ខេត្តប៉ៃលិន ៖ មានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន កាលពីចុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះថា នៅតំបន់ព្រៃអភិរក្ស ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងត្រង់ចំណុចអូរអែម ក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន សត្វព្រៃដ៏កម្រជាច្រើន ប្រភេទដូចជា សំពោច ស្ការ ត្រកួត ជ្រូកព្រៃ ពស់ ឈ្លូស ប្រើស ក្តាន់ និងសត្វផ្សេងៗជាច្រើនទៀតនៅក្នុងព្រៃតំបន់ការ ពារនេះស្ទើរតែផុតពូជទៅហើយ ដោយត្រូវបានសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋប្រកបរបររកស៊ីបរបាញ់ និងចាប់យកទៅលក់នៅតាមហាងតូចធំៗ នានាក្នុងក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋជាច្រើន បានបង្ហើបឱ្យដឹងថា តាំងពីដើមរហូតមក ដល់បច្ចុប្បន្ននេះ បទល្មើសសត្វព្រៃនៅ តែបន្តមានដដែល ដោយសារតែមន្ត្រីមួយចំនួន មានតួនាទីជាអ្នកការពារសត្វព្រៃ ទាំងនោះបានប្រព្រឹត្តិបទល្មើស ព្រោះថា ខណៈមេចាត់ឱ្យ ទៅការពារព្រៃ ពួក គេកាប់ព្រៃឈើលក់ ហើយពេលមេឱ្យទៅ ការពារសត្វព្រៃ ពួកគេចាប់ និងបាញ់សម្លាប់សត្វព្រៃធ្វើម្ហូប និងលក់ឱ្យឈ្មួញមួយចំនួនដឹកតាមម៉ូតូបន្តយក ទៅលក់នៅតាមហាងស្ទើរតែ ទាំងអស់ក្នុងក្រុងប៉ៃលិន។ ម្យ៉ាងវិញទៀត មានសត្វព្រៃមួយចំនួនក៏ត្រូវ ក្រុមឈ្មួញដឹកតាមម៉ូតូយកទៅលក់ រហូតដល់ ខេត្តបាត់ដំបងផងដែរ ដោយចេញតាមផ្លូវក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ប្រជាពលរដ្ឋ បន្តទៀតថា សត្វព្រៃជាច្រើននៅក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្នអាចនឹងទទួល រងការផុតពូជ តែសត្វមួយចំនួនទៀតនៅ សេសសល់តិចតួចបំផុត ពោលគឺនៅក្នុងព្រៃជ្រៅៗ ទើបមានសត្វទាំងនោះ ។ ម្យ៉ាងវិញទៀតបើគេចូលទៅ ហូបអាហារនៅតាមអាហារដ្ឋាន ឬហាងស្ទើរតែទាំងអស់ ហើយបញ្ជាទិញ(កម្មង់)ម្ហូបសត្វព្រៃនោះ ម្ហូបសត្វអ្វីក៏មានដាក់លក់ ឱ្យភ្ញៀវទទួលទានដែរ ។ ប៉ុន្តែគេមិនឃើញមានមន្ត្រីអភិរក្សសត្វព្រៃ ណាមួយចុះទៅធ្វើ ការហាមឃាត់ ឬចាត់ការតាម ច្បាប់នោះឡើយ ដោយបណ្តែតបណ្តោយ ឱ្យលក់ដូរយ៉ាង រលូនទៅវិញ ។

ប្រជាពលរដ្ឋសំណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋរក ស៊ីរបរខុសច្បាប់នេះ មិនត្រូវប្រព្រឹត្តបទល្មើស ចាប់សត្វព្រៃយកទៅទទួលទាន ឬប្រកបរបរចាប់យកទៅលក់ នៅតាមហាងតូចធំនោះឡើយ ព្រោះថា ការធ្វើបែបនេះខុស ទៅនឹងច្បាប់យ៉ាងខ្លាំង ។ បើគេទស្សនាតាមកញ្ចក់ ទូរទស្សន៍នាទីសត្វព្រៃ នៅប្រទេសរបស់គេ សត្វអ្វីក៏មានដែរ គឺគេចេះថែរក្សាសត្វទាំងនោះ ឱ្យបានគង់វង្ស ទុកជាកេរ តំណែលធម្មជាតិ ហើយបើសិនសមត្ថកិច្ចរបស់គេដឹងថា នរណាម្នាក់ចាប់សត្វព្រៃលក់នោះ គេនឹងផាកពិន័យ ឬអាចជាប់ពន្ធនាគារថែមទៀតផង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]