ភ្នំពេញ  ៖ កាលពីព្រឹកមិញ ខ្មែរឡូតបានចុះផ្សាយ ម្តងរួចហើយ ស្តីអំពី សង្រ្កានថ្មី ដែលប្រជាជនខ្មែរ គួរតែរៀបចំអ្វីខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី  ឆ្នាំ មមែ សប្តស័ក ដែលចូលមកដល់ នៅថ្ងៃ អង្គារ ១១រោច ខែចែត្រ ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ១៤ខែមេសា គ.ស ២០១៥ វេលាម៉ោង ១៤ និង២០នាទី ខាងមុខនេះ។ យ៉ាងណាមិញ ប្រិយមិត្តមួយចំនួន ប្រហែលជាចង់ដឹង ពីជោគជតារាសី របស់ខ្លួន នៅឆ្នាំមមែ សប្តស័ក នេះ ជាមិនខាន។

ខាងក្រោម គឺជាជោគជតារាសី របស់ឆ្នាំ ទាំង ១២ ក្នុងឆ្នាំ មមែ សប្តស័ក ព.ស.២៥៥៩ - គ.ស២០១៥  ដែលដកស្រង់ចេញពី សៀវភៅ មហាសង្រ្កាន ដែលរៀបរៀង ដោយ ឯកឧត្តម អ៊ឺម បុរិន្ធ ៖

  • លោកអ្នកកើតឆ្នាំជូត

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកតោងកែកុន ប្រើសេចក្តីពិនិត្យពិច័យ ឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នក ដែលធ្លាប់រាប់រក អ្នកយ៉ាងណា ឬអ្នកធ្វើការងារ រួមនឹងគេ អ្នកកុំសង្ឃឹមឡើយ ថានឹងបានកម្រៃផល ពីវង់ការបែបនោះ ឱ្យសោះ ពុំនោះ នឹងបណ្តាលហេតុ ពីក្នុងក្រុមគ្រួសារ មានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ ពីមនុស្សបម្រើការ ក្នុងលំនៅឋាន ។ ជតារាសីអ្នក ក្នុងឆ្នាំនេះ ពុំប្រសើរទេ ជាគ្រោះកម្ម កាចសាហាវណាស់ ការងារប្រចាំជីវិត របស់អ្នក ឬសេចក្តីស្និទ្ធស្នាល របស់លោកអ្នក នឹងផ្តល់ផលអសារ ឥតការ ដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយ ការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តី ឆ្លៀវឆ្លាត និងសេចក្តី អង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបាន ប្រាសចាកវិបត្តិ ទាំងនេះទៅខ្លះ ។

បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមាន ដល់លោកអ្នក ហើយបើលោកអ្នក ចង់ធ្វើអ្វី នឹងបានសម្រេច ជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយ ជាធំប្រុងទំនុកបម្រុង ដល់អ្នក តែថារឿង ដែលអ្នកត្រូវ ប្រឹតប្រៀងខ្លួនបន្តិច គឺកុំបេះបួយ នាំរឿងពីនេះ ទៅនិន្ទាឱ្យអ្នក នោះឮ ឬដឹង បើអ្នកបានតមប្រាកដ ក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នក បានដោះស្រាយ ពីការបែកបាក់ រវាងមេត្រីភាព ។

  • លោកអ្នកកើតឆ្នាំឆ្លូវ

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក នឹងបានផលសម្រេច បំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅ មានទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួច រួចពីហេតុភេទ បែបនេះទៅ នឹងបានល្អឡើងវិញ បើអ្នកធ្វើការងារ កាន់មុខតំណែង មានមុខនាទី អ្នកត្រូវបាន ឡើងតំណែងនាទី បន្ថែមជាមិនខាន ការដែលអ្នក ត្រូវប្រុងប្រយ័ត្ន ជាទីបំផុត គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺ ច្រើនតែផ្តាសាយ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមាន គ្រោះអាសន្នអាក្រក់ណាស់ ដួងជតា ត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបាន មិត្តជិតស្និទ្ធ ជួយឈឺឆ្អាល ពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយ ឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកនឹងត្រូវ រងអំពើសង្កត់សង្កិន យ៉ាងគួរឱ្យធរមានចិត្ត ចូរកុំបញ្ចេញឈ្មោះ បោះសំឡេង ជាត្លុកកំប្លែង លលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួន ឱ្យគេឃើញថា យើងជាមនុស្ស មានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អ តបតជាមួយសត្រូវ នោះទើបគ្រោះ របស់អ្នកនឹងត្រូវ បន្ទោបង់បន្ធូរបន្ថយ ទៅបានខ្លះៗ ហើយពេលក្រោយ មានគេជួយ ឱ្យបានទ្រព្យ និងបានស្តុកស្តម្ភ ។

  • លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមាន គ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបាន មិត្តភក្តិជិតស្និទ្ធ ជួយឈឺឆ្អាល ពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណា មុខក្រោយ ឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរង អំពើសង្កត់សង្កិន យ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញ ឈ្មោះបោះសំឡេង ជាត្លុក កំប្លែង លលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួន ឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តី ល្អតបត ជាមួយសត្រូវ ទើបគ្រោះ របស់អ្នកនឹងត្រូវ បន្ទោបង់បន្ធូរបន្ថយ ទៅបានខ្លះៗ ហើយពេលក្រោយ មានគេជួយ ឱ្យបានទ្រព្យ និងបានស្តុកស្តម្ភ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះការរៀបមង្គលការ របស់អ្នក នឹងបានផលសម្រេច បំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមាន ទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួច រួចពីហេតុភេទ បែបនេះទៅ នឹងបានល្អឡើងវិញ បើអ្នកធ្វើការងារ កាន់មុខតំណែង មានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទី បន្ថែមជាមិនខាន ការដែលអ្នក ត្រូវប្រុងប្រយ័ត្ន ជាទីបំផុត គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺ ច្រើនតែផ្តាសាយ ។

  • លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមានដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុង ដល់អ្នក តែថារឿងដែលអ្នក ត្រូវប្រិតប្រៀងខ្លួនបន្តិច គឺកុំបេះបួយ នាំរឿងពីនេះ ទៅនិន្ទាឱ្យអ្នកនោះឮ ឬដឹង បើអ្នកបានតមប្រាកដ ក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នក បានដោះស្រាយ ពីការបែកបាក់ រវាងមេត្រីភាព ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកតោងកែកុន ប្រើសេចក្តីពិនិត្យពិច័យ ឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នក ដែលធ្លាប់រាប់រក អ្នកយ៉ាងណា ឬអ្នកធ្វើការងារ រួមនឹងគេ អ្នកកុំសង្ឃឹមឡើយ ថានឹងបានកម្រៃផល ពីវង់ការបែបនោះ ឱ្យសោះ ពុំនោះនឹងបណ្តាលហេតុ ពីក្នុងក្រុមគ្រួសារ មានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ ពីមនុស្សបម្រើការ ក្នុងលំនៅឋាន ជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាច សាហាវណាស់ ការងារប្រចាំ ជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាល របស់លោកអ្នក នឹងផ្តល់ផលអសារ ឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយ ការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តី ឆ្លៀវឆ្លាត និងសេចក្តីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាក វិបត្តិទាំងនេះទៅខ្លះ ។

  • លោកអ្នកកើតឆ្នាំរោង

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះសម្រេចលាភផល ជូនដល់កណ្តាប់ដៃយើង ហើយ ទោះសត្រូវកាច ប៉ុនប៉ងប្រទូស្តរ៉ាយ យ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវជោគជ័យ គ្រប់ប្រការ ហើយនឹងបាន ទទួលការលើកតម្កើង ពីមនុស្សទូទៅ ។ ប្រសិនបើអ្នក បានរៀបមង្គលការ ក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នក ក៏មិនអត់នោះដែរ ចំពោះក្រុមញាតិពន្ធុ នឹងផ្តល់សេចក្តី រំខានដល់អ្នក ខ្លះៗក្នុងឆ្នាំនេះ ។

បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារ ធ្វើជាលក្ខណដ្ឋាន បើសិនជា ការរៀបចំមង្គលការ ផ្ទាល់ខ្លួន មុខជាបានសម្រេច ដូចសេចក្តីប្រាថ្នា ជួបលាភផល យ៉ាងបន្ទាន់ តែទោះជាយ៉ាងនេះក្តី ក៏គង់នៅមានមនុស្ស ឫស្យាចំពោះលទ្ធផល របស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំ ជួយឈឺឆ្អាល អ្នកពេញទំហឹង ខាងមុខនៃការ ដូចពោលនេះ ចូរអ្នកប្រយ័ត្ន មនុស្សមានទុក្ខទោស គ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូល បញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះ មានសភាពយ៉ាងណា ក៏ដោយ សុទ្ធតែមិនបរិសុទ្ធ ទាំងអស់ ។ មិនគួរលីសែង រែកពុនលើកដាក់របស់ ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។

