រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បើករថយន្តម៉ាកព្រុស ព៌ណស ពាក់ស្លាកភ្នំពេញ ២AB-១០១៥ មួយ គ្រឿង ទៅបុកនឹងម៉ូតូម៉ាកនិច មួយគ្រឿង រួចហើយ ព្យាយាមបើករត់ អូសចម្ងាយជាង មួយគីឡូម៉ែត្រទើបឈប់ បណ្តាលឱ្យយុវសិស្ស ចំនួន៣នាក់ រងរបួសធ្ងន់ ។ ករណី គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាល ពីម៉ោង២និង៤៥នាទី រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចគល់ ស្ពានហង្ស កោះ ពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
 
តាមប្រភពព័ត៌មានពី មន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា យុវសិស្សរងគ្រោះទាំង៣នាក់មានទី១- ឈ្មោះពេជ្រ វណ្ណាវុធ អាយុ១៤ឆ្នាំ ទី២-សៅ រិទ្ធចេស្តា អាយុ១៦ឆ្នាំ និងទី៣-ឈ្នោះហេង វណ្ណា អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់ ជាសិស្សរៀន នៅវិទ្យាល័យ ព្រះយុគន្ធរ ត្រូវរងរបួសធ្ងន់ ។ មុនពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះម៉ូតូម៉ាកនិច ព៌ណត្រួយចេកលាយស ពាក់ស្លាកលេខភ្នំពេញ១CD-៣២៦៦ មួយគ្រឿង ចេញពីផ្សារទំនើប អ៊ីអនម៉ល តាមបណ្តោយផ្លូវ មាត់ទន្លេបត់ស្តាំក្នុង បំណងនាំគ្នាទៅសាលាវិញ ក៏ស្រាប់តែមានរថយន្ត ខាង លើ ដែលបើកបរដោយ ស្ត្រីវ័យក្មេងម្នាក់ និងយុវជនម្នាក់ បានបើកចេញ ពីកោះពេជ្រ ទៅបុកពេញទំហឹងតែម្តង ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលរថយន្តបង្កបុកម៉ូតូរួចហើយ អ្នកបើកបរមិនបាន ឈប់នៅនឹងកន្លែង កើតហេតុឡើយ ដោយព្យាយាម បើករត់ជាបន្តនឹងបាន អូសម៉ូតូជាប់ខាងក្រោម រហូតទៅដល់ ខាងមុខសណ្ឋាគារ កាំបូឌីយ៉ាណាទើប បានឈប់ទៅ មុខ លែងរួច ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់អ្នក ធ្វើដំណើរមកចោម រោមមើល យ៉ាងច្រើន ចំណែកឯស្ត្រីវ័យក្មេង នៅអង្គុយក្នុងរថយន្ត ទាល់តែមានកម្លាំង នគរបាល និងសាច់ញាតិមកដល់ ទើបព្រមចុះពីរថយន្ត ។
  
យុវសិស្សដែលរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ចំណែកឯរថយន្តបង្ក និង ម៉ូតូរបស់ ជនរងគ្រោះត្រូវ បាន បញ្ជូន ទៅកាន់ ការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើ ការដោះស្រាយជាបន្ត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]