ភ្នំពេញ៖ ការរៀបចំ រណ្តាប់ទទួលទេវតាឆ្នាំថ្មី ជាប្រពៃណីទំនៀមទំលាប់មួយ ដែលប្រជាជនខ្មែរ ជា អ្នកគោរពតាម សាសនាព្រះពុទ្ធ បាន ប្រណិប័តន៍ អនុវត្តតាំងពីយូរលង់មក ដើម្បីទទួលទេវតាឆ្នាំថ្មី និងសុំសេចក្តី សុខ សំរាប់ឆ្នាំថ្មី ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ លោកតា មាស ងិន ជាតាអាចារ្យក្នុងវត្តទួលទំពូង បានប្រាប់ ក្រុមការងារ ខ្មែរឡូត ឲ្យដឹងថា ការរៀបចំ រណ្តាប់ ទទួលទេវតាជា ទម្លាប់អនុវត្តតៗគ្នាតាំងយូរលង់ មកហើយ ប៉ុន្តែ ការរៀបចំ រណ្តាប់ ទទួលទេវតានេះ គឺមានភាព ខុសគ្នាៗ អាស្រ័យលើ លទ្ធផល និងជីវភាព របស់ប្រជាជន ប្រសិនបើគេមាន ជីវភាពធូរធារ គេរៀបចំ និងដាក់ដង្វាយ ទទួលទេវតា សំបូរហូរហៀរច្រើន ទៅតាមហ្នឹង ដែរ។ លោកតា បានបញ្ជាក់ថា ជាទូទៅគ្រឿងរណ្តាប់ សំរាប់ ប្រជាជនខ្មែរ សាមញ្ញារៀបចំ ទទួលទេវតា រួមមាន បាយសី ប៉ាឆាម១ ថ្នាក់មួយគូ ស្លាធម៌ កូនចេកមួយ ទៀន៥ ធូប៥ ផ្កាពីរថូ ទឹកពីរកែវឬពីរថ្តិល ជើងធូប ផ្លែឈើ អាចដាក់ពីរថាស ភេសជ្ជៈផ្សេងៗ ។

លោកតា ក៏បញ្ជាក់ថាដង្វាយសំរាប់ ចូលឆ្នាំថ្មី ប្រជាជនខ្មែរក៏ បាន សែនទៅ តាម ទេវតា ដែលនឹងចុះ មក គ្រងដំណែងឆ្នាំថ្មី ផងដែរ បើទេវតា សោយដង្វាយអ្វីនោះ  ប្រជាជនខ្មែរ និយមទៅ ទិញដង្វាយនោះ មកបូកបញ្ចូលក្នុង ដង្វាយដែ រត្រូវសែន។ លើសពីនេះ លោកតា ក៏ប្រាប់ដែរថា ចូលឆ្នាំថ្មី ២០១៥នេះ ប៉ះចំថ្ងៃអង្គារ ដែលត្រូវទេពធីតា សោយ លោហិត ហើយ លោកតា បានបញ្ជាក់ ថាគេនិយម យកគ្រឿង ដង្វាយ ឬភេសជ្ជៈពណ៌ ក្រហម មកសែន ជំនួស លោហិត ដូចជា ទឹកស៊ីរ៉ូពណ៌ក្រហម ជាដើម ។ លោកតា បន្តថា ដើម្បីមានសិរីសួស្តី មុនចូលឆ្នាំថ្មីមកដល់ លោកតាអាចារ្យក៏ ណែនាំឲ្យ ប្រជាជនខ្មែរ នាំគ្នា បោសសំអាតផ្ទះ ឬ ក៏អាចនិមន្ត ព្រះសង្ឃសូត្រមន្ត ក្នុងផ្ទះ ដើម្បីរំដោះគ្រោះ និង លើករាសី សំរាប់ឆ្នាំថ្មី ផងដែរ។


ប្រជាជនកម្ពុជាកំពុងថ្វាយបង្គំព្រះសង្ឃក្នុងវត្តអារាម

បើយោងទៅតាមសៀវភៅ មហាសង្ក្រាន្តឆ្នាំ ២០១៥ បានបញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះ ចូលមកដល់ នៅថ្ងៃ អង្គារ ១១រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ខែមេសា គ.ស ២០១៥ វេលាម៉ោង ១៤ និង២០នាទី។ ពេលនោះព្រះ អាទិត្យចេញពី មីនរាសី ទៅឋិតនៅ ឯមេសរាសី តាមគោវិថីគឺ ផ្លូវកណ្តាល ទើបមានទេពធីតា មួយអង្គព្រះអង្គ ជាមគ្គនាយិកា ព្រះនាម រាគ្យសៈទេវី ជាបុត្រីទី ៣នៃកបិល មហាព្រហ្ម គង់នៅលើចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ ដោយស្នៀត ផ្កាឈូក អភរណៈ ទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្ថស្តាំ ទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់ធ្នូ ទ្រង់គង់លើ ខ្នង អស្សតរ (សេះ) ជាពាហនៈ។

សៀវភៅសង្ក្រាន្តដដែលបានសរសេរថា រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណ រៀងរហូតមកត្រូវ រៀបរាន ទទួលទេវតា នៅមុខផ្ទះមួយ សំរាប់តាំង គ្រឿងពលីការ ផ្សេងៗ។ ត្រូវក្រាល សំពត់ពណ៌ស ហើយរៀប នូវគ្រឿងសក្ការ បូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់ មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាម មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាច៥ ផ្កា៥ ដាក់លើ ជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន ១១គូ ដូងឡៅមួយ ទឹកស្អាត២ កែវ។ លុះដល់ពេលវេលា ដែលទេវតា ចុះមក ត្រូវជួបជុំ ក្រុមគ្រួសារ ដើម្បីថ្វាយ បង្គំព្រះនមស្សកា រព្រះរតនៈត្រ័យ សមាទានសីល តម្កល់ចិត្ត រំពឹងគិតទៅ លើព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃជាទីពឹង៕


លោកតា មាស ងិន ជាតាអាចារ្យក្នុងវត្តទួលទំពូង


ទិដ្ឋភាព វត្តទួលទំពូងមុនរដូវ ចូលឆ្នាំចូលមកដល់

ដោយ៖ Roth & Tin

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]