ស៊ីរី៖ រូបភាពដ៏គួរ ឲ្យរំជួលចិត្ត មួយសន្លឹក ដែលបង្ហាញពី ទិដ្ឋភាពនៃ ក្មេងស្រីវ័យ ៤ឆ្នាំម្នាក់ លើកដៃឡើង និងឈរស្ងៀម ទាំងក្តីតក់ស្លុត នៅពីមុខ អ្នកថតរូបម្នាក់ ព្រោះតែនាងស្មាន ថាកាមេរ៉ា ដែលនៅក្នុងដៃ អ្នកថតម្នាក់នោះ គឺជាកាំភ្លើង កំពុងតែទទួល បានការចាប់អារម្មណ៍ យ៉ាងច្រើនពី សំណាក់មនុស្ស ទូទាំងពិភពលោក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីម្នាក់នោះ ឈ្មោះថា Adi Hudea ជនជាតិស៊ីរី ដែលនាងគឺជា ក្មេងស្រីម្នាក់ត្រូវ រស់នៅក្រោម ភ្លើងសង្រ្គាម តាំងពីចាប់កំណើត មកម្ល៉េះ។ ម្យ៉ាងវិញទៀត ឪពុករបស់ នាងក៏ត្រូវបាន ស្លាប់នៅក្នុង ការសម្លាប់យ៉ាង រង្គាលមួយនៅខេត្ត Hama កាលពីឆ្នាំ ២០១២ ដូច្នេះហើយ តាំងពីពេលនោះមក ក្មេងស្រីតូច រួមជាមួយនឹង ម្តាយដែលមាន របួសជាប់ នឹងខ្លួន ព្រមទាំង បងប្អូន៣នាក់ទៀត ត្រូវបានជម្លៀសខ្លួន មករស់នៅក្នុង ជំរុំជនភៀសខ្លួន Camp Atmen ដែលស្ថិតនៅ តំបន់មួយ ក្បែរព្រំដែន រវាងប្រទេស ស៊ីរី និងទួរគី។


រូបភាពរបស់ ក្មេងស្រីតូច Adi ដែលធ្វើឲ្យ មនុស្សជុំវិញ ពិភពលោកមាន អារម្មណ៍ក្តុកក្តួល ក្នុងចិត្ត

តែអ្វីដែលរឹតតែ ធ្វើឲ្យយើង មានអារម្មណ៍ក្តុកក្តួល ចំពោះក្មេងស្រីតូច ម្នាក់នេះទៀតនោះ គឺកាយវិការ ដ៏តក់ស្លុត របស់នាង ពេលដែលបាន ឃើញអ្នកថតរូប យកព័ត៌មាន សញ្ជាតិទួរគី គឺលោក Osman Sagirli លើកកាមេរ៉ា តម្រង់មករក រូបនាង ដើម្បីថត តែនាង បែរជាយល់ថា នោះគឺជាកាំភ្លើង ហើយក៏លើកដៃ និងឈរស្ងៀម ព្រមទាំងខាំមាត់ ឡើងជាប់ ដែលនេះបាន បង្ហាញថានាង កំពុងតែភ័យខ្លាច យ៉ាងខ្លាំង។
រូបភាពរបស់ ក្មេងស្រី Adi មួយនេះត្រូវបាន Osman យកទៅបង្ហោះ នៅតាមបណ្តាញ អ៊ិនធើណេត ដែលធ្វើឲ្យមនុស្ស ជាច្រើនជុំវិញ ពិភពលោក មើលហើយ សុទ្ធតែមាន អារម្មណ៍ក្តុកក្តួល និងអាណិតអាសូរ ចំពោះរូបនាង។

គួរបញ្ជាក់ផងដែរថា សង្រ្គាមស៊ីវិល ដ៏រ៉ាំរ៉ៃក្នុង ប្រទេស ស៊ីរី រវាងរដ្ឋាភិបាល ដឹកនាំដោយ លោក បាសា អាល់អាសាដ ជាមួយនឹង ក្រុមសកម្មជន ដែលមានបំណង ផ្តួលរំលំរដ្ឋាភិបាល គឺបានកើតឡើង អស់រយៈពេល ជាង៥ឆ្នាំហើយ ដែលបានឆក់យក ជីវិតមនុស្ស ស្លូតត្រង់ ជាង២២០,០០០នាក់ ក្នុងនោះមាន កុមារប្រហែលជា ១០,០០០នាក់ផងដែរ និងមានមនុស្ស រាប់លាននាក់ ផ្សេងទៀត ត្រូវបង្ខំចិត្ត ជម្លៀសខ្លួន ចេញពីផ្ទះសម្បែង របស់ខ្លួន ទៅរកជំរុំសុវត្ថិភាព ក៏ព្រោះតែសង្រ្គាម មួយនេះ៕

ទិដ្ឋភាពដ៏ គួរឲ្យសោកសង្រេង ផ្សេងទៀត ក្នុងប្រទេសស៊ីរី ព្រោះតែសង្រ្គាម៖



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]