សិង្ហបុរី៖ ពីធីដង្ហែរសព របស់បិតាស្ថាបនិកសិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) បានចាប់ផ្តើម កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វេលាម៉ោង ១២ៈ៣០ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ដោយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ បន្ទាប់ពីលោកបាន ទទួលអនិច្ចកម្ម មានប្រជាជនរាប់មឺុននាក់ បាន ចូលទៅ គោរពសពរបស់លោក ដែលបានដំកល់ ក្នុងវិមានរដ្ឋសភា យ៉ាងច្រើនកុះករ។ 

ប្រជាជនសិង្ហបុរី បានធ្វើការលាជាលើកចុងក្រោយ ទៅកាន់នាយករដ្ឋមន្ត្រី ដំបូងបង្អស់របស់ខ្លួន ដែលបានទទួលមរណៈភាព ក្នុងអាយុ៩១ឆ្នាំ (១៩២៣-២០១៥) ដោយក្តីសោកស្តាយជាទីបំផុត។ មនុស្សម្នាជាច្រើន បានឈរអមសងខាងតាមដងវិថី ដើម្បីចង់ឃើញ និងបង្ហាញក្តីគោរពដល់ អតីតនាយករដ្ឋមន្រី្តរូបនេះ នៃពិធីដង្ហែរសពលោក តាមផ្លូវធំៗនានា។ ក្បួននេះបានចាកចេញ ពីវិមានរដ្ឋសភាយ៉ាងសន្សឹមៗ ទៅកាន់មជ្ឍមណ្ឌលវប្បធម៌ UCC ក្នុងសាកលវិទ្យាល័យរដ្ឋសិង្ហបុរី។

ដោយមានការចូលរួម ពីគណៈប្រតិភូ និងថ្នាក់ដឹកនាំកំពូលៗនានា ក្នុងពិភពលោក ពិធីដង្ហែរសព ត្រូវបានរៀបចំឡើង យ៉ាងមានសណ្តាប់ធ្នាប់ និងប្រកប ទៅដោយសុវត្ដិភាព។ នៅអមសងខាងផ្លូវ ប្រជាជនជាច្រើនក្នុង សំលៀកបំពាក់ខ្មៅ បានយំស្តាយស្រណោះ មនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយបានស្រែក "សូមអរគុណ!", "លាហើយ!", "សូមថែរក្សាខ្លួន!"... ជាមួយនឹងទឹកភ្នែកហូរកាត់ផ្ពាល់ ស្ទើរគ្រប់ៗគ្នា។ ដោយការដឹងគុណដល់ បិតាស្ថាបនិកជាតិរូបនេះ ប្រជាជនខ្លះបានឈររង់ចាំ ក្បួនតាំងពីព្រឹកព្រលឹម បើទោះបីជា មានការគំរាមកំហែង ពីផ្គរលាន់ខ្លាំងៗ ក៏នៅតែមានមនុស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។


សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន នឹងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត

លោក Yeap Beow Khin អាយុ ៤៨ ឆ្នាំ ដែលជាប្រជាជនម្នាក់ ក្នុងចំណោមនោះ បាននិយាយប្រាប់ អ្នកសារព័ត៌មានថា៖ "នេះជាពេលវេលា ចុងក្រោយហើយ នៃការធ្វើដំណើររបស់ លោក លី ដូច្នេះហើយពួកយើង ត្រូវតែជូនដំណើរលោក។ ពួកយើងមិនអាច ទៅវិមានរដ្ឋសភាបាន ចឹងហើយទីនេះ គឺជាកន្លែងដ៏សក្តិសម ក្នុងការបង្ហាញក្តី គោរពស្រលាញ់ចំពោះរូបលោក"។ ចំណែកឯយុវជន Neo Shih Chieh អាយុ២០ឆ្នាំ ដែលបានឈររង់ចាំក្បូន ក្នុងចំណោម ប្រជាជនដ៏ទៃទៀតនោះ ក៏បាននិយាយដែរថា "គាត់ជាមនុស្សពិសេសណាស់! ខ្ញុំគិតថាប្រជាជាន សិង្ហបុរីទាំងអស់គួរតែ បង្ហាញការគោរពដល់រូបគាត់"។ ចំណែកឯអ្នកផ្សេងទៀត បានឈររង់ចាំ នៅតាមដងផ្លូវ ដើម្បីទទួលក្បួនដង្ហែសព ក្រោមភ្លៀងធ្លាក់ យ៉ាងខ្លាំងផងដែរ៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនានូវវីដេអូ ដែលបង្ហាញពី សម្មភាពទាំងស្រុង ខាងក្រោមនេះ៖

ប្រភព BBC & CNA

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]