កណ្ដាល ៖ កម្លាំងសមត្ថកិច្ច បានចុះ បង្ក្រាបនិងចាប់ខ្លួន មន្ដ្រីពន្ធនាគារខេត្ដ កណ្ដាល ពីរនាក់ និងស្ដ្រីម្នាក់ទៀត អាចជា ស្រីស្នេហ៍ នៅក្នុងបន្ទប់ លេខ២ ផ្ទះសំណាក់ រស្មីអង្គរ ភូមិ-សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ស៊ិន មីដា អាយុ២៧ឆ្នាំ រស់នៅភូមិ-សង្កាត់ តាក្ដុល ក្រុងតាខ្មៅ មានមុខរបរជា មន្ដ្រីពន្ធនាគារខេត្ដ ទី២ ឈ្មោះ ជួន រតនា អាយុ២៣ឆ្នាំ រស់នៅភូមិ កំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មុខរបរជាមន្ដ្រី ពន្ធនាគារ ខេត្ដកណ្ដាល និងទី៣ឈ្មោះ ឱប ទិតសុផាន់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មុខរបរជាបុគ្គលិក ក្លឹបសប្បាយសប្បាយ ស្ថិតនៅខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចាប់ខ្លួន ដកហូតបានម្ស៉ៅក្រាម ពណ៌ស មួយកញ្ចប់ ជញ្ជីងថ្លឹងមួយ ទូរស័ព្ទ ៣គ្រឿង វិទ្យុទាក់ទង មួយគ្រឿង ម៉ូតូ១គ្រឿង និងសម្ភារ ឧបករណ៍ជក់ថ្នាំញៀន មួយចំនួនទៀត ។

តាមសមត្ថកិច្ច នៅវេលាម៉ោងកើតហេតុ ជនសង្ស័យទាំង៣នាក់ បានចូលដេកក្នុង បន្ទប់ផ្ទះសំណាក់ ពេលនោះ ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកបង្ក្រាប ជាក់ស្ដែង ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]