ខេត្តព្រះសីហនុ៖ ជនជាតិរ៉ុស្ស៊ីម្នាក់ដែលគេអះអាងថា ជាមេក្រុមជនល្មើសបាញ់បោះសេរីនៅក្បែរ  ភោជនីយដ្ឋានឆ្នេរម្លប់ជ្រៃ កាលពី កំឡុងខែកុម្ភៈ កន្លងមក ត្រូវបានសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី ៣១ មីនា តាមដីការលេខ ៣៣៩ ចុះថ្ងៃទី១៩ មីនា ២០១៥ ដោយ លោកស្រី លី សូដាណែត។

យោងតាមដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ៤០២ ចុះថ្ងៃទី១៦ កុម្ភៈ ២០១៥ របស់តំណាង  អយ្យការ អមសាលាដំបូង ខេត្ត ព្រះសីហនុ ឱ្យធ្វើការស៊ើបសួរ លើឈ្មោះ ANDREI TCEKHANSKII ហៅស្ទាំងធំ ជាជនជាតិរុស្ស៊ី ភេទប្រុស កើតថ្ងៃទី ២២កុម្ភៈ ១៩៧៩  ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្រុម ២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លេខ ៦៤N ៩២១២៧៤៥ សុពលភាព ថ្ងៃទី០៦ ធ្នូ ២០១៨ ត្រូវបានចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈ ២០១៥ បទល្មើសដែល មានចែងឱ្យផ្តន្ទាទោស តាមមាត្រា ២១៨នៃ ក្រមព្រហ្មទណ្ឌ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ កុម្ភៈ ២០១៥ នៅក្បែរភោជនីយដ្ឋានឆ្នេរម្លប់ជ្រៃ ស្ថិតក្នុងភូមិ៣  សង្កាត់ លេខ៣ ក្រុង ខេត្តព្រះសីហនុ មានហេតុការណ៍ បាញ់បោះសេរី និងវាយតប់គ្នារវាង ជនបរទេស២ក្រុមបណ្តាល ឱ្យមនុស្ស២នាក់រង របួសធ្ងន់ និងស្រាល ហើយជនបង្ក បានរត់គេចខ្លួន បាត់ស្រមោល ។ ក្រោយមកបាន២ថ្ងៃ សមត្ថកិច្ចបានឃាត់ ខ្លួនមនុស្សចំនួន២នាក់ បញ្ជូនទៅកាន់សាលា ដំបូង ខេត្ត ហើយនៅ ថ្ងៃទី៣១ មីនា ២០១៥ សមត្ថកិច្ចបាន បន្តចាប់ខ្លួនមនុស្សម្នាក់ ទៀតបញ្ជូនទៅ កាន់ពន្ធ ធនាគារខេត្ត ដើម្បីឃុំខ្លួនរង់ចាំ បើក សវនការផ្តន្ទាទោសតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]