អាមេរិក ៖ ពិតណាស់ តាំងពីដើមមក ប្រិយមិត្តប្រហែលជា ធ្លាប់បានលឺ ពីមនុស្សចាំជាតិជាមិនខាន។ ជាក់ស្តែង ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ បានប្រាប់ថានៅចាំជាតិ និងបានរៀបរាប់ពីជីវិតរបស់ខ្លួន ជាតារាសម្តែងហូលីវូដ Marty Martin នៅក្នុងទស្សវត្ស ៣០ ទៀតផង។

ក្មេងប្រុស Ryan អាយុ ១០ ឆ្នាំ រស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក អាចរៀបរាប់ពីជីវិតការងារ និងសម័យដែលខ្លួនរស់នៅ កាលពីជាតិមុនបានយ៉ាងច្បាស់ ទោះបីជា ឯកសាររបស់លោក Marty Martin មិនត្រូវបានគេ កត់ត្រាទុកក៏ដោយ។

ម្តាយរបស់ Ryan អ្នកស្រី Cyndi បាននិយាយថា នៅពេលដែលកូនប្រុសគាត់ មានអាយុ ៤ឆ្នាំ ចេះតែយល់សប្តិអាក្រក់ និងតែងតែនិយាយពី ហូលីវូដ ដែលជាកន្លែងឆ្ងាយ រាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែពេលនោះអ្នកស្រី មិនចាំអារម្មណ៍ថា កូនរបស់គាត់ ចាំជាតិនោះទេ។ ស្រាប់តែមួយឆ្នាំក្រោយមក Ryan បានប្រាប់អ្នកស្រីថា ខ្លួនធ្លាប់ជាមនុស្សដទៃទៀត និងប្រាប់ម្តាយ កាន់តែលំអិតទៅៗ ពីរឿងជាតិមុនរបស់ខ្លួន ធ្វើឲ្យអ្នកស្រី មានការរន្ធត់ចិត្តជាខ្លាំង ព្រោះនេះមិនមែន ជារឿងក្មេងៗ អាចយករឿងមកប្រឌិត បានលំអិតយ៉ាងនេះទេ។ មិនតែប៉ុណ្ណោះទេ Ryan តែងតែយំឲ្យម្តាយ ជូនខ្លួនទៅផ្ទះ និងនិយាយអំពីការរៀបការ ចំនួន ៥ ដង និងដំនើរលំហែកាយ នៅក្នុងអ៊ឺរ៉ុប អំពីផ្ទះចាស់ និងអាជីពជាតារាសម្តែង ទៀតផង។

ដើម្បីដឹងកាន់តែច្បាស់ អ្នកស្រីបានព្យាយាម ស្វែងរកសៀវភៅ នៅក្នុងបណ្ណាល័យ ក៏ស្រាប់តែរកឃើញ សៀវភៅរឿង Night After Night នៅក្នុងឆ្នាំ ១៩៣២ ហើយយកមកបង្ហាញឲ្យ Ryan មើល ក៏ក្មេងម្នាក់នេះ បានប្រាប់ទៅម្តាយថា រូបនៅក្នុងសៀវភៅ នេះគឺជាខ្លួនរបស់គេ។ ក្រោយមកទើបអ្នកស្រី ដឹងថា បុរសដែលនៅក្នុងសៀវភៅនោះ ជាអតីតតារាសម្តែង Marty Martin។

ចំនែកឯលោកវេជ្ជបណ្ឌិត Tucker ដែលជាអ្នកជំនាញ ផ្នែកព្យាបាលជំងឺប្រសៃប្រសាទកុមារ ដែលបានពិនិត្យ Ryan បាននិយាយថា ទោះបីជាគាត់ធ្លាប់បានជួបរឿង ប្រភេទនេះ ជាច្រើនពាន់ករណីក៏ដោយ ប៉ុន្តែសម្រាប់ករណី Ryan គឺពិសេសជាងគេ ហើយគាត់បានរៀបរាប់ទៀតថា ៖ «ការរៀបរាប់លំអិត របស់ Ryan ក្នុងលក្ខណៈលំអិត និងច្បាស់យ៉ាងនេះ គឺពិតជារឿងមួយពិបាក ពន្យល់ខ្លាំងណាស់ ព្រោះពេលដែលខ្ញុំ ឲ្យ Ryan ទៅជួបជាមួយកូនស្រីរបស់ អតីតតារាសម្តែង Marty Martin គឺអ្វីដែលក្មេងម្នាក់នេះនិយាយ គឺចំនួន ៥៥ ប្រយោគ គឺត្រូវបេះបិទជាមួយ នឹងជីវិតរបស់លោក Marty Martin ច្បាស់ៗតែម្តង។ មិនតែប៉ុណ្ណោះទេ  Ryan ថែមទាំងចាំឈ្មោះ កូនៗ ប្រពន្ធទាំង ៥ នាក់ បងប្អូន និ ឈ្មោះផ្លូវដែលគាត់រស់នៅបាន យ៉ាងច្បាស់ៗទៀតផង»។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺ Ryan បានប្រាប់ទៅ លោកវេជ្ជបណ្ឌិតថា៖ « មិនគួរណាព្រះជាម្ចាស់ ឲ្យខ្ញុំស្លាប់ក្នុងអាយុ ៦១ ឆ្នាំឡើយ ហើយ ឲ្យខ្ញុំមកកើត ធ្វើជាក្មេងតូចវិញសោះ។ ភ្លាមៗនោះ លោកវេជ្ជបណ្ឌិត បានទៅមើលឯកសារ ដែលបានកត់ត្រាពីការស្លាប់ របស់លោក Martin គឺបានសរសេរថា លោកបានស្លាប់ នៅក្នុងអាយុ ៥៩ ឆ្នាំ ប៉ុន្តែ ពេលលោកពិនិត្យមើល ឯកសារចាស់ ទើបដឹងថា ឯកសារនោះកត់ត្រាខុសទៅវិញ ហើយការលើកឡើងរបស់  Ryan ថាខ្លួនបានស្លាប់ នៅក្នុងអាយុ ៦១ ឆ្នាំ គឺជាការពិត»។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការចងចាំជាតិរបស់ Ryan នឹងចាប់ផ្តើមបាត់បង់ ម្តងបន្តិចៗ ពេលដែល មានវ័យកាន់តែធំ  ប៉ុន្តែ លោកបានកត់ត្រា នូវអ្វីដែល Ryan បាននិយាយប្រាប់លោក អស់ហើយ។ ហើយរឿងទាំងអស់នេះ ជាផ្នែកមួយ ក្នុងសៀវភៅរបស់លោក ដែលលោកបានសិក្សា ចំនួន ២,៥០០ ករណី មានឈ្មោះថា «Return to Life»៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ odditycentral

ដោយ  ៖ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]