ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏ មានសិស្សសាលាបឋម សិក្សាពង្រ ចំនួន៤នាក់ បានរងរបួសជាទម្ងន់ ដោយសារពួកគេ បានរើសគ្រាប់ មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ គ្រាប់តេឡង់ ទៅវាយលេង បណ្តាលឲ្យផ្ទុះឡើង កក្រើកវាលស្រែក្បែរ អតីតបន្ទាយទាហាន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ រីឯកុមារារងគ្រោះទាំង៤នាក់ ត្រូវបានក្រុមគ្រួសារយក ទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។   
           
ហេតុការណ៍នេះបាន កើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី២៤ មីនា ២០១៥ ស្ថិតនៅក្នុងភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងមានចំងាយ ប្រមាណ១៥០ម៉ែត្រ ពីសាលាបឋមសិក្សាពង្រ ដែលជាកន្លែង ដែលសិស្សរងគ្រោះ កំពុងសិក្សា ។ 
              
លោកវរសេនីយ៍ទោ តូច សាកល អធិការនគរបាលស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី២៥ មីនា នេះថា កុមារារងគ្រោះទាំង៤ ដែលរងរបួសធ្ងន់ មានទី១ ឈ្មោះជា ចិត្ត អាយុ ១៣ឆ្នាំ រស់នៅភូមិពង្រ ទី២ ឈ្មោះហេង ស៊ាងហៃ អាយុ១២ឆ្នាំ មាន ទីលំនៅភូមិពពេល ទី៣ ឈ្មោះដា វុធ អាយុ១០ឆ្នាំ មានទីលំនៅភូមិពង្រ១ និងទី៤ ឈ្មោះហ៊ុន រឿន អាយុ១២ឆ្នាំ មានទីលំនៅភូមិ ពពេល ឃុំពង្រក្រោម ស្រុកជីក្រែង ។ ក្មេងរងគ្រោះរៀនជុំគ្នា នៅសាលាបឋមសិក្សាពង្រ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកបន្តថា គ្រោះថា្នក់ផ្ទុះគ្រាប់នេះគឺនៅពេលដែលគ្រូ ឲ្យសិស្សចេញលេង ហើយក្មេងទាំង៤ បានធ្វើដំណើរទៅលេង ក្រោយផ្ទះប្រជា ជនឈ្មោះ ឆឹង កន ដែលមានចំងាយ ខាងជើងសាលាពង្រប្រមាណ ១៥០ម៉ែត្រ ហើយក្មេងប្រុសឈ្មោះ ដា វុធ ក៏បានឃើញគ្រាប់ តេឡង់ ចាស់មួយគ្រាប់ ហើយក៏យកមកឲ្យ កុមារឈ្មោះជា ចិត្ត ទុកលក់ឲ្យអ្នក ទិញអេតចាយ ។ បន្ទាប់មកឈ្មោះ ជា ចិត្ត ក៏បានយកដំបង មួយកំណាត់មកដំ ទើបបណ្តាលឲ្យគ្រាប់ តេឡង់នោះផ្ទុះឡើង ហើយកុមារទាំង៤ ដែលឈរក្បែរនោះ រងរបួសធ្ងន់ទាំងអស់គ្នា ។ ក្រោយពីការផ្ទុះគ្រាប់ អ្នកស្រុកក៏បានរត់ទៅ កាន់កន្លែងកើតហេតុ ក៏ឃើញកុមារាទាំង៤នាក់ រងរបួសដេករណូករណែល ក៏នាំគ្នាដឹកមកកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]