អាមេរិក៖ បច្ចេកវិទ្យា ក្នុងសម័យនេះ កំពុងតែ វិវត្តន៍ខ្លួនទៅ មុខយ៉ាងរហ័ស និងបានបង្កើត ឡើងមកនូវ ឧបករណ៍ថ្មីៗ ប្លែកៗដែល មានប្រយោជន៍ ក្នុងការជួយ ការងារ និងការរស់នៅ ប្រចាំថ្ងៃ របស់មនុស្ស ជាច្រើនបែប ហើយនាពេលថ្មីៗនេះ មានឧបករណ៍ មួយប្រភេទ ដែលអាចឲ្យ មនុស្សធ្វើការ បិទឬបើក ភ្លើងនៅក្នុងផ្ទះ របស់ពួកគេបាន តាមរយៈទូរស័ព្ទដៃ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ឧបករណ៍ដ៏ ថ្មីប្លែកនេះ មានឈ្មោះថា Switchmate ច្នៃឡើងដោយ ក្រុមវិស្វករនៅ ឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលវាមាន សមត្ថភាពពិសេស សម្រាប់ឲ្យមនុស្ស ធ្វើការបិទ ឬបើកភ្លើង នៅក្នុងគេហដ្ឋាន របស់ពួកគេ តាមរយៈការ បញ្ជាតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ ត្រូវដើរទៅចុច ឬប៉ះនៅត្រង់ កុងតាក់ភ្លើង ដោយផ្ទាល់ នោះឡើយ។

ក្រុមវិស្វករ ដែលបង្កើត Switchmate នេះឡើងបាន បញ្ជាក់ថា ឧបករណ៍មួយនេះ បានផ្តល់នូវ សារៈប្រយោជន៍ ជាច្រើនដល់មនុស្ស ហើយយើងអាច ប្រើប្រាស់ និងដាក់ភ្ជាប់វា ជាមួយនឹង ចរន្តភ្លើង របស់យើង ដោយមិនចាំបាច់ ធ្វើការដាក់ ឬតខ្សែភ្លើង សាជាថ្មីឡើយ។ លើសពីនេះទៀត Switchmate អាចគ្រប់គ្រងបាន ដោយគ្រាន់តែ ប្រើប្រាស់កម្មវិធី នៅលើទូរស័ព្ទដៃ ដើម្បីបញ្ជា កុងតាក់នៅខាងក្នុង ឧបករណ៍នោះ ក្នុងការបិទ ឬបើកភ្លើង តាមរយៈ Bluetooth។


រូបរាងនៃ ឧបករណ៍បច្ចេកវិទ្យា Switchmate

លោក Daniel Peng អ្នកចូលរួម បង្កើតឧបករណ៍ មួយនេះបាន និយាយថា “ការប្រើប្រាស់ Switchmate គឺមានឡើង តាមរយៈការភ្ជាប់ ឧបករណ៍នេះ ពីខាងក្រៅនៃ កុងតាក់ភ្លើង ដោយប្រើប្រាស់ មេដែកនៅខាងក្នុង ហើយវាក៏មាន ប៊ូតុងសម្រាប់ ចុចបិទឬ បើកភ្លើងផងដែរ ដើម្បីបង្ការ នៅពេលណា ដែលទូរស័ព្ទដៃ របស់អ្នក អស់ថ្មឬក៏ មិនអាចធ្វើការ បញ្ជាទៅលើ ឧបករណ៍នោះបាន ដូច្នេះអ្នកនៅតែ អាចបិទឬបើកភ្លើង តាមចិត្តដែល អ្នកចង់បាន ដដែល”។

លើសពីនេះទៀត អ្នកក៏អាច ធ្វើការកំណត់ ពេលវេលា ក្នុងការបិទ ឬបើកភ្លើង ក្នុងផ្ទះរបស់ អ្នកបានផងដែរ មានន័យថា អ្នកអាចកំណត់ ម៉ោងណាដែល ភ្លើងត្រូវបើក ហើយម៉ោងណា ដែលភ្លើងត្រូវបិទ។ រីឯថាមពលថ្ម របស់ឧបករណ៍ មួយនេះ អាចប្រើប្រាស់ បានចាប់ពី ៨ ដល់១២ខែ។

ចំពោះតម្លៃវិញ គឺត្រូវបាន គេដឹងថា អាចមានតម្លៃ ៤៩ដុល្លារ សម្រាប់ការ កុម្ម៉ង់ទិញមុន ក៏ប៉ុន្តែពេលនេះ Switchmate អាចរកទិញបាន តែនៅក្នុងប្រទេស កាណាដា និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ សម្រាប់ប្រទេស ដទៃទៀតនឹងមាន នៅពេលឆាប់ៗ ខាងមុខនេះ៕


Switchmate នៅពេលដែល ដាក់ភ្ជាប់ជាមួយ នឹងភ្លើងនៅ ក្នុងគេហដ្ឋាន

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]