ខេត្តកំពត ៖ បុរសម្នាក់បានត្រូវម្តាយ ប្រទះឃើញដេកស្លាប់ម្នាក់ឯង នៅក្នុងបន្ទប់ដេករបស់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច អធិការនគរបាលស្រុកកំពង់ ត្រាចដើម្បីចុះទៅពិនិត្យ សាកសពដល់ផ្ទះក្រែង មានករណីអ្វីផ្សេងកើតឡើង ។ ហេតុការខាងលើ កើតឡើងកាល ពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច។

ក្រោយពីសមត្ថកិច្ចពិនិត្យ សាកសពរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា សពបុរសឈ្មោះដួង ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ពិតជាស្លាប់ដោយ ជម្ងឺគាំងបេះដូង ឬខ្យល់គពិតប្រាកដមែន ពីព្រោះនៅកន្លែងសាកសព និងនៅលើដងខ្លួនពុំឃើញ មានស្លាកស្នាមអ្វីគួរឲ្យ សង្ស័យថាជាករណីធ្វើអត្តឃាត ឬករណីឃាតកម្មឡើយ ។ សមត្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសាររៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

ប្រភពពត៌មានពី អ្នកភូមិនៅក្បែរផ្ទះជនរង គ្រោះបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ជនរងគ្រោះបាន ទៅចូលរួមហូបការកូនអ្នកភូមិដែលនៅក្បែរផ្ទះ ហើយគេដឹងថា បុរសរូបនោះជាមនុស្ស មិនចេះផឹកស្រាទេ ។ ប្រភពបន្តទៀតថា ពេលហូបបាយរួចគេឃើញបុរសរងគ្រោះបានចូលរាំ ធុងបាស់ជាមួយគេឯង បាន២-៣បទរួចក៏ឈប់រាំ ជិះម៉ូតូមកផ្ទះវិញ មិនហ៊ាននៅយូទេ ពីព្រោះម្តាយនៅផ្ទះម្នាក់ ឯង។

ស្ត្រីឈ្មោះពៅ ហ៊ុំ អាយុ៥៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់សមត្ថកិច្ច និងអ្នកយកព័ត៌មានថា រូបគាត់ជាស្ត្រីមេម៉ាយតាំងពីកូននៅ តូចរស់នៅតែពីរនាក់ម្តាយកូន ខំរកចិញ្ចឹមកូនរហូត ដល់កូនពេញវ័យចេះរក លុយចិញ្ចឹមម្តាយផង ខំសន្សំប្រាក់រហូតបានការប្រពន្ធ។ ស្ត្រីជាម្តាយរៀបរាប់ទៀតថា កូនប្រុសគាត់ទើបតែ រៀបការហើយបានបីថ្ងៃ ដោយនៅជំពាក់បំណុល គេបីលានរៀលក្នុងកំឡុងការកូននេះ ទើបកូនប្រសារគាត់ក៏មិន ហ៊ានសំរាកនៅផ្ទះយូរដែរ ពួកគេខិតខំទៅរកប្រាក់ ដើម្បីយកប្រាក់មកសងបំណុលគេ តែពេលនេះកូនខ្ញុំបាន ស្លាប់ចោលខ្ញុំជាម្តាយ និងប្រពន្ឋជាទីស្រលាញ់ទៅហើយ ធ្វើឲ្យខ្ញុំជាម្តាយមិនដឹងជាទៅ រកប្រាក់ឯណាដើម្បីដោះបំណុលជំពាក់គេនោះឡើយ ពីព្រោះសព្វថ្ងៃនេះខ្ញុំជា ម្តាយមានជម្ងឺប្រចាំកាយផង ហើយជីវភាពក៏ក្រតោកយ៉ាក គ្មានអ្វីជាទីពឹងឡើយ។

ស្ត្រីជាម្តាយជនរង គ្រោះសូមអំពាវនាវដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងសប្បុរសជនក្នុង និងក្រៅប្រទេសមេត្តាជួយ សណ្តោសប្រណីឧបត្ថម្ភតាមកំលាំងសទ្ធាដល់ រូបគាត់ដែលមានទុក្ខដ៏ កំសត់នេះផង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]