ខេត្តកោះកុង ៖ គិតរហូតមកដល់ថ្ងៃទី២៧ មីនា ២០១៥ នេះ គឺមានរយៈពេល៥យប់៥ថ្ងៃហើយ ដែល  ក្រុមមន្ត្រីមួយ ក្រុមរបស់អង្គការ សម្ព័ន្ធ មិត្តសត្វព្រៃ ក្នុងនោះមាន ជនស៊ីវិលម្នាក់ ត្រូវបានគេស្គាល់ថា មានតួនាទីជា អ្នកបកប្រែភាសា ឱ្យអង្គការខាងលើ ឈ្មោះណុប ថេត និង កម្លាំងឯកសណ្ឋាន កងរាជអាវុធហត្ថ ចំនួន៤នាក់ ប្រដាប់ដោយអាវុធAK ស្វាយបត់ ចំនួន៤ដើមផងដែរ បានធ្វើ សកម្មភាពល្បាត នៅពេល យប់លើកំណាត់ ផ្លូវជាតិលេខ៤៨ ចន្លោះពីចំណុច ឃុំត្រពាំងរូង ស្រុកកោះកុង ទៅឃុំអណ្តូងទឹក ស្រុកបទុមសាគរ ដោយប្រើ មធ្យោបាយ រថយន្តនីស្សាន់ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ NGO 2-144 ។

ទាក់ទិននឹងករណីឃាត់រថយន្តខាងលើ ក្រុមអ្នករត់តាក់ស៊ីបានរៀបរាប់ប្រាប់ឲ្យដឹងថា ពេលដែលក្រុម ល្បាតខាងលើ ធ្វើដំណើរទៅដល់ ចំណុចអន្ទង់អាំង ស្ថិតក្នុងឃុំជីមាស ឃុំអណ្តូងទឹក វេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី២២ មីនា ២០១៥ ក្រុមមន្ត្រី អង្គការខាងលើ បានបើក រថយន្តរបស់ ខ្លួនស្ទាក់មុខ នឹងធ្វើសកម្មភាព ឃាត់រថយន្តទួរីស ដឹកទំនិញចំនួន២គ្រឿង ដែលកំពុងធ្វើ ដំណើរចេញពី ខេត្តកោះកុងឆ្ពោះ ទៅខេត្តកំពត ។ ក្នុងខណៈពេល ដែលក្រុមមន្ត្រី អង្គការខាងលើ ធ្វើសកម្មភាពស្ទាក់ រថយន្តទាំង២គ្រឿង ដែលមាន តែអ្នកបើកបរនោះ ហើយធ្វើការ ឆែកឆេរ ម្ចាស់រថយន្តទាំងពីរ បានសួរក្រុមមន្ត្រី អង្គការថា បងៗឆែកឆេររកអ្វី? ក្រុមមន្ត្រីឆ្លើយថា អញរកមើលក្រែង មាន ដឹកឈើ ។ ម្ចាស់រថយន្ត ខាងមុខបានឆ្លើយថា ខ្ញុំគ្មានដឹកឈើទេ តែខ្ញុំបានទិញផ្លែផ្តៅ និងដើមសួតដំរី តិចតួចយកទៅ លក់នៅកំពត គ្រាន់ រួចថ្លៃប្រេង នៅខណៈនោះដែរ ក្រុមមន្ត្រីអង្គការ ក៏បានបញ្ជូនឱ្យរថយន្ត ម៉ាក់សាំយ៉ុង ពណ៌ស ពាក់លេខភ្នំពេញ 2H-3215 វិលត្រឡប់ មកក្រោយវិញ ដោយមានកម្លាំង កងរាជអាវុធហត្ថម្នាក់ ប្រដាប់ដោយអាវុធAK ស្វាយបត់ មួយដើម ឡើងជិះជាមួយ និងរថយន្តអង្គការ ខាងលើ បើកឆ្គកពីក្រោយ ចំណែករថយន្ត ដែលពួកគេបានស្ទាក់ ឃាត់ឆែកឆេរមួយ គ្រឿងទៀត ដោយពុំមានដឹកអ្វី ក្រុមមន្ត្រីអង្គការ ខាង លើ ក៏បានដោះលែងទៅវិញ ។ ចំពោះរថយន្ត ដែលបានចាប់ឃាត់ ក៏បានយកមកឃុំទុក នៅក្នុងស្នាក់ការ របស់ក្រុមមន្ត្រីខាងលើ ដែលមាន ទីតាំងនៅក្នុង ឃុំត្រពាំងរូង ខណៈពេលមកដល់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ជាច្រើន ព្រោះស្មានតែ ចាប់ បានបទល្មើសធំដុំ មិននឹកស្មានថា មានតែផ្លែផ្តៅ និងដើមសួត ដំរីដុះផ្សិត២-៣កំណាត់បាវតែប៉ុណ្ណោះ ។ ហើយនៅពេល ដែលរថយន្ត ខាងលើត្រូវបាន ក្រុមមន្ត្រីអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ឃាត់ទុករហូត ដល់ថ្ងៃទី២៦ មីនា ២០១៥ ទើបមានប្រជាពលរដ្ឋ ច្រើននាក់ រួមនឹង ម្ចាស់ រថយន្តបានទូរស័ព្ទ មកប្រាប់ភ្នាក់ងារ កោះសន្តិភាព ជុំវិញ ករណីខាងលើនេះ ហើយពួកគាត់បាន ចោទប្រកាន់ក្រុមមន្ត្រី អង្គការខាង លើនេះថា មានគំរោងឃាត់ រថយន្តដឹកផ្លែផ្តៅ និងដើមសួតដំរី ខាងលើនេះ ដើម្បីជំរិតទារប្រាក់ ព្រោះក្រុមមន្ត្រី ដែលបានធ្វើសកម្មភាព ស្ទាក់ និងឆែកឆេររថយន្ត ខាងលើនេះ មានគំរោងឃាត់ ទុករថយន្តខាងលើ ដើម្បីជំរិតទារប្រាក់ ដោយយកហេតុផលថា ផាកពិន័យ ព្រោះ ពេលដែលចេញ ធ្វើសកម្មភាពស្ទាក់ ចាប់រថយន្តដែលមាន ដឹកអនុផល ព្រៃឈើបន្តិចបន្តួច ពុំមានមន្ត្រីរដ្ឋបាល ព្រៃឈើចូលរួម ហើយក៏ពុំ បានបញ្ជូន ឬក៏បំពេញឯកសារ ពាក់ព័ន្ធនឹងការស្ទាក់ ចាប់រថយន្តខាងលើនេះឱ្យ ថ្នាក់លើបានដឹងដែរ ។

