោកវិញ ។

ចំណែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោក អស់កាលអង្វែងតមកទៀត មិនបាន ទៅសោយទុក្ខក្នុងនរក ដូចដែល យមបាល កំណត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំណាច ផលានិសង្សដែល បានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លង ។

និទានទី៣ តំណាលពីរឿងចៅកំជិលខ្សាច់។ មានក្មេង ១នាក់ចេះតែទៅពូនភ្នំខ្សាច់រាល់ៗថ្ងៃ ប្រលាក់ ទៅដោយដី ខ្សាច់ពេញខ្លួន ទាល់តែ គេហៅថា «ចៅកំជិលខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វ ចក្ខុមើលឃើញ ចៅកំជិលខ្សាច់ ពូនភ្នំដូច្នោះ ក៏ចាត់ឱ្យ នាងទេពធីតា ១អង្គ ចុះមកធ្វើ ជាប្រពន្ធ ។ ដំបូងចៅកំជិល ខ្សាច់ប្រកែក មិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់ មិនទាន់ចេះ រកស៊ីចិញ្ចឹមទេ ។ ដូច្នេះ ហើយនាងទេពធីតា ទៅរកម្តាយ ឪពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ ឱ្យចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់ ។ មាតា បិតាចៅកំជិល ខ្សាច់ឃើញនាង ទេពធីតា ក៏ពេញចិត្ត ដោយនាង មានរូបឆោមល្អ ទើបសំណេះសំណាល លួងលោមចៅ កំជិលខ្សាច់ ទាល់តែព្រមយក ។

ចៅកំជិលខ្សាច់តាំងពី បាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុន មកឆ្ងាយណាស់ ដោយនាងទេពធីតា ជួយថែសំអាត នាំឱ្យសមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បី កេរ្តិ៍ឈ្មោះថា ចៅកំជិលខ្សាច់ បាននាងទេពធីតា ជាភរិយាល្អសមគ្នា ណាស់ ។

គ្រានោះពួកមន្ត្រី សេនាបតីជាដើម ក៏បានទៅពិនិត្យ មើលឃើញដូច ពាក្យគេថាមែន ។ ទទួលវេលា នោះ ស្តេចម្ចាស់ផែនដី សុគតគ្មាន អ្នកទទួលរាជសម្បត្តិ គ្រប់គ្រងផែនដី ។ គេគិតឃើញថា ចៅកំជិលខ្សាច់ សមគួរជា ព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ ធ្វើការផ្សង បុស្បុក រកអ្នកមាន បុណ្យធ្វើជា ម្ចាស់ផែនដី ។ បុស្បុកក៏ទៅត្រូវលើ ចៅកំជិលខ្សាច់ ទើបគេនាំគ្នាអញ្ជើញ ទៅឱ្យសោយរាជ្យ ព្រមទាំង នាងទេពធីតា ។

ផលដែលជា ទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុពូន ភ្នំខ្សាច់នោះឯង ។ កាលកើតមាន រឿង សម្តែងអំពីអានិសង្ស នៃការស្អាង វាលុកចេតិយ ដូច្នេះហើយ ខ្មែរយើងបានដឹងរឿង ទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបនាំគ្នាស្អាង វាលុកចេតិយជាប់ ជា ប្រវេណីដរាបមកដល់បច្ចុប្បន្នកាល ។

បំបួសភ្នំ
លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំណាង ព្រះចូឡាមណីចេតិយ រួចយកកំណាត់ស ប្រវែងប្រមាណ មួយម៉ែត្រកន្លះ ទៅ ពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តី អ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះ ព្រះសង្ឃសូត្រធម៌ ចម្រើនព្រះបរិត្ត នៅសាលា ធម្មដោយបន្ត អំបោះមកដល់ភ្នំទាំង អស់ ។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬរំលាយមុនគេផ្សឹក ទុកត្រូវ ទទួលបាប ។

ផ្សឹកវាលុកចេតិយ
ក្រោយពីធ្វើកិច្ច សព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿង សក្ការៈដល់អស់ទេវតា ព្រះ យមរាជ ដែលតែងតែ ត្រួតត្រា មើលការខុសត្រូវ ដល់មនុស្សលោក ដើម្បីសុំខមាលទោស ចំពោះអំពើខុសឆ្គង ទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខ ចម្រើនតរៀងទៅ ។ បន្ទាប់មកលោកអាចារ្យ ឧទ្ទិសកុសលជូនដល់ អ្នកដែលចែកឋាន ទៅមាន មាតាបិតា ជីដូន ជីតា ព្រមទាំងញាតិ មិត្តទាំងអស់ផង ។

ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំ គ្នារាប់បាត្របន្ត ហូរហែ ទាល់តែអស់អ្នក ដែលមានសទ្ធា ។ នៅ ពេលបញ្ចប់ការ រាប់បាត្រគេកាន់ ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើម ពិធីនៅចំពោះ ភ្នំខ្សាច់ ដូចកាលពី ល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរ ព្រះសង្ឃសូត្រពុទ្ធ មន្តប្រសិទ្ធពរជ័យ សិរីមង្គលនៅ ធម្មសាលា។ អាចារ្យបានបន្ត ពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹក ភ្នំវិញ ដោយពោលថា ៖ ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា «ខ្ញុំផ្សឹក ឥលូវនេះនូវ វាលុកចេតិយ នេះចេញ» គឺលែងប្រកាន់ថា ជាចេតិយទៀតហើយ អ្នកណារំលាយ ក៏គ្មានបាបដែរ ។

បន្ទាប់មកគេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃ ឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្ការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសម្តែងធម្មទេសនា ។

កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែប សាសនា ។

ផលបុណ្យផ្ងូតទឹកឱ្យឪពុកម្តាយ ការលែងសត្វនិងស្រង់ព្រះ
ព្រះ បរមសាស្តាទ្រង់បានសម្តែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ។ អ្នកដែលបាន ផ្ងូតទឹក ឱ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃ ក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេច ម្ចាស់ផែនដី មានរឹទ្ធិដ៏មហិមា សំបូរ ដោយរតនៈ ៧ប្រការ ដេរដាសដោយ ពពួកនាងនារីសឹង មានរូបឆោមដ៏ល្អ និងសំបូរដោយ ចតុរង្គសេនា ជាអ្នកបាននូវ សេចក្តីសុខ គ្រប់យ៉ាង ។

អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក ជាដើម ដោយអំណាចដែល បានលែងសត្វអម្បាលនោះ អ្នកនោះ រមែងជាអ្នកមាន អាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមាន រោគភ័យ មកបៀតបៀន ក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ ។

ដោយផលានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភព ណាៗក្តីរមែងមានរូបឆោម ល្អ ជាទីជ្រះថ្លាដល់ អ្នកបានឃើញ ជាអ្នកមានសម្បុរ កាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឱ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់ព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និងចេះចប់នូវព្រះបិដក ជាអ្នកមាន អាយុយឺនយូរ រាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយា និងគណញាតិ សុទ្ធតែជាអ្នកឧត្តម  ថ្លៃថ្លា ។ ទាំងនេះជាអានិសង្ស ផ្ងូតទឹកក្នុង ពេលចូលឆ្នាំ ។

ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើ បុណ្យផ្សេងៗ ដើម្បី បាន ទទួលនូវ អានិសង្សទាំងនោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]