កំពង់ចាម៖ កម្លាំងនគរបាល ស្រុកជើងព្រៃ បានចាប់ខ្លួនព្រះសង្ឃ ចំនួន២នាក់និង បុរស៤នាក់ផ្សេងទៀត ក្នុងនោះជាអតីត ព្រះសង្ឃសឹកកាល ពីឆ្នាំ២០១៤ ខណៈដែលពួកគេ កំពុងច្រៀងខារ៉ាអូខេ យ៉ាងសប្បាយដែល ខុសទៅនឹងវិន័យ ព្រះពុទ្ធសាសនា (សម្រាប់ ព្រះសង្ឃ) នៅក្នុងហាង ខារ៉ាអូខេយីហោ ជា ធិតា ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាល ស្រុកជើងព្រៃ បានឱ្យដឹងថា ការឃាត់ខ្លួនព្រះសង្ឃ និងដៃគូទាំង ៦អង្គ-នាក់ ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ក្រោយពីមាន ប្រជាពលរដ្ឋបាន ទូរស័ព្ទទៅនគរបាល បញ្ចាំបញ្ជានៅ ស្នងការដ្ឋាន នគរបាលខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបាន ព័ត៌មានរបស់ប្រជាពលរដ្ឋ ស្ដីពីសកម្មភាព ព្រះសង្ឃ ចូលច្រៀងខារ៉ាអូខេ ទាំងស្លៀកពាក់ ស្បង់ចីវរនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្តសេនីយ៍ បែន រ័ត្ន បានបញ្ជាទៅអធិការ ស្រុកជើងព្រៃ ចុះស្រាវជ្រាវនិង ធ្វើការឃាត់ខ្លួន ។

មន្ដ្រីនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ ទៀតថា «ក្រោយពីទទួល បានបញ្ជាពីលោក ស្នងការភ្លាម យើងបាន ចាត់តាំងកំណត់ចុះ ស្រាវជ្រាវ និងត្រួតពិនិត្យ ហើយរកឃើញ មនុស្សចំនួន៦នាក់ ប្រុសទាំងអស់ បន្ទាប់មក យើងបានធ្វើការ សាកសួរបំភ្លឺ ដោយក្នុងចំណោម មនុស្សទាំង៦នាក់នេះ មានជនស៊ីវិល ៣នាក់ មានព្រះសង្ឃពិតប្រាកដ ពីរអង្គនិង ម្នាក់ទៀត ធ្លាប់បួសជាសង្ឃ ប៉ុន្ដែបានសឹក កាលពីឆ្នាំ ២០១៤មកម្ល៉េះ» ។

តាមមន្ដ្រីនគរបាលដដែល សង្ឃទាំងពីរអង្គ ដែលត្រូវបានឃាត់ ព្រះកាយនៅក្នុង បន្ទប់ខារ៉ាអូខេនោះ ទី១ ព្រះនាម ឡាច ហ៊ាន ព្រះជន្ម ៤២វស្សា ស្រុកកំណើតនៅភូមិ ទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្ដ កំពង់ចាម បច្ចុប្បន្ន គង់នៅវត្ដរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្ដ កំពង់ចាម ទី២ ព្រះនាម ហែម បញ្ញា ព្រះជន្ម ២៤វស្សា នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ចាម បច្ចុប្បន្ន គង់នៅវត្ដព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្ដកំពង់ចាម រីឯអន្ទិត ដែលធ្លាប់បួស ជាសង្ឃនោះឈ្មោះ សេន ចាន់ណា អាយុ ៣៥ឆ្នាំ រស់នៅភូមិ ព្រែកមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកំពង់ចាម ។

ក្រោយពីឃាត់ខ្លួន ព្រះសង្ឃរួចមក សមត្ថកិច្ចបាន សហការជាមួយមន្ដ្រី មន្ទីរធម្មការ និងអាជ្ញាធរពាក់ព័ន្ធ បានចាប់ផ្សឹក ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ តាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]