ម្ចាស់រថយន្តដែលត្រូវបានក្រុមមន្ត្រី អង្គការសម្ព័ន្ធមិត្តសត្វព្រៃស្ទាក់ចាប់ខាងលើ បានទូរស័ព្ទប្រាប់កោះ សន្តិភាពថា គាត់ឈ្មោះសុខ ទី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី ដឹកខ្យងហូលពីខេត្តកំពត មកកាន់ខេត្តកោះកុង មានទីលំនៅឃុំប្រាំង ស្រុកកំពង់បាយ ខេត្តកំពត ។ គាត់បាន រៀបរាប់ទៀតថា ជារៀងរាល់ថ្ងៃ រូបគាត់ស៊ីឈ្នួល ដឹកខ្យងហូលពី កំពតមកកោះកុង ពេលត្រឡប់ទៅ វិញឡានទទេ មកដល់ ចំណុចឃុំត្រពាំងរូង រូបគាត់បាន ទិញផ្លែផ្តៅចំនួន ជាង៣០០គីឡូក្រាម និងដើមសួតដំរីចំនួន ៨០ គីឡូក្រាម ដើម្បីយកទៅ លក់នៅកំពត ក្រែងរួចថ្លៃប្រេង ព្រោះគាត់ធ្លាប់ ឃើញគេដឹកទៅ លក់ទាំងទូកៗ មិនដែលឃើញ មានអ្នកណាចាប់ផង ហេតុនេះទើបគាត់ទិញ ទៅលក់នឹង គេ ដោយផ្លែផ្តៅក្នុង មួយគីឡូក្រាម ៥.០០០រៀល និងដើមសួតដំរី ក្នុងមួយគីឡូក្រាម ៣០០រៀលប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពី ក្រុមមន្ត្រីអង្គការ ខាងលើស្ទាក់ ចាប់គាត់រួច ពួកគេបានប្រាប់គាត់ថា បទល្មើសនេះ ត្រូវផាកពិន័យ មួយគុណនឹងបី ដូច្នេះសរុបទាំង ផ្លែផ្តៅ៣២៥ គីឡូក្រាម និងដើមសួតដំរី ៨០គីឡូក្រាមទៀត សរុបជាងទឹកប្រាក់ អស់ជា៤លានរៀល ។

