គ្រាប់ផ្កាឈូករ័ត្ន ជាគ្រាប់ធញ្ញជាតិមួយ ដែលមនុស្សជាច្រើន ចូលចិត្តយកមកទទួលទាន។ ប៉ុន្តែតើអ្នកដឹងទេថា គ្រាប់ផ្កាឈូករ័ត្ន មានអត្ថ ប្រយោជន៍ យ៉ាងច្រើនលើសលុប ចំពោះសុខភាព របស់អ្នក។ ចង់ដឹងថា គ្រាប់ផ្កាឈូករ័ត្ន មានប្រយោជន៍យ៉ាងណា តោះតាមដានអានទាំងអស់ គ្នា៖

១) ប្រឆាំងនឹងការរលាករោល៖ គ្រាប់ផ្កាឈូករ័ត្ន បានផ្ទុកនូវវីតាមីនE ដែលជួយការពារ នឹងជម្ងឺហឺត ជម្ងឺរលាកសន្លាក់ និងខះទឹកសន្លាក់ ជាដើម។

២) សុខភាពស្បែក៖ វីតាមីន E ក៏ជួយការពារស្បែក ពីកាំរស្មីអ៊ុលត្រា របស់ព្រះអាទិត្យ និងជួយឲ្យស្បែក របស់អ្នក ភ្លឺថ្លាផងដែរ។  ដូច្នេះហើយ អ្នកគួរតែបន្ថែម គ្រាប់ផ្កាឈូករ័ត្ន ប្រមាណ១ស្លាបព្រាបាយ ក្នុងរបបអាហារ ជាប្រចាំថ្ងៃ ដើម្បីទទួលបាន នូវជាតិវីតាមីន E ពីគ្រាប់ផ្កាឈូករ័ត្ន។

៣) ប្រឆាំងនឹងរោគមហារីក៖ គ្រាប់ផ្កាឈូករ័ត្ន បានផ្ទុកនូវសារធាតុ Selenium ដែលតាមការ សិក្សា ស្រាវជ្រាវ កន្លងមក បានឲ្យដឹងថា សារធាតុ Selenium នេះ អាចជួសជុល កោសិកា ដែលត្រូវបាន បំផ្លាញ និងជួួយទប់ស្តាត់ការលូតលាស់ នៃកោសិកាមហារីកផងដែរ។ ជាពិសេស ទៀតនោះ គ្រាប់ផ្កាឈូករ័ត្ន ក៏មានតួនាទី ក្នុងការកាត់បន្ថយ នៃការកើតជម្ងឺមហារីកក្រពេញប្រូស្តាត មហារីកប្លោកនោម និងមហារីកពោះវៀន ជាដើម។

៤) សុខភាពឆ្អឹង៖ គ្រាប់ផ្កាឈូករ័ត្ន សម្បូរទៅដោយ សារធាតុម៉ាញ៉េស្យូម និងកាល់ស្យូម ដែលជំនួយទៅ ដល់ឆ្អឹងរបស់អ្នក។ បន្ថែមពីនេះ ទៅទៀត ជាតិទង់ដែង ដែលមានក្នុងគ្រាប់ផ្កាឈូករ័ត្ននោះ ក៏មានតួនាទីដ៏សំខាន់ផងដែរ ក្នុងការជួយឲ្យឆ្អឹង និងសន្លាក់ បត់បែនបានល្អ។ ជាពិសេសទៀតនោះ ជាតិវីតាមីនE អាចជួយបន្ថូរបន្ថយ នៃការឈឺចាប់សន្លាក់បាន។

៥) ការពារជម្ងឺបេះដូង៖ ដោយសារតែគ្រាប់ផ្កាឈូក ផ្ទុកវីតាមីនE  វាបានជួយការពារ ជម្ងឺដែលទាក់ទង នឹងសរសៃឈាម និងបេះដូង  ការពារ បញ្ហាគាំងបេះដូង និងដាច់សរសៃឈាម ក្នុងខួរក្បាលផងដែរ។

ទាំងនេះជាអត្ថប្រយោជន៍ របស់គ្រាប់ផ្កាឈូករ័ត្ន មានចំពោះសុខភាព៕



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]