ភ្នំពេញ៖ បន្ទាប់ពីតារាស្រីវ័យក្មេងកញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានផ្អាកការងារសិល្បៈ មួយរយៈ ពេលធំសំងំខូច ចិត្តរឿងស្នេហា រួចមក ពេលនេះនាង បានចេញមុខ មកស្រវ៉ាការងារ ដូចដើមវិញហើយ ដោយនាងបានបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងស្រវ៉ា ចាប់យកអាជីពថ្មីមួយទៀត គឺជាអ្នកអានព័ត៌មាននៅស្ថានីយ ទូរទស្សន៍ថ្មីមួយ ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ តារាសម្តែងស្រីវ័យក្មេង សម្បុរស្រអែម ស្រស់កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងថា ពេលនេះ នាងបាន វិលមកផ្តើម ការងារសិល្បៈវិញហើយ ដោយនៅក្នុងនោះ នាងក៏កំពុងតែ ត្រៀមខ្លួន ចាប់យក អាជីពថ្មី មួយបន្ថែមលើអាជីពចាស់ គឺការងារធ្វើជាពិធីការិនី អានព័ត៌មាន បន្ថែមលើការសម្តែង នៅស្ថានីយ ទូរទស្សន៍មួយ (សុំលាក់ឈ្មោះ) ។

តារាស្រីដែលទើបតែជួបរឿងខកស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ចំពោះការងារថ្មីនេះ គឺតម្រូវឲ្យខ្ញុំពង្រឹងសមត្ថភាព ខ្លួនឯងច្រើន ដោយស្ថានីយទូរទស្សន៍ ចង់ឲ្យខ្ញុំបន្តការសិក្សា ទៅលើផ្នែកណាមួយឲ្យច្បាស់ និងមានមូលដ្ឋានសម្រាប់ខ្លួនឯង មុននឹងទទួលតំណែង ជាអ្នកអាន ព័ត៌មាន ។ ដូច្នេះខ្ញុំត្រូវតែខំប្រឹងដើម្បីអនាគត ។ ម្យ៉ាងវិញទៀត សម្រាប់ការងារអានព័ត៌មាននេះ ខ្ញុំមានចិត្តស្រឡាញ់តាំងពីតូច តែអត់មានឱកាស ទើបតែពេលនេះ មានសំណាង ធ្វើឲ្យក្តីស្រមៃ ក្លាយជាការពិត បើសិនជាការងារ ដំណើរទៅតាមអ្វីដែលបានគិត គឺខ្ញុំនឹងចូលធ្វើការ នៅក្រោយ ពេលចូលឆ្នាំខ្មែរនេះហើយ» ។

តារាស្រី ដែលចាប់ផ្តើមវិវត្តន៍ខ្លួនពីសុភាពមកជាតារាសិចស៊ី ស្លៀកពាក់បញ្ចេញសាច់សខ្ចីល្វក់ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះនាង ខំប្រឹង ផ្លាស់ប្តូរខ្លួនឯង ពីនារីទន់ជ្រាយ មកជានារីរឹងមាំ នាងធ្វើគ្រប់យ៉ាងដើម្បីឲ្យ ការងារជោគជ័យ ព្រោះថា នាងចង់ រស់នៅ ដោយប្រើជីវិតថ្មី ទាំងការ តុបតែងខ្លួន ពីសុភាពមកជាសិចស៊ី ពីតារាសម្តែងមកស្រវ៉ាការអានព័ត៌មាន ។ ក្នុងនោះនាង ក៏មានការផ្លាស់ប្តូរ ជាច្រើនទៀត ដាច់ខាតមិនឲ្យ មានភាពដដែលៗឡើយ ។

កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងបន្ថែមទៀត ទាក់ទងរឿងស្នេហារបស់នាងថា «ក្រោយពីខ្ញុំបាន សំងំខូចចិត្ត អស់ពេលមួយរយៈមក ពេលនេះ ខ្ញុំបានគិតយល់ ហើយថា ខ្ញុំមិនគួររស់នៅជាមួយ ភាពឈឺចាប់តទៅទៀតទេ ខ្ញុំគួរតែក្រោកឈរតស៊ូទៀត ។ ពេលនេះខ្ញុំក៏បាន សម្រេចចិត្ត បិទទ្វារ បេះដូងមួយរយៈធំសិន បើទោះជាមានកន្លង់ជាច្រើន កំពុងតែតាមសុំស្នេហ៍ក៏ដោយ ព្រោះថា ខ្ញុំចង់ទុកពេលពង្រឹង សមត្ថភាពការងារ ឲ្យជោគជ័យ ខ្លាំង មិនចង់គិតរឿងស្នេហា នាំឈឺចាប់ទៀតឡើយ…» ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]