ម្ចាស់ រថយន្តបានរៀបរាប់ទៀតថា រូបគាត់បានត្រៀមខ្លួនចូលទទួលនូវការផាកពិន័យតាមច្បាប់ ប៉ុន្តែមិន គួរចាប់រថយន្ត របស់គាត់ទុកជា ច្រើនថ្ងៃ មិនព្រមដោះស្រាយ បែបនេះទេ ព្រោះគាត់បាន បាត់បង់ពេលវេលា ក្នុងការប្រកបរបរ ចិញ្ចឹមជីវិតប្រចាំ ថ្ងៃរបស់គាត់ ដោយសារ តែ រថយន្តត្រូវគេឃាត់ទុក មិនព្រមព្រោះ ដោះស្រាយបែបនេះ ។

កោះសន្តិភាព បានទូរស័ព្ទទាក់ទងទៅផ្នែករដ្ឋបាលនៃខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ប៉ុន្តែមន្ត្រីខណ្ឌរដ្ឋ បាលព្រៃឈើកោះកុង បានឆ្លើយ បដិសេធថា ពុំមានឯកសារ ពាក់ព័ន្ធនឹងការចាប់ រថយន្តដឹកផ្លែផ្តៅ និងដើមសួតដំរី ខាងលើនេះ បញ្ជូនមកដល់ ខណ្ឌឡើយ ហើយមន្ត្រី ដដែលប្រាប់ លេខទូរស័ព្ទឱ្យ ទាក់ទងទៅ លោកគង់ ចិត្រា ជាប្រធានក្រុមល្បាត របស់អង្គការសម្ព័ន្ធ មិត្តសត្វព្រៃ ស្នាក់ការតាតៃ ប៉ុន្តែ ទូរស័ព្ទចូល ច្រើនដងគ្មានអ្នកទទួល ចំណែកលោកណុប ថេត ដែលជាអ្នកដឹកនាំ កម្លាំងស្ទាក់ចាប់ រថយន្តខាងលើនេះ គឺទូរស័ព្ទមិន អាច ទាក់ទង បានតែម្តង ។ ប្រជាពលរដ្ឋជាច្រើន នៅក្នុងខេត្តកោះកុង ជាពិសេសពួកគាត់ ដែលរស់នៅតាម បណ្តោយផ្លូវជាតិ លេខ៤៨ បាន សំណូមពរទៅ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមានភារៈកិច្ចគ្រប់គ្រងអង្គការ ខាងលើនេះ គួរតែបើកការ ស៊ើបអង្កេត អំពីសកម្មភាព ការអនុវត្តច្បាប់ របស់មន្ត្រី អង្គការខាងលើនេះផង ព្រោះសកម្មភាព របស់មន្ត្រីអង្គការមួយនេះ ច្រើនករណី ណាស់ដែលធ្វើផ្ទុយ នឹងការ ចង្អុលបង្ហាញ ផ្ទុយនឹងអនុសាសន៍ សេចក្តីប្រកាស របស់ប្រមុខ រាជរដ្ឋាភិបាល ហើយបំផ្លែង ករណីសទៅជាខ្មៅ ធំទៅជាតួច ជាក់ស្តែង ដូចជាអនុផល ព្រៃឈើផ្លែផ្តៅនេះឯង ប្រមុខរាជរដ្ឋាភិបាល បានប្រកាសអនុគ្រោះ ឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើចរាចរណ៍ ក្នុងទូទាំងប្រទេស បែរជាចោទថា បទល្មើស ហើយមានឈ្មួញធំៗ ដឹកតាមទូកសមុទ្រ ម្តងៗ រាប់រយតោន បើកឱ្យរួចខ្លួន ទទួលតែសំណូក ។

ពលរដ្ឋសំណូមពរឱ្យលោក រដ្ឋមន្ត្រីមានវិធានការឆាប់ៗពាក់ព័ន្ធនឹងសកម្មភាពរបស់មន្ត្រី អង្គការដែល បានធ្វើបាបពលរដ្ឋ ដូចជាករណី ដឹកផ្លែផ្តៅ ខាងលើនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]