ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ក្រោយបណ្តោយខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈ អស់មួយសន្ទុះធំមកនោះ ឃើញថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ហាក់លេចមុខជាច្រើនគួរសមក្នុងទីផ្សារសិល្បៈ តាមរយៈនៃការថតបទ ចម្រៀង មួយចំនួន នៅក្នុង ផលិតកម្មតូចធំជាច្រើន។

ស្របពេល ការងារសិល្បៈ កំពុងតែមានសន្ទុះ នៅក្នុងទីផ្សារ ទៅមុខគួរឱ្យកត់សម្គាល់ ថ្មីៗនេះស្រាប់តែ មានប្រភពអ្នកជិតដិត បានលួចបង្ហើប ប្រាប់ថា ដោយសារតែរូបសម្រស់ ដ៏ស្រស់សោភា របស់ យ៉ាទី មួយរយៈនេះ បានធ្វើឲ្យមានបុរសៗជាច្រើន មិនថា អ្នកក្នុងស្រុក ឬក្រៅស្រុក នោះទេ គឺតែងព្យាយាមតាមទាក់ទង លួងលោមចង់បានការអាណិតស្រឡាញ់ពីតារាស្រីរូបនេះ។ មិនត្រឹមតែ ប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានេះដែរ គេក៏បានដឹងថា យ៉ាទី ក៏កំពុងតែសង្ស័យថា លួចមានទំនាក់ទំនង ស្នេហ៍ ជាមួយបុរសវ័យកណ្តាល ងារជាមន្រ្តីធំម្នាក់។

តាមប្រភព ពីអ្នកជិតស្និទ្ធនៅក្នុងរង្វង់សិល្បៈ ជាមួយកញ្ញា គង់ វង្សយ៉ាទី បាននិយាយប្រាប់ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា បច្ចុប្បន្ននេះ បុរសៗ ដែលស្រឡាញ់ចង់បាន យ៉ាទី ធ្វើជាម្ចាស់បេះដូង ភាគច្រើនជាអ្នកដែល មានលុយហូរហៀ ។ ប៉ុន្តែអ្វីដែលចម្លែក និងគួរឱ្យ ចាប់អារម្មណ៍ នោះ គឺយ៉ាទី តែងមានភាពស្និទ្ធស្នាល ជាមួយបុរស ម្នាក់មានងារជាមន្រ្តី នៅក្នុងក្រសួងមហាផ្ទៃម្នាក់ ។

តាមប្រភពខាងលើ បាននិយាយឲ្យដឹងថា បុរសដែលមានទំនាក់ទំនង ស្នេហាជាមួយតារាស្រីរូបនេះ មានវ័យប្រហែលជា៤០ឆ្នាំ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិ ម្នាក់។ ជាប្រចាំ បុរសម្នាក់នេះ តែងឧស្សាហ៍បើកឡាននាំនាង ទៅដើរលំហែកំសាន្ត និងចូលញ៉ាំអាហារ នៅតាមកន្លែង ទំនើបៗទៀតផង។ ប្រភពដដែល បានបន្តថា បុរសជាមន្រ្តីធំ ដែល ស្រឡាញ់ចង់បានបេះដូង របស់តារាចម្រៀងស្រី គង់ វង្សយ៉ាទី ក៏មានបំណង ចង់ចូលស្តីដណ្តឹងនាង យកធ្វើជាគូគ្រង ស្របតាមប្រពៃណី។ ម្យ៉ាងទៀត គេក៏ដឹងថា បុរសវ័យកណ្ដាលម្នាក់ នោះតែងជួយឧបត្ថម្ភ ដល់តារាស្រី រូបនេះ ពីក្រោយខ្នងផងដែរ។

ជុំវិញព័ត៌មាន លេចឮខាងលើនេះ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៣ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា យ៉ាទី បាននៅឡើយ ទេ ខណៈលេខទូរស័ព្ទរបស់នាង ត្រូវបានបិទ។ LookingTO DAY នឹងព្យាយាមរកការបំភ្លឺ ពីសំណាក់ កញ្ញា គង់ វង្សយ៉ាទី នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]