នេប៉ាល់៖ ផ្លូវដែកក្នុង រូងក្រោមដីមួយខ្សែ អាចនឹងត្រូវគេ សាងសង់ឡើង ដោយទំលុះ ភ្នំអេវើរ៉េស (Everest) ដើម្បីតភ្ជាប់ផ្លូវដែក រវាងប្រទេសចិន និង ប្រទេសនេប៉ាល់។

បណ្តាញផ្សព្វផ្សាយរបស់ចិន បានផ្សាយថា រដ្ឋាភិបាលមានគំរោង ធ្វើផ្លូវដែក ពីខេត្ត Qinghai ទៅតំបន់ Tibet ទៅតាមសំណើរ របស់ភាគី ប្រទេសនេប៉ាល់ ដែលត្រូវរូងផ្លូវ នៅក្រោមភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់បំផុត នៅលើពិភពលោក ក្នុងឆ្នាំ២០២០ ខាងមុខនេះ។


ផែនទីបង្ហាញពីគំរោងផ្លូវដែកពីចិន ទៅនេប៉ាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបំពេញទស្សនកិច្ច នៅរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ កាលពីចុងឆ្នាំមុន មានប្រសាសន៍ថា ផ្លូវដែកអាចនឹងធ្វើ ដល់រដ្ឋធានី នៃប្រទេសនេប៉ាល់ និងអាចហួស ទៅភ្ជាប់រវាងចិន និង ប្រទេសឥណ្ឌា ថែមទៀត។ លោកបន្តថា ខ្សែផ្លូវដែក នឹងត្រូវកាត់ចំ ភ្នំអេវើរ៉េស (ជនជាតិទីប៉េ ហៅថា Qomolangma) ដែលកម្មករសាងសង់ ត្រូវចំណាយពេលជីក ផ្លូវក្រោមដីដ៏វែង។ លោក Wang Yi អះអាងថា ស្ថានភាពភូមិសាស្ត្រ ដីនៅតំបន់ ហិម៉ាល័យ អាចឲ្យរថភ្លើង រត់ក្នុងល្បឿន លឿនបំផុតត្រឹម ១២០ គីឡូម៉ែត្រ ក្នុង១ម៉ោង។

ផែនការថ្មីនេះបញ្ជាក់ ពីការកើនឡើង នៃឥទ្ធិពលរបស់ចិន ទៅដល់ប្រទេសនេប៉ាល់ ក្រោយពីចំណាយពេល ជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជាការ សាងសង់ផ្លូវ ការវិនិយោគលើ វារីអគ្គីសនី និងទូរគមនាគមន៍ ដែលចំណាយអស់ប្រាក់ រាប់ពាន់លាន ដុល្លារអាមេរិក។

ការកើនឡើងនូវ តួនាទីរបស់រដ្ឋាភិបាល ក្រុងប៉េកាំង បានបង្ហាញថា ចិនពេលនេះ បានក្លាយជាសម្ព័ន្ធមិត្ត ជិតស្និទ្ធ របស់ប្រទេស ប៉ាគីស្ថាន និងកំពុងពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេស ស្រីលង្កា ម៉ាល់ឌីវ និងនេប៉ាល់ ហើយចិនកំពុងប្រើ យុទ្ធសាស្ត្រ ឡោមព័ទ្ធបន្តិចម្តងៗ លើប្រទេសឥណ្ឌា។

យ៉ាងណាមិញ ក្រុមយុទ្ធនាការ ដើម្បីតំបន់ទីបេ បានព្រមានថា គំរោងផ្លូវដែកខាងលើ នឹងផ្តល់ផលប៉ះពាល់ ដល់សន្តិសុខ នៃតំបន់ទីបេ ពិសេសធ្វើឲ្យ ប៉ះពាល់ ដល់ប្រព័ន្ធអេកូ ផុយស្រួយ របស់តំបន់ខ្ពង់រាប ដ៏ខ្ពស់បំផុត និងធំបំផុត របស់ពិភពលោក នៅទីនោះ។ ដោយឡែក រដ្ឋាភិបាលចិន លើកឡើងថា ផែនការពង្រីកផ្លូវដែក នៅតំបន់ខ្ពង់រាប នឹងផ្តល់ផលប្រយោជន៍ ដល់វិស័យទេសចរណ៍ ដែលអាចជួយតំបន់ ទីបេ ឲ្យរួចផុតពី ភាពក្រីក្រ៕


គំរូរថភ្លើងរបស់ចិន ដែលគ្រោងភ្ជាប់ទំនាក់ទំនងផ្លូវដែកជាមួយនេប៉ាល់


ភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]