ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ដោយសារតែតូចចិត្ត នឹងប្តីប្រមឹកវាយដំច្រំធាក់ជារៀងរាល់ថ្ងៃ ក៏ដាច់ចិត្តរត់ទៅទាញ យកថ្នាំពុលបាញ់ស្មៅ ប្រភេទទឹកខៀវនៅក្នុងបន្ទប់ផ្ទះ របស់ខ្លួនទៅសំងំផឹក លុះប្តីធុំក្លិនថ្នាំពុល និងឮនាងក្អួតចង្អោរ ក៏ឡើងទៅមើលឃើញ ក៏ទាត់ប៊ីដុងចេញ រួចក៏ប្រញាប់ហៅអ្នកជិតខាង ឱ្យបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ មីនា ២០១៥ ស្ថិតនៅក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសន សារីម អាយុ៤៩ឆ្នាំ ជាកសិករ មានប្តីឈ្មោះព្រាប លឿង អាយុ៥២ឆ្នាំ មានកូនចំនួន៦នាក់ (ប្រុស៣ ស្រី៣) ទាំងពីរនាក់រស់នៅ ភូមិកើតហេតុខាងលើ ។

បើតាមពីសាច់ញាតិស្ត្រី រងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានដើរមកពី មើលគេលេងកីឡាប្រដាល់ នៅក្នុងភូមិ ហើយបានផឹក ស្រាស្រវឹងជោកជាំ ដោយមកទាររកលុយ ពីប្រពន្ធចំនួន១០.០០០រៀល យកទៅបន្តផឹកស្រាទៀត ។

ពេលនោះស្ត្រីរងគ្រោះមិនព្រមឲ្យ ក៏ដេញចាប់វាយដំធ្វើបាប រហូតដល់សន្លប់នៅនឹងកន្លែង លុះមួយសន្ទុះទើបដឹងខ្លួន ហើយភ្លាមៗនោះដែរ ត្រូវបានអ្នកជិតខាង ជួយចាប់ឃាត់ផងដែរ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយមកបុរសជា ប្តីបម្រុងនឹងបើកម៉ូតូ ជាន់លើស្ត្រីរងគ្រោះបន្ថែមទៀត តែត្រូវបងប្អូន ជួយទាន់ពេល ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកស្រាប់តែស្ត្រីរង គ្រោះរត់ឡើងទៅសំងំលើផ្ទះ ហើយទាញយកថ្នាំពុល បាញ់ស្មៅប្រភេទទឹកខៀវ មកផឹកអស់ចំនួន៣កូនកែវ ។ ពេលនោះផងដែរ បុរសជាប្តីក៏រត់ឡើងទៅលើផ្ទះ ឃើញប្រពន្ធកំពុងផឹកថ្នាំពុល ក៏យកជើងទាត់ប៊ីដុងថ្នាំពុលចេញ បណ្តាលឱ្យធ្លាក់មកក្រោម ។ ពេលនោះបានបងប្អួនឈរ នៅខាងក្រោមផ្ទះឃើញ ក៏មានការភ្ញាក់ផ្អើល ហើយក៏ស្ទុះឡើងទៅមើល ឃើញស្ត្រីរងគ្រោះ មានអាការៈក្អួតចង្អោរ ស្លេកស្លាំង សន្លប់នៅនឹងកន្លែង ព្រមទាំងធុំក្លិនថ្នាំពុល ទើបនាំគ្នាដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តតែម្តង ។

ចំណែកវេជ្ជបណ្ឌិត ប្រចាំការក្នុងមន្ទីរពេទ្យបង្អែក ខេត្តបានឱ្យដឹងថា ថ្នាំពុលប្រភេទទឹកខៀវនេះ កាចសាហាវណាស់ ជាប្រភេទលេខ១នៅប្រទេសថៃ សូម្បីតែជនជាតិរបស់គេ នៅពេលផឹកថ្នាំពុលនេះរួច គឺមិនសង្ឃឹមរស់នោះឡើយ ពោលគឺឱ្យតែផឹកដល់ក្នុងក្រពះហើយថ្នាំនេះនឹងកាត់ផ្តាច់សាច់ខាងក្នុង ក្អួតចេញមកខាងក្រៅទាំងដុំៗតែម្តង ។

ដូច្នេះស្ត្រីខាងលើនេះ មានសង្ឃឹមតិចតួចបំផុត បើសិនជារស់នៅយ៉ាងយូរ គឺត្រឹមតែរយៈពេល១ អាទិត្យប៉ុណ្ណោះ ត្រូវតែស្លាប់ចោលប្តីនិងកូនប្រុសស្រីទាំង៦នាក់ នេះជាក់ជាមិនខានឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]