ត្បូងឃ្មុំ៖ មានជនរងគ្រោះ ចំនួន៩នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែ កើតមានជម្លោះ នៅក្នុងពិធី មង្គលការ មួយកន្លែង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុច ភូមិស្តុកសម្បត្តិ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយជនបង្ក បានយកដែកឆាប ចាក់ទៅលើជនរងគ្រោះ ។

យ៉ាងណាក៏ដោយ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាល ចាប់ខ្លួនក្រោយកើតហេតុ ខណៈជនរងគ្រោះ ទាំង៩នាក់ ត្រូវបានដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យ។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ចំនួន៩នាក់ រួមមាន ទី១-ឈ្មោះ លី លីម ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ ហុង ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ វិ វុធ ភេទប្រុស អាយុ២៥ឆ្នាំ ទី៤ឈ្មោះ វិត វឿន ភេទប្រុស អាយុ១៨ឆ្នាំ ទី៥-ឈ្មោះ ខ្ញូង សេងហ៊ុន ភេទប្រុស អាយុ២៩ឆ្នាំ ទី៦-ឈ្មោះ ប៉ុន សេងអ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ ទី៧-ឈ្មោះ ជ័រ សុខឃា ភេទប្រុស អាយុ២៥ឆ្នាំ ទី៨-ឈ្មោះ ជាន ចាន់ ភេទស្រី អាយុ២៨ឆ្នាំ និងទី៩-ឈ្មោះ ជាន ហួង ភេទស្រី អាយុ៤៩ឆ្នាំ អ្នកទាំង៩នាក់ រស់នៅភូមិ ស្តុកសម្បត្តិ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដោយឡែក ជនបង្កដែល ត្រូវចាប់ខ្លួនមាន ឈ្មោះ ចាន់ ជន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិពងទឹក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈបក្ខពួក មួយចំនួនទៀត បានរត់គេចខ្លួន បាត់ក្រោយកើតហេតុ។ មន្រ្តីនគរបាល បានបន្តទៀតថា ខណៈជនរងគ្រោះ កំពុងអញ្ជើញ ចូលរួម នៅក្នុងពិធីមង្គលការ ស្រាប់តែកើតមានជម្លោះ រហូតធ្វើឲ្យជនបង្ក បានយកដែកឆាប បានធ្វើសកម្មភាពចាក់ ទៅលើជនរងគ្រោះ បណ្តាលឲ្យ របួសធ្ងន់ស្រាល ចំនួន៩នាក់។

ភ្លាមៗនោះកម្លាំង នគរបាល បានចុះទៅ ជួយអន្តរាគមន៍ និងឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណៈផ្សេងទៀត បានរត់គេចខ្លួន ហើយកម្លាំង នគរបាលបាន និងកំពុងតាមចាប់។ យ៉ាងណាក៏ដោយ មិនទាន់មាន ការបញ្ជាក់ ពីមន្រ្តីនគរបាល ចំពោះមូលហេតុ ដែលនាំឲ្យមានជម្លោះ ខាងលើនេះទេ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]