ចិន៖ ថនិកសត្វដ៏កម្រ មួយប្រភេទ ដែលគេឲ្យឈ្មោះថា Ili pika ត្រូវបានគេប្រទះឃើញ ជាលើកដំបូង ក្រោយពីបាត់ដានជាង ២០ឆ្នាំ កន្លងមក។ សត្វ នេះមានប្រវែងខ្លួន ២០ សង់ទីម៉ែត្រ ដោយវាស់ ចាប់ពីច្រមុះ រហូតដល់កន្ទុយ។ Ili pika ជាសត្វស្ថិតក្នុងអំបូរ សត្វទន្សាយ ដោយគេឲ្យឈ្មោះហៅក្រៅ វាថា ទន្សាយវេទមន្ត (magic rabbit) វាជាសត្វកម្រមែនទែន រហូតមានមនុស្សជាច្រើន មិនដែលធ្លាប់ដឹង និងស្គាល់ពីមុនមក។


Ili pika ជាសត្វដែលគេចាត់ទុកថាគួរឲ្យស្រលាញ់បំផុតក្នុងលោក

គេជឿថា សត្វប្រភេទនេះ នៅសល់តែជាង ១០០០ ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងជំរកធម្មជាតិ របស់ពួកវា ដែលស្ថិតនៅភ្នំ Tianshan នៃតំបន់ Xinjiang ភាគពាយព្យប្រទេសចិន។ Ili pika បានក្លាយជា សត្វមួយ ដែលកំពុងរងគ្រោះ ពីការផុតពូជលើភពផែនដី ខណ:វាក៏ជាសត្វ មួយប្រភេទដែល គេចាត់ទុកថា ជាសត្វគួរឲ្យស្រលាញ់ជាង សត្វខ្លាឃ្មុំផេនដាទៅទៀត។

Ili pika បានរកឃើញលើកដំបូងក្នុងឆ្នាំ ១៩៨៣ ដោយអ្នកអភិរក្សម្នាក់ឈ្មោះ Li Weidong។ អ្នកអភិរក្សរូបនោះបានដាក់ឈ្មោះវាថា Ili pika ដោយពាក្យ Ili នេះគឺជាឈ្មោះស្រុក កំណើតរបស់គាត់។ កាលណោះលោក Li ធ្វើការប៉ាន់ស្មានថាចំនួន សត្វ Ili pika ឬទន្សាយវេទមន្ត មានប្រមាណ ២៩០០ ក្បាល ដែលរស់នៅតាម តំបន់ជួរភ្នំរបស់ប្រទេសចិន។

យ៉ាងណាមិញ កាលពីខែកក្កដា ឆ្នាំមុនអភិរក្សដដែលបានត្រលប់ទៅតំបន់នោះ ម្តងទៀតហើយ បានផ្តិតយករូបភាព ពួកគេជាលើកដំបូង រាប់ចាប់តាំងពីទសវត្សឆ្នាំ ៩០មក។ គាត់ជឿជាក់ថា ផលប៉ះពាល់នៃការកើនកំដៅភពផែនដី និងជំងឺ ជាមូលហេតុធ្វើឲ្យ សត្វ Ili pika ថយចុះជាង ៧០ ភាគរយ បើធៀបនឹងពេលដែល រកឃើញវាដំបូង ដោយបច្ចុប្បន្នពួកវានៅសល់តិចជាង ១០០០ ក្បាលប៉ុណ្ណោះ។ ដោយសារ តែគ្មានអង្គការ ឬក៏ក្រុមស្រាវជ្រាវណាមួយសិក្សា និងការពារថនិក សត្វកម្រនេះ។ លោក Li ក៏កំពុង មានការព្រួយបារម្ភពី ការផុតពូជរបស់ពួកវានាថ្ងៃអនាគត ផងដែរ៕


សត្វប្រភេទនេះនៅសល់តែជាង ១០០០ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងជំរកធម្មជាតិ របស់ពួកវា


គ្មានអង្គការ ឬក៏ក្រុមស្រាវជ្រាវណាមួយសិក្សា និងការពារថនិក សត្វកម្រនេះទេ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]