ស្រីលង្កា ៖ នេះជាដំណឹងល្អមួយ សំរាប់អ្នកដែល មិនចង់ឡើងទម្ងន់ ដោយសារការពិសាបាយ ដែលមានកាឡូរីខ្ពស់ ដោយពេលនេះ អ្នក វិទ្យាសាស្ត្រ បានរកឃើញ វិធីដ៏ល្អមួយ ដើម្បីកាត់បន្ថយជាតិ កាឡូរីពី ៥០ដល់ ៦០ភាគរយ នៅក្នុងបាយ តាមវិធីចម្អិនបាយងាយៗ ដោយគ្រាន់តែ ដាំបាយជាមួយ ប្រេងដូង និងដាក់បាយដែលដាំឆ្អិន ចូលក្នុងទូរទឹកកក ១២ ម៉ោង មុននឹងយកមកកំដៅ ដើម្បីពិសា ។

ការរកឃើញនេះ បានធ្វើឡើងដោយ ក្រុមអ្នកស្រាវជ្រាវ ក្នុងប្រទេសស្រីលង្ការ ដែលបានធ្វើការពិសោធន៍ អង្ករ ៣៨ប្រភេទ ដែលមានក្នុង ប្រទេស នេះ ហើយពួកគេបានលើកឡើងថា វិធីសាស្ត្រដាំបាយដោយបន្ថែមប្រេងដូង អាចធ្វើឲ្យបាយ កើនឡើងនូវកំរិតម្សៅរឹងបាន ដែលកំរិតម្សៅនឹងមិនធ្វើឲ្យ អ្នកពិសាឡើងទម្ងន់ ព្រោះតែជាតិកាឡូរី មានកំរិតទាបជាងមុន។

ក្រុមអ្នកស្រាវជ្រាវនេះ បានបង្ហាញវិធីដាំបាយ ដើម្បីអាចកាត់បន្ថយកំរិតកាឡូរី តាមរបៀបដូចនេះ ៖ ដំបូង ពួកគេដាក់ប្រេងដូងមួយ ស្លាបព្រា កាហ្វេ ចូលក្នុងឆ្នាំងទឹកកំពុងតែពុះ ហើយយកអង្ករដែលលាងស្អាត ១០៥ក្រាម ដាក់ចូលក្នុងឆ្នាំង និងដាំបាយរហូតដល់បាយឆ្អិន។ បន្ទាប់មក ពួកគេ ក៏ ដាក់បាយដាំឆ្អិន ទុកក្នុងទូរទឹកកក រហូតដល់ ១២ម៉ោង។

ក្នុងនោះលោកសាស្ត្រាចារ្យ  Sudhair James មកពីមហាវិទ្យាល័យ គីមីសាស្ត្រ ដែលបានដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ក្រុម របស់គាត់ ធ្វើការស្រាវជ្រាវនេះ ដើម្បីស្វែងរកវិធីសាស្ត្រ កាត់បន្ថយភាពធាត់ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្រុមគាត់រកឃើញថា បាយជាមូលហេតុចំបង។ គាត់បន្ថែមថា  វិធីសាស្រ្តដាំបាយខាងលើនេះ បានរកឃើញថា អាចនឹងកាត់បន្ថយ កំរិតកាឡូរីពី ៥០ ទៅ ៦០ភាគរយបាន។ សាស្រ្តាចារ្យរូបនេះ បន្ថែមថា មូលហេតុដែល ដាក់ប្រេងដូង ពេលដាំបាយ ពីព្រោះ ប្រេងដូង នឹងជួយឲ្យជាតិម្សៅក្នុងអង្ករ ក្លាយជារឹង ហើយពេលដែលយើងពិសាបាយ រាងកាយរបស់យើងនឹងទទួលបាន កំរិតកាឡូរីទាបពី ក្នុងបាយ។

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះ ត្រូវបានលើកយកទៅ បង្ហាញក្នុង កិច្ចប្រជុំថ្នាក់ជាតិ ក្នុងប្រទេសស្រីលង្កា និងពិព័រណ៌សមាគមន៍ គីមីសាស្ត្រ អាមេរិក ជាសមាគមន៍វិទ្យាសាស្ត្រ ធំជាងគេលើពិភពលោក ៕



រូបភាព ៖ បាយ និង ប្រេងដូង

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]