រតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ បានចុះទៅរឹបអូស ឈើប្រណិត ប្រភេទធ្នង់ ដែលក្រុមឈ្មួញទិញ យកមកគរទុក នៅមាត់ទន្លេសេសាន ស្ថិតក្នុងភូមិ ទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បម្រុងដឹកចេញ ទៅលក់នៅប្រទេសវៀតណាម។

បើតាមការបញ្ជាក់របស់លោក មូល សាវ៉ាំង នាយផ្នែករដ្ឋបាល ព្រៃឈើវ៉ឺនសៃ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលនូវ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋអំពីការ ដឹកជញ្ជូនឈើប្រណិត ខាងលើរូបលោក សុំយោបល់ ថ្នាក់លើ រួចបញ្ជាកម្លាំងចុះពិនិត្យ ទីតាំងខាងលើ ក៏ប្រទះឃើញគំនរ ឈើដែល ក្រុមឈ្មួញដឹកមកគរទុក ប៉ុន្តែម្ចាស់ ឈើដឹងខ្លួនទាន់ ក៏ជិះកាណូតរត់គេចខ្លួនបាត់។

លោកថា ឈើប្រណិតប្រភេទធ្នង់ ជាច្រើនដុំ ត្រូវបានមន្ត្រីរបស់លោក ជួលរថយន្តប្រជាពលរដ្ឋ ចំនួន២គ្រឿង ដឹកយកមករក្សាទុក នៅស្នាក់ការដ្ឋបាល ព្រៃឈើអូរជុំ ដើម្បីស្វែងរកម្ចាស់ឈើ ចូលខ្លួនមកដោះស្រាយ តាមច្បាប់ស្តីពីព្រៃឈើ។

ប្រភពព័ត៌មាន ដោយឡែក ទៀតប្រាប់ឲ្យដឹងថា ដោយសារតែ តម្រូវការទីផ្សារនៅប្រទេសវៀតណាម និងកំពុង តែត្រូវប៉ាន់ ផងនោះនាពេលថ្មីៗនេះ គេសង្កេតឃើញក្រុមឈ្មួញវៀតណាម ជាច្រើនក្រុមស្ពាយ លុយដុល្លារ ទៅទិញឈើតាមផ្ទះបងប្អូន ជនជាតិតែម្តង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលធ្លាប់ រកទទួលទានដឹកឈើ តាមម៉ូតូគ្រាន់តែចិញ្ចឹម ឆ្នាំងនោះ លែងរកស៊ីកើតទៀតហើយ ប្រសិនបើសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ បណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញវៀតណាម ចូលលុបលុយដល់ ប្រភពឈើបែបនេះ។

សូមបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ ដែលកម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃរឹបអូស បាននេះមានចំនួន២២ដុំស្មើ នឹង០,៥៥៧ម៉ែត្រគីប៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]