ហ្វេសប៊ុក៖ យុវវ័យលេងបណ្តាញហ្វេសប៊ុក ភាគច្រើន ពិតជាបានលឺ បានស្គាល់ និងបានឃើញ អំពីប្រធានបទ កំពុងតែក្តៅ ហ៊ុយៗ ដែលនរណាៗ ក៏ចង់សាក ចង់ភ្លក់រសជាតិ នៃចំណីសម្រន់ម្យ៉ាង ដែលត្រូវបានគេ ដាក់ឈ្មោះឲ្យថា «ប្រហិតឆឹង»។

ស្តាប់លឺឈ្មោះភ្លាម អាចនឹងចម្លែកអារម្មណ៍ ព្រោះយើងធ្លាប់តែលឺចេកឆឹង ដំបូងឆឹង ជាដើម ចុះប្រហិតឆឹងនឹងយ៉ាងម៉េចទៅវិញ បានជាមនុស្សម្នាជាច្រើន សំរុកទៅទិញយ៉ាងច្រើនអីចឹង ហើយរហូតដល់ មានអ្នកខ្លះ រអ៊ូរទាំថាត្រូវចាំយូរណាស់ ទំរាំតែបាន ខណ:អ្នកខ្លះ ក៏ហួសចិត្តនឹងតម្លៃ របស់ប្រហិតឆឹងហ្នឹង ថែមទៅទៀត ព្រោះបើតាមការលើកឡើងជាច្រើន នៅលើហ្វេសប៊ុក ឲ្យដឹងមកថា មួយកំប៉ុងតូច (ប្រមាណ១០គ្រាប់) តម្លៃ ៥,០០០រៀល ឯកំប៉ុងធំវិញ (ប្រមាណ២០គ្រាប់) តម្លៃ១០,០០០រៀល។

ក្រោយពីមើលឃើញ ការត្អូញត្អែរជាច្រើន របស់យុវវ័យខ្មែរ នៅលើហ្វេសប៊ុក យ៉ាងដូច្នេះហើយ ស្រាប់តែពេលថ្មីៗនេះ មានកញ្ញារូបស្រស់ម្នាក់ ជាអ្នកនិយមលេង ហ្វេសប៊ុកដែរនោះ បានបញ្ចេញថ្វីដៃ ឲ្យអ្នករាល់គ្នា បានល្ហែរល្ហើយក្នុងចិត្ត ត្បិតអ្នកមិនទាន់បាន ស្គាល់រសជាតិ របស់ប្រហិតឆឹងហ្នឹង អាចមករៀនវិធីធ្វើ ងាយៗ មានភ្ជាប់មកជាមួយនឹង រូបថតឲ្យមើលថែមទៀត ដែលនេះក៏ល្អម្យ៉ាងដែរ សំរាប់អ្នកមិនចង់ចំណាយពេលវេលា ចាំយូរ និងថវិកាអស់ច្រើន។ មិនដឹងថា រសជាតិ នៃវិធីសាស្ត្រចំអិន ប្រហិតឆឹងបែបនេះ ឆ្ងាញ់ឬយ៉ាងណាទេ តែបើយើងក្រឡេក ទៅមើលលើហ្វេសប៊ុក ហាក់មានការចុចចែករំលែក (Share) ច្រើន គួរឲ្យកត់សម្គាល់ផងដែរ។

ប្រហិតឆឹង

១. គ្រឿងផ្សំ ៖ ទឹកម្ទេះ ទឹកសៀង ស្ករត្នោត ម្ទេសស្រស់ ម្ទេសឆារ
២. ដាក់លាយចូលគ្នា ក្នុងចាន កូរចូលអោយសប់គ្រឿង
៣. ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅ 2នាទី ស្រង់ចេញមកទុកអោយស្ងួត
៤. ដាក់ខ្ទះអោយក្ដៅ ដាក់ខ្លាញ់ និងដាក់ខ្ទឹមសរខ្លះដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត បន្ទាប់មកចាក់ប្រហិតចូលកូរអោយសប់បាន១នាទី ចាក់គ្រេឿងដែលផ្សំរួចចូលទៅ ហើយកូរអោយសប់ 2នាទី ជាការស្រេច។
ចំណេញពេល ចំណេញលុយ មានអនាម័យ! Homemade by Angel Ara

ត្រូវចិត្ត ត្រូវមាត់ ឬ ក៏អត់ ខ្មែរឡូត មិនហ៊ានធានាដែរ តែយ៉ាងណាមិញ បើសិនជាប្រិយមិត្តចង់ភ្លក់ មានតែសាកមើល ក្រែងល ឆ្ងាញ់ បើកហាងលក់ខ្លួនឯងផង ក៏មិនដឹង ព្រោះចំណីនេះ កំពុងត្រូវប៉ាន់ គួរសម។ តែយ៉ាងណាក៏ដោយ ខ្មែរឡូត សូមណែនាំ កុំឲ្យទទួលទាន ច្រើនពេក គ្រាន់តែល្មម ស្គាល់រសជាតិ និងបំពេញតំរូវការអាហារសម្រន់ ក្នុងបរិមាណ សមរម្យបានហើយ ព្រោះត្រូវប្រយ័ត្នប្រយែង ចំពោះសុខភាពរបស់យើងដែរ៕

រូបភាពនៃការបង្ហោះលើហ្វេសប៊ុក


ខាងក្រោមជារូបភាព បង្ហាញពីដំណាក់កាល នៃការចំអិន ដោយខ្លួនឯង៖










គួរបញ្ជាក់ដែរថា បើសិនជាយើងក្រឡេក ទៅមើលការលក់ប្រហិតឆឹងវិញ មានមនុស្សកាន់តែច្រើន បានទៅទិញភ្លក់ ស្របពេលដែល អតិថិជនខ្លះ បានសម្តែងការ ពេញចិត្តនឹងរសជាតិ របស់ប្រហិតឆឹង ខណ:ដែលមានខ្លះទៀត ក៏មិនពេញចិត្តទៅលើរសជាតិ ថាមិនសូវជាមានអ្វីពិសេសខ្លាំង ហើយក៏មានការ រិះគន់មួយចំនួនផងដែរ ទៅលើសេវាកម្ម របស់អ្នកលក់ប្រហិតឆឹងខ្លះ ថាមានភាពមិនសមរម្យ ជាពិសេសការប្រើប្រាស់ ពាក្យសំដីតែម្តង។ ទោះជាយ៉ាងណា នេះគ្រាន់តែជា ការលើកឡើង របស់អ្នកលេងហ្វេសប៊ុក នៅកម្ពុជាមួយចំនួនប៉ុណ្ណោះ សំរាប់ធាតុពិតយ៉ាងណានោះ ក៏មិនទាន់អាចថាបាននោះដែរ។ ចុះប្រិយមិត្ត ខ្មែរឡូតណាខ្លះ ធ្លាប់បានញ៉ាំ ប្រហិតឆឹង ដែលគេកំពុងតែល្បីនេះ ហើយឬនៅ? ជួយបញ្ចេញមតិ ប្រាប់ផង!

ខាងក្រោមជារូបភាព នៃការបើកតូប ចម្អិនលក់ ប្រហិតឆឹង ដែលគេបង្ហោះលើហ្វេសប៊ុក៖






ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]