  • លោកអ្នកកើតឆ្នាំម្សាញ់

បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយ ច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តាន ដែលមានគុណ បំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នក ត្រូវខូចខាតផលប្រយោជន៍ខ្លះ ទៀតផង តែអ្នកមិនត្រូវរ ងទុក្ខក្តៅពេកទេ ព្រោះមានគេ ចាំជួយឧបត្ថម្ភ គាំទ្រឱ្យអ្នក បានសេចក្តីសុខសាន្ត បើទុកជាមាន ឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាប ទៅវិញបាន ដោយសារពេលនេះ អ្នកមានមិត្តភក្តិ បានជួយទប់ទល់ យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង ។

បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្ត យ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេច ។ ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ បើចៀសផុតពីការនេះបាននោះ នៅក្នុងបន្ទុកគ្រួសារមានសេចក្តីសុខក្រៃលែង ។

  • លោកអ្នកកើតឆ្នាំមមី

បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេ ជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ ទោះបីជាយ៉ាងនេះក្តី អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ ។

បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជានឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការងាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែ ជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀត ខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះ មិនគាប់ឱ្យអ្នកសៅហ្មងជា រឿយៗ ម្យ៉ាងវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹង កើតជាក្តីរង្កៀសឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹង មានវិបត្តិឈឺថ្កាត់មិនខានឡើយ ។

  • លោកអ្នកកើតឆ្នាំមមែ

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកមិនសូវ បានស្រួលបួលទេ គឺអ្នកត្រូវជួបប្រទះនឹង ឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍ ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាមួយដោយស្វាហាប់ និងឧស្សាហ៍ ទីចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យ គ្រាន់បើឡើងវិញក្នុងឆ្នាំនេះ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះនឹង មានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភ ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះចោរវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ គឺបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា «ទុក្ខលាភ» បានទុក្ខហើយ ទើបមានលាភ មកតាមក្រោយ ។

  • លោកអ្នកកើតឆ្នាំវក

បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះនឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភ ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះចោរវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ គឺបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា «ទុក្ខលាភ» បានទុក្ខហើយ ទើបមានលាភ មកតាមក្រោយ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកមិនសូវ បានស្រួលបួលទេ គឺអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាមួយដោយស្វាហាប់ និងឧស្សាហ៍ ទីចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើ ឡើងវិញក្នុងឆ្នាំនេះ ។

  • លោកអ្នកកើតឆ្នាំរកា

បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែល អ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជានឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែ ជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀត ខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើ ដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះ មិនគាប់ឱ្យអ្នកសៅហ្មងជា រឿយៗ ម្យ៉ាងវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹង កើតជាក្តីរង្កៀសឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ អ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏ នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។

បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នក មិនសូវរីករាយសោះឡើយ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ ទោះបីជាយ៉ាងនេះក្តី អ្នកគង់បានសម្រេចផលខ្លះក្នុងការដែល អ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ ។

  • លោកអ្នកកើតឆ្នាំច

បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្ត គ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេច ។ ប៉ុន្តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ បើចៀសផុតពីការនេះបាននោះ នៅក្នុងបន្ទុកគ្រួសារ មានសេចក្តីសុខក្រៃលែង ។

បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្តៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្តីសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះអ្នក មានមិត្តភក្តិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នក ត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង ។

  • លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះអ្នកនឹងបាន មុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែទោះជាយ៉ាងនេះក្តី ក៏គង់នៅមានមនុស្ស ឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាល អ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្ស មានទុក្ខទោសគ្របសង្កត់ ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរ លើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាព យ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែង រែកពុន លើកដាក់របស់ ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះសម្រេចលាភផល ជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាច ប៉ុនប៉ងប្រទូស្តរ៉ាយ យ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការ លើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបាន រៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នក ក៏មិនអត់នោះដែរ ចំពោះក្រុមញាតិពន្ធុនឹង ផ្តល់សេចក្តីរំខានដល់អ្នក ខ្លះៗក្នុងឆ្នាំនេះ ៕

ប្រភព ៖ មហាសង្រ្កាន

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]