សៀមរាប៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបាន ចំណាយអស់ ២៤២,៥០០ ដុល្លារអាមេរិក គ្រាន់តែសំរាប់ ថ្លៃស្នាក់នៅសណ្ឋាគាររបស់  លោកស្រី Michelle Obama និងគណៈប្រតិភូ ជាមន្ត្រីអមដំណើរ មក ទស្សនកិច្ចជាផ្លូវការមួយ នៅទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងរយៈពេល ២ថ្ងៃ  នេះបើយោងតាម ឯកសារមួយ របស់រដ្ឋាភិបាលអាមេរិក ចុះផ្សាយកាលពីថ្ងៃសុក្រ។  

យោងតាមឯកសារខាងលើ ក៏បានឲ្យដឹងទៀតថា ដោយសារតែមូលហេតុ ត្រូវការប្រញាប់ បូករួមនឹងកង្វល់ពីសុវត្ថិភាព ក៏ដូចជាសន្ដិសុខរបស់មន្ដ្រីជាន់ខ្ពស់អាមេរិក ជាហេតុដែលនាំឲ្យ មានការចំណាយប្រាក់ច្រើន យ៉ាងនេះ សម្រាប់ដំណើរ ទស្សនកិច្ចរបស់ លោកស្រី Michelle Obama នៅក្នុងទឹកដី ខេត្ដសៀមរាប រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។

ដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលអាមេរិក បានចុះកិច្ចសន្យា ជួលផ្តាច់ សណ្ឋាគារ សូហ្វីតែល អង្គរ ភោគីស្រា ហ្គោល & ស្ប៉ា រីស៊ត ជាសណ្ឋាគារលំដាប់ផ្កាយ៥ តាំងពីថ្ងៃទី ៣ មីនា ដោយ កក់សំរាប់រយៈពេល ១៤ថ្ងៃ  ដែលរួមមាន បន្ទប់គេង មានគ្រែមួយចំនួន៨៥បន្ទប់ ការិយាល័យ ចំនួន ៥ និង បន្ទប់គេងធំទូលាយ ចំនួន ៥បន្ទប់ ព្រមទាំង បន្ទប់សន្និសីទ ចំនួន១ ផងដែរ។

គួរបញ្ជាក់ ដែរថា លោកស្រី Michelle Obama បានមកធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា រយៈពេល ពីរថ្ងៃ  កាលពី ថ្ងៃទី ២០ និង ២១ មីនា ដើម្បីលើកស្ទួយ «គម្រោងផ្តល់ ឱកាសឲ្យសិស្សស្រីបានសិក្សា»  ហើយលោកស្រី ក៏បានទៅទស្សនា ប្រាសាទអង្គរវត្ត របស់ប្រទេស កម្ពុជាផងដែរ៕






រូបភាព សកម្មភាពទស្សនកិច្ចក្នុងទឹកដីអង្គររបស់ លោកស្រី Michelle Obama


ទិដ្ឋភាពសណ្ឋាគារ Sofitel Angkor


ប្រភព freebeacon| Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]