ហ្វេសប៊ុក៖ រយៈពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទងទៅនឹង ការទទួលបានសារ ឬក៏ Missed call ពីលេខចម្លែក ដែលមានក្បាលលេខដូចជា +375 ឬក៏ +371 ជាដើមនោះ។

បន្ថែមពីនេះទៀត ក៏មានការអះអាង ជុំវិញករណីមួយនេះ ទៀតថា ប្រសិនណាបើ អ្នកធ្វើការ ហៅទូរស័ព្ទ ទៅកាន់លេខ ទាំងនោះវិញ នោះទឹកប្រាក់ នៅក្នុងទូរស័ព្ទដៃ របស់អ្នកនឹងត្រូវ បានកាត់ភ្លាមៗ ចាប់ពី ១៥ដុល្លារ រហូតដល់ ៣០ដុល្លារ តែម្តង ហើយម្យ៉ាងវិញទៀត លេខទំនាក់ទំនង ក្នុងទូរស័ព្ទ រួមទាំង ទិន្នន័យ គណនេយ្យធនាគារ របស់អ្នក ដែលភ្ជាប់ចូលក្នុង ទូរស័ព្ទនោះ ក៏ត្រូវបាន គេលួចផងដែរ។

តែយ៉ាងណាមិញ ផ្អែកតាមប្រភពព័ត៌មានមួយ បានបង្ហាញឲ្យដឹងថា លេខទូរស័ព្ទដែល មានក្បាលលេខ +375 នោះគឺជា លេខកូដប្រទេស បេឡារុស និង អាហ្វហ្គានីស្ថាន រីឯក្បាលលេខ +371 នោះគឺជា លេខកូដ ប្រទេស ឡេតូនី រីឯការព្រមាន ដែលថាអាច មានការកាត់លុយ និងត្រូវបានក្រុម Hacker លួចយកព័ត៌មាន សំខាន់ៗនានា ដែលមាននៅ ក្នុងទូរស័ព្ទដៃ របស់យើង នោះគឺជារឿង «មិនពិតនោះទេ»។


រូបភាព លេខចម្លែក ដែលជាប់ក្នុង Missed Call

ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅពេលដែល អ្នកធ្វើការ ហៅទូរស័ព្ទ ទៅកាន់លេខ ទាំងនោះវិញ នោះថ្លៃចំណាយ គឺគិតដូចជា ការហៅទូរស័ព្ទ ទៅក្រៅប្រទេស តែប៉ុណ្ណោះ ហើយថ្លៃចំណាយ ទាំងនោះនឹង អាចធ្លាក់ទៅដល់ ដៃជនទុច្ចរិត ដែលបង្កើត នូវលេខទូរស័ព្ទ បោកប្រាសទាំងនោះ។ រីឯការយល់ថា ប្រសិនណាបើអ្នកហៅទូរស័ព្ទ ទៅវិញនឹងត្រូវចំណាយ អស់ចាប់ពី ១៥ដុល្លារ ឡើងនោះ គឺជាការយល់ច្រឡំ ឬក៏បកប្រែខុសប៉ុណ្ណោះ ព្រោះរបាយការណ៍ បរទេសមួយចំនួន បានបង្ហាញថា ការហៅទូរស័ព្ទនោះ នឹងត្រូវគិតថ្លៃ ១៥ រូពី (លុយរបស់ ឥណ្ឌា) ស្មើនឹង ២៦សេន ប៉ុណ្ណោះ។

លើសពីនេះទៀត ចំពោះលេខទំនាក់ទំនង ក្នុងទូរស័ព្ទ ក៏ដូចជា ទិន្នន័យ គណនេយ្យធនាគារ ដែលស្ថិតនៅ ក្នុងទូរស័ព្ទដៃអ្នក ហើយអាចត្រូវ ក្រុម Hacker លួចបាននៅពេល ដែលអ្នកហៅ ទូរស័ព្ទទៅកាន់ លេខទាំងនោះវិញ ក៏មិនមែនជា រឿងពិតផងដែរ ព្រោះថាពួក Hacker ត្រូវចំណាយ ពេលច្រើន និងវិធីជាច្រើន ដើម្បីអាចចូលក្នុង ទូរស័ព្ទរបស់អ្នក ដើម្បីលួចយក ព័ត៌មានសំខាន់នានា មិនមែនគ្រាន់តែ តាមរយៈការហៅទូរស័ព្ទ នេះពួកគេ អាចលួចបាននោះទេ។

ថ្វីបើមាន ការបកស្រាយ បែបនេះយ៉ាងណាក៏ដោយ តែយល់ល្អ នៅពេលណាដែល ប្រិយមិត្តទទួលបាន សារឬក៏ Missed call ពីលេខចម្លែក ទាំងនោះ គួរតែកុំធ្វើការ ហៅទូរស័ព្ទ ត្រឡប់ទៅវិញ ដោយគ្រាន់តែ លុបលេខទាំងនោះចោល គឺជាការស្រេច៕


មិនគួរហៅ ទូរស័ព្ទទៅ រកលេខទូរស័ព្ទ ដែលមានក្បាលលេខ ចម្លែកៗដូចជា +375 ឬក៏ +371 ទាំងនោះទេ

ប្រភព៖ Hoax-Slayer